អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងនៅក្នុងទីស្នាក់ការគណបក្សនាសង្កាត់ចាក់អង្រែលើ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។ RFA/Brach Chev |
នេះជាការព្រមានម្ដងទៀតរបស់តុលាការក្រុងភ្នំពេញ មកលើប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលហាមមិនលោក កឹម សុខា ចាកចេញពីប្រទេសកម្ពុជា។ នៅក្នុងដីការបស់ចៅក្រមស៊ើបសួរដែលក្រុមសមត្ថកិច្ចយកទៅបិទនៅមុខ ផ្ទះលោក កឹម សុខា នៅថ្ងៃទី១៤ ខែកក្កដា ចៅក្រម
ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ថាន់ ឡេង ព្រមានថា ប្រសិនបើលោក កឹម សុខា គេចវេះដោយចេតនាពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការនេះ ចៅក្រមសម្រេចឲ្យឃុំខ្លួនលោក កឹម សុខា បណ្ដោះអាសន្នតាមមាត្រា២៣០ នៃក្រនីតិវិធីព្រហ្មទណ្ឌ។
ចំណែកក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយប្រាប់ទៅតុលាការក្រុងភ្នំពេញ ជាថ្មីម្ដងទៀតថា មាត្រា៨០ នៃរដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ថា តំណាងរាស្ត្ររូបណាក៏ដោយមិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនដោយមិនបានលើកអភ័យឯកសិទ្ធិនោះឡើយ។ ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង ចោទប្រកាន់ថា ដីការបស់តុលាការនៅពេលនេះ គឺជារឿងនយោបាយ។
ទោះយ៉ាងណាក្តី អ្នកនាំពាក្យតុលាការក្រុងភ្នំពេញ លោក លី សុផាណា ឲ្យដឹងថា តុលាការបានអនុវត្តយ៉ាងត្រឹមត្រូវតាមវិធាននីតិវិធី និងមានមូលដ្ឋានគតិយុត្តិគ្រប់គ្រាន់នៅក្នុងចំណាត់ការរឿងក្តី និងការសម្រេចដាក់លោក កឹម សុខា ជាប់កាតព្វកិច្ចស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
កាលពីថ្ងៃទី២៦ ខែឧសភា លោក កឹម សុខា ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ថា បានប្រព្រឹត្តបទល្មើសជាក់ស្ដែងមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីលោកបានបដិសេធមិនចូលខ្លួនទៅបំភ្លឺចំនួន ២លើកក្នុងសំណុំរឿងសញ្ចារកម្ម ពាក់ព័ន្ធនឹងអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។
ដីកាសម្រេចឲ្យលោក កឹម សុខា ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការរបស់ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ លោក ថាន់ ឡេង បានហៅលោក កឹម សុខា ថា ជាជនត្រូវចោទ។
ចៅក្រមដដែលបញ្ជាឲ្យកងកម្លាំងសាធារណៈអនុវត្តខ្លឹមសារនៃដីកា សម្រេចនេះ និងត្រូវរាយការណ៍មកចៅក្រមក្នុងករណីលោក កឹម សុខា ចាកចេញក្រៅដែនដីនៃប្រទេសកម្ពុជា។
គិតចាប់ពីថ្ងៃទី២៦ ខែឧសភា បន្ទាប់ពីក្រុមសមត្ថកិច្ចប៉ុនប៉ងចាប់ខ្លួន លោក កឹម សុខា ប្រធានស្ដីទីគណបក្សប្រឆាំងរូបនេះតែងតែស្នាក់នៅក្នុងទីស្នាក់ការ កណ្ដាលគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
2016-07-14 ដោយ ប្រាជ្ញ ចេវ
No comments:
Post a Comment