“សរសេរខ្មែរប្រើពេលយូរ ហើយណាមួយចូលចិត្តសរសេរចឹងផង (អក្សរអង់គ្លេសប្រកបខ្មែរ)”។ នេះជាការលើកឡើងរបស់ លោក ម៉ែន នីដែន
បុគ្គលិកធ្វើការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនៅភ្នំពេញ។ មិនខុសពីលោក នីដែន យុវជន ចាន់ រីមនិស្សិតផ្នែកមេកានិចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានបន្ថែមថា ការសរសេរដូចជា Chat ទំនាក់ទំនងគ្នាតាមអក្សរអង់គ្លេសប្រកបខ្មែរនោះ គឺមានភាពងាយស្រួលនិងលឿន ហើយសម្រាប់យុវជនចាន់ រីមផ្ទាល់និយាយថា រូបគេចូលចិត្តសរសេរបែបនោះជាពិសេសការសរសេរបង្ហោះលើ Facebook។
ងាកទៅស្ដាប់យុវជន លាវ លាងហៃ និស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូងបានឲ្យដឹងថា រាល់ពេលប្រើប្រាស់បណ្ដាញសង្គម Facebook ក្នុងការសរសេរបង្ហោះឬ Chat ទាក់ទងមិត្តភ័ក្ដិ រូបគេតែងប្រើប្រាស់ពីរភាសា គឺសរសេរជាអក្សរខ្មែរ និងសរសេរជាភាសាអង់គ្លេសតែម្ដង។ និស្សិតឆ្នាំទី៣រូបនេះថា៖ “…ចូលចិត្តសរសេរជាភាសាអង់គ្លេសតែម្ដង និងអក្សរខ្មែរ។ និយាយទៅប្រើភាសាលាយគ្នា ជួនកាលខ្មែរ ជួនកាលអង់គ្លេស។ ពេលខ្លះចូលចិត្តសរសេរជាអង់គ្លេសជាង ព្រោះបច្ចុប្បន្នគួរតែយល់ដឹងពី ភាសាអន្តរជាតិ គេប្រើវាទូទៅ ហើយដើម្បី Improve ខ្លួនឯងបន្ថែមផង តែភាសាជាតិក៏មិនចោលដែរ”។
សម្រាប់លោក ហេង ភក្តិណាដែលជាសាស្ត្រាចារ្យផ្នែកព័ត៌មានវិទ្យាមួយរូបបានលើកឡើង ថា លោកមានមតិពីរចំពោះការប្រើប្រាស់ពាក្យអង់គ្លេសប្រកបនោះ។ ទី១ គឺលោកគាំទ្រ ដោយវាមានភាពងាយស្រួលជាងសរសេរខ្មែរ ហើយមានភាពលឿនជាង។ ទី២ លោកមានគំនិតមិនគាំទ្រផងដែរ ព្រោះជាខ្មែរ គួរតែនាំគ្នា សរសេរអក្សរជាតិខ្មែរ។
ដោយ ឡែកចំពោះចំណង់ចំណូលរបៀបសរសេររបស់លោកភក្តិណាផ្ទាល់ លោកបាននិយាយថាលោកចូលចិត្តសរសេរទំាងពីររបៀបដោយអាស្រ័យលើ វេលា៖ “…បើថាចូលចិត្តវិញវាអាស្រ័យលើពេលវេលា ព្រោះបើសរសេរប្រកបវាលឿន តែសរសេរអក្សរខ្មែរវាយូរ”៕
ដោយឡែក ផ្ទុយពីការលើកឡើងរបស់យុវជនទាំងពីរខាងលើ កញ្ញា នុត ជឿនសីម៉ា និស្សិតរៀននៅសាលាបច្ចេកទេស ហ្ស៊ី វេ សេម្ដុំជ្រោយចង្វាបានលើកឡើងថា៖ “ខ្ញុំគិតថាគួរសរសេរជាអក្សរខ្មែរតែម្ដងជាការល្អ និយាយរួមយើងនាំគ្នាលើកស្ទួយអក្សរខ្មែរផង”។ យុវតីវ័យ២០ឆ្នាំរូបនេះបានបន្តទៀតថា កញ្ញាចូលចិត្តសរសេរអក្សរខ្មែរ ទោះបីការសរសេរខ្មែរចំណាយពេលយូរបន្តិចប៉ុន្តែងាយស្រួលអាន ចំណែកអក្សរអង់គ្លេសប្រកបខ្មែរ គឺអានហើយពិបាកយល់បន្តិច។ យ៉ាងណាក្ដីកញ្ញាបញ្ជាក់ថាការសរសេរនោះក៏ផ្អែកតាមស្ថានភាព ជាក់ស្ដែងដែរដោយពេលខ្លះត្រូវសរសេរជាភាសាអង់គ្លេស។
ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រភព ៖ sabay
ប្រភព ៖ Khmer-plus
No comments:
Post a Comment