Friday, July 1, 2016

អាមេរិក ជប៉ុន កូរ៉េខាងត្បូង​បើក​សម​យុទ្ធ​មីស៊ីល​ជា​លើក​ដំបូង​នៃ​ប្រវត្តិសាស្ត្រ​ប្រទេស​ទាំង​៣

កូរ៉េខាងត្បូង ជប៉ុន និង​អាមេរិក បាន​ស្រុះស្រួល​បើក​សម​យុទ្ធ​ទ្រង់ទ្រាយ​ធំ​មួយ​ដែល​មិន​ធ្លាប់​មាន នោះ​គឺ​សម​យុទ្ធ​ដោយ​ប្រើ​មីស៊ីល ដោយ​វា​ធ្វើ​ឡើង​នៅ​ក្នុង​ដែន​សមុទ្រ​ក្បែរ​រដ្ឋ​ Hawaii ហើយ​វា​ជា​ឆ្លើយតប​នឹង​ការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដែល​មាន​សភាព​កើន​ឡើង​ឥត​ឈប់ឈរ​ នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ។
សម​យុទ្ធ​លើក​នេះ ត្រូវ​បាន​កូរ៉េខាងជើង​ហៅ​ថា ជា​ការ​បង្ក​រឿង​ផ្នែក​យោធា ដោយ​គេ​បាន​ចាត់​ទុក​ថា ទង្វើ​របស់​អាមេរិក និង​បក្សពួក​គេ​នេះ ជា​អ្វី​ដែល​បង្ខំ​ឲ្យ​កូរ៉េខាងជើង​ធ្វើ​ការ​សាកល្បង​មីស៊ីល​អន្តរទ្វីប និង​ពង្រឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ជា​ច្រើន​ទៀត ។
យោធា​អាមេរិក​បាន​ហៅ​សម​យុទ្ធ​លើក​នេះ​ថា Pacific Dragon ហើយ​វា​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​រវាង​អាមេរិក និង​មហាមិត្ត​អាស៊ី​ទាំង​២​ប្រទេស​នេះ ។ កងកម្លាំង US Third Fleet អាមេរិក​បាន​បញ្ជាក់​ថា សម​យុទ្ធ​លើក​នេះ​គ្មាន​ការ​បាញ់​មីស៊ីល​អ្វី​ទេ ពោល​គឺ​គេ​គ្រាន់​តែ​សាកល្បង​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល​អន្តរទ្វីប Aegis សាកល្បង​ប្រព័ន្ធ​ទំនាក់ទំនង និង​ប្រមូល​យក​ទិន្នន័យ​ផ្សេង​ៗ​ប៉ុណ្ណោះ ។
ប្រព័ន្ធ​ប្រឆាំង​មីស៊ីល​អន្តរទ្វីប Aegis មាន​សមត្ថភាព​បាញ់​ទម្លាក់​មីស៊ីល​អន្តរទ្វីប​ ដែល​ហោះ​នៅ​លើ​អាកាស​បាន មុន​ពេល​ដែល​វា​បង្ក​ជា​គ្រោះ​ថ្នាក់ ឬ​ការ​បំផ្លាញ​ផ្សេងៗ ។ សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​២​គ្រាប់ ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ដោយ​ក្នុង​នោះ​មាន​មួយ​គ្រាប់​ហោះ​បាន​កម្ពស់​១០០០​គីឡូម៉ែត្រ និង​ចម្ងាយ​៤០០​គីឡូម៉ែត្រ ហើយ​គេ​ជឿ​ថា មីស៊ីល​ដែល​បាញ់​នោះ ជា​មីស៊ីល​ចម្ងាយ​មធ្យម Musudan អាច​បាញ់​ដល់​ទាំង​កូរ៉េខាងជើង ជប៉ុន និង​ដែន​កោះ Guam របស់​អាមេរិក នៅ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​លិច ។
គួរ​បញ្ជាក់​ថា US Third Fleet ជា​ផ្នែក​មួយ​នៃ​កងទ័ព​ជើង​ទឹក​អាមេរិក ដោយ​វា​មាន​ចាប់​ពី US Second Fleet ដល់ US Seventh Fleet ហើយ​វា​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ពាសពេញ​ពិភពលោក ដើម្បី​ការពារ​ដែន​សមុទ្រ​តាម​តំបន់​ដែលUS Fleet នីមួយៗ​ទទួល​ខុស​ត្រូវ ដោយ US Third Fleet នេះ មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​ខាង​ផ្នែក​ខាង​កើត និង​ខាង​ជើង​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​មួយ​ផ្នែក​នៃ​តំបន់​ Arctic ៕ 


ផ្ដល់សិទ្ធិដោយ៖KQUBE
ប្រភព៖ knn-news

No comments:

Post a Comment