ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) ថ្លែងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦។ Photo/Alexander Ledet |
សហរដ្ឋអាមេរិក។ ក្នុងសារនោះ លោក វីល្លៀម ហៃដ្ត៍ ក៏បង្ហាញពីការយល់ឃើញរបស់លោកចំពោះដំណើរការប្រជាធិបតេយ្យនៅ កម្ពុជា។
នៅថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខនេះ ពលរដ្ឋអាមេរិកាំង នឹងនាំគ្នាទៅបោះឆ្នោតដើម្បីជ្រើសរើស
ប្រធានាធិបតីថ្មីរបស់ខ្លួន រួមទាំងរើសមន្ត្រីមូលដ្ឋាន មន្ត្រីរដ្ឋ និងមន្ត្រីសហព័ន្ធជាច្រើនពាន់នាក់ផ្សេងទៀត។ ការបោះឆ្នោតនៅឆ្នាំនេះ ត្រូវគេចាត់ទុកថាជាព្រឹត្តិការណ៍ប្រកួតប្រជែងដ៏ក្តៅគគុក
បំផុត មួយនៅក្នុងប្រវត្តិសាស្ត្រ ខណៈដែលបក្ខជនបក្សទាំងពីរមានទស្សនៈខ្លាំងរៀងៗខ្លួន។
បើទោះជាសម្ដីឃោសនា និងមហិច្ឆតានៃការបោះឆ្នោតមានលក្ខណៈបែបណាក្តី គោលការណ៍ស្នូលនៃលទ្ធិប្រជាធិបតេយ្យរបស់យើង នឹងនៅតែដដែល មិនថាភាគីណាមួយនឹងឈ្នះឡើងកាន់អំណាចនោះទេ។ អ្នកឈ្នះ ឈ្នះដោយរីករាយ អ្នកចាញ់ ចាញ់ដោយអស់ចិត្ត ហើយឆន្ទៈរបស់ពលរដ្ឋអាមេរិក នឹងត្រូវគោរព ដូចដែលយើងបានធ្វើជាង ២០០ឆ្នាំមកហើយ។ ក្រោយពេលបោះឆ្នោតរួច ទាំងបេក្ខជន ទាំងបក្សនយោបាយ ទុកការបោះឆ្នោតនៅម្ខាង អ្នកឈ្នះនឹងត្រូវឡើងដឹកនាំប្រទេស ខណៈអ្នកចាញ់នឹងត្រៀមខ្លួនសម្រាប់ប្រជែងក្នុងការបោះឆ្នោតក្នុង ពេលខាងមុខទៀត។
លក្ខណៈប្រជាធិបតេយ្យមិនដូចគ្នាទាំងអស់នោះទេ។ អ្វីដែលដំណើរការនៅសហរដ្ឋអាមេរិក មិនប្រាកដថាអាចដំណើរការនៅកម្ពុជា បាននោះទេ។ ប៉ុន្តែបើទោះជាប្រជាធិបតេយ្យនោះមានលក្ខណៈបែបណាក្តី កម្លាំងនយោបាយទាំងអស់ត្រូវទទួលយកនូវគោលការណ៍គ្រឹះដែលថាគូ បដិបក្ខរបស់ពួកគេមានសិទ្ធិស្របច្បាប់ ក្នុងការចូលរួមតស៊ូមតិក្នុងរឿងនយោបាយ។ អ្នកនយោបាយមកពីគ្រប់ភាគីទាំងអស់ អាចមានមតិផ្ទុយគ្នាលើបញ្ហានានា ឬអាចមិនចូលចិត្តគ្នាក៏ថាបាន ក៏ប៉ុន្តែពួកគេត្រូវទទួលយកការពិតថា គូបដិបក្ខរបស់ខ្លួនមានសិទ្ធិតស៊ូមតិដើម្បីការពារផលប្រយោជន៍របស់ ពួកគេ ហើយដែលភាគីម្ខាងទៀតត្រូវគោរព។
ខ្ញុំមានឱកាសបានស្គាល់ថ្នាក់ដឹកនាំរដ្ឋាភិបាល និងមន្ត្រីបក្សប្រឆាំងជាច្រើនតាំងពីខ្ញុំបានវិលត្រឡប់មកកម្ពុជា កាលពី ៩ខែមុន។ ជារួម ពួកគេជាមនុស្សល្អ ស្នេហាជាតិ ហើយកំពុងខិតខំធ្វើការងារសម្រាប់ភាពល្អប្រសើររបស់កម្ពុជា។ ប៉ុន្តែគ្មានភាគីណាមួយហាក់ទទួលយកភាពស្របច្បាប់របស់ភាគីមួយ ផ្សេងទៀតនោះទេ។ ជាងមួយឆ្នាំក្រោយការប្រកាសនូវវប្បធម៌សន្ទនារបស់បក្សទាំងពីរ ខ្ញុំឃើញមានការសន្ទនាក្នុងលក្ខណៈគោរពគ្នា ឬផ្អែមល្ហែមដាក់គ្នាបានកើតឡើងតិចតួចណាស់។ នៅពេលនិយាយដល់ការទទួលស្គាល់សិទ្ធិរបស់គូបដិបក្ខ ក្នុងការតស៊ូមតិដើម្បីការពារផលប្រយោជន៍ខ្លួន ដែលជាគ្រឹះនៃការផ្សះផ្សានោះ ខ្ញុំមើលឃើញថា វាមានការរីកចម្រើនតិចតួចណាស់របស់ភាគីទាំងពីរ តាំងពីខ្ញុំមកបំពេញបេសកកម្មនៅកម្ពុជា ក្នុងអំឡុងចុងទសវត្សរ៍១៩៩០។
ប្រសិនបើចង់ឲ្យប្រជាធិបតេយ្យនៅកម្ពុជា រឹងមាំដូចដែលពលរដ្ឋខ្មែរចង់បានមែននោះ អ្នកនយោបាយមកពីគ្រប់ភាគីទាំងអស់ ចាំបាច់ត្រូវបែងចែកឲ្យដាច់ស្រឡះរវាងការងារ នយោបាយ និងបញ្ហាផ្ទាល់ខ្លួន។ ពួកគេចាំបាច់ត្រូវយល់ថា ភាគីទាំងពីរអាចមានទស្សនៈផ្ទុយគ្នាអំពីទិសដៅរបស់ប្រទេសជាតិដែល ត្រូវដើរ តែក្នុងពេលជាមួយគ្នានោះ ពួកគេចែករំលែកដូចគ្នានូវសេចក្តីស្រឡាញ់ចំពោះប្រទេសជាតិ ចំពោះពលរដ្ឋ និងស្ថាប័នរបស់ខ្លួន។ ជារួម ពួកគេត្រូវទទួលស្គាល់ចំណុចល្អរបស់គ្នាទៅវិញទៅមក។
វាមានភាពខុសគ្នារវាងការមិនយល់ស្របគ្នាជាមួយគូបដិបក្ខ និងការចាត់ទុកគូបដិបក្ខថាជាសត្រូវ។ អ្នកនយោបាយនៅសហរដ្ឋអាមេរិក តែងមានទស្សនៈ ឬការយល់ឃើញផ្ទុយស្រឡះពីគ្នាសឹងគ្រប់រឿងទាំងអស់ ប៉ុន្តែអ្នកនយោបាយ និងបុរសរដ្ឋរបស់យើង គោរពសិទ្ធិគូបដិបក្ខរបស់ពួកគេ ក្នុងការទាមទារផលប្រយោជន៍ និងប្រកួតប្រជែងនៅក្នុងការបោះឆ្នោត។ ពួកគេដឹងថា ការហៅគ្នាថាជាជនក្បត់ជាតិ ឬការប្រជែងគ្នាដើម្បីបង្ហាញថាអ្នកនេះស្នេហាជាតិ ឬអ្នកនោះក្បត់ជាតិ នឹងធ្វើឲ្យបាត់តម្លៃនយោបាយប្រទេសរបស់យើង។
ប៉ុន្តែនេះក៏មិនមែនមានន័យថា វាសុទ្ធតែអ៊ីចឹងទាំងអស់នោះទេពីដើមមក។ នៅគ្រាដំបូងនៃប្រវត្តិសាស្ត្ររបស់យើង អ្នកនយោបាយយើងក៏តែងវាយប្រហារគ្នាទៅវិញទៅមក ហើយវាត្រូវចំណាយពេលអស់ជាច្រើនឆ្នាំ ទើបអ្នកនយោបាយយើងដឹងថា ការវាយប្រហារគ្នា ការមិនយល់គ្នា គឺគ្មានប្រយោជន៍ឡើយសម្រាប់ភាគីនីមួយៗ និងសម្រាប់ប្រទេសជាតិ។
នៅពេលខ្ញុំមកដល់កម្ពុជា ក្នុងនាមជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីខែកញ្ញា មក ខ្ញុំភ្ញាក់ផ្អើលចំពោះការរីកចម្រើនដែលកម្ពុជា សម្រេចបានតាំងពីទសវត្សរ៍១៩៩០។ សេដ្ឋកិច្ចរីកលូតលាស់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពលរដ្ឋមានសុខភាពប្រសើរជាងមុន មានការអប់រំជាងមុន និងមានសង្គមស៊ីវិលធ្វើការងារខ្លាំងក្លាជាងមុន។ ចំណែកយុវជនកម្ពុជា វិញ ពួកគេមានសុទិដ្ឋិនិយម និងមោទនភាពចំពោះប្រទេសរបស់ខ្លួន និងត្រៀមខ្លួនជាស្រេចដើម្បីចូលរួមនាំមកនូវភាពរីកចម្រើនសម្រាប់ អនាគតកម្ពុជា។ កម្ពុជា បានឆ្លងកាត់ការលំបាកអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែអសមត្ថភាពរបស់ថ្នាក់ដឹកនាំនយោបាយរបស់កម្ពុជា ក្នុងការធ្វើការងារជាមួយគ្នាដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ ប្រទេសជាតិ បន្តធ្វើឲ្យប្រទេសនេះមិនអាចឈានទៅដល់សម្រេចបាននូវសក្ដានុពល ពេញលេញរបស់ខ្លួន។
នៅថ្ងៃទី៤ កក្កដា យើងនឹងប្រារព្ធខួប ២៤០ឆ្នាំបុណ្យឯករាជ្យជាតិសហរដ្ឋអាមេរិក។ ប្រទេសជាតិយើងបានឆ្លងកាត់ការឡើងចុះជាបន្តបន្ទាប់ ប៉ុន្តែពីរយៈពេលមួយទៅរយៈពេលមួយ លទ្ធិប្រជាធិបតេយ្យរបស់យើងមិនត្រឹមតែរស់រានមានជីវិតប៉ុណ្ណោះទេ តែថែមទាំងរីកលូតលាស់ទៀតផង។ ការងាររបស់ប្រជាធិបតេយ្យ នឹងមិនមានថ្ងៃបញ្ចប់ឡើយ តែយើងកំពុងតែធ្វើឲ្យវារីកចម្រើន។ ក្នុងនាមជាមិត្តរបស់កម្ពុជា ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ទាំងរដ្ឋាភិបាល ទាំងបក្សប្រឆាំងរបស់កម្ពុជា អាចឈោងរកគ្នាទៅវិញទៅមកក្នុងស្មារតីស្នេហាជាតិ និងការផ្សះផ្សា ដើម្បីធ្វើការងារសម្រាប់ប្រទេសជាតិដូចគ្នា។
ទស្សនៈដែលបានរៀបរាប់ខាងដើម គឺជាទស្សនៈផ្ទាល់របស់លោក វីល្លៀម ហៃដ្ត៍ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។ វាមិនឆ្លុះបញ្ចាំងពីទស្សនៈរបស់វិទ្យុអាស៊ីសេរី ឡើយ៕
2016-07-04 ដោយ យាង សុជាមេត្តា
No comments:
Post a Comment