អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងនៅក្នុងទីស្នាក់ការគណបក្សនាសង្កាត់ចាក់អង្រែលើ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។RFA/Brach Chev |
កោះជាហូរហែរបស់តុលាការ ដែលលោកហៅថា ជាដីកាខុសច្បាប់នោះថែមទៀតផង។ ដីកាសាលាឧទ្ធរណ៍អោយចូលខ្លួននៅថ្ងៃទី៤ កក្កដា ឆ្នាំ២០១៦ នេះ គឺដីកាកោះលើកទី៣ បន្ទាប់ពីដីកា ២លើករបស់សាលាដំបូងដែលលោក កឹម សុខា បដិសេធ ទាក់ទងនឹងបទចោទរឿងអាស្រូវស្នេហារវាងរូបលោក និងអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ។
ប្រការដែលលោក កឹម សុខា បន្តបដិសេធដីកាកោះ ហើយបន្តពួនសម្ងំនៅក្នុងទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិ ដោយមានឥស្សរជនជាន់ខ្ពស់ ការទូតបរទេសចូលទៅសួរសុខទុក្ខសម្ដែងការគាំទ្រលើកទឹកចិត្តនោះ បណ្ដាលអោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្ដៅក្រហាយ ខឹងសម្បាដល់មន្ត្រីការទូតទាំងនោះទៀតផង។
តើការមិនរត់ចោលស្រុករបស់លោក កឹម សុខា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ឆ្លាតវៃផ្នែកនយោបាយ ឬទេ?
រយៈពេលមួយខែបានកន្លងផុតទៅហើយ ចាប់តាំងពីប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ជ្រើសរើសយកទីស្នាក់ការកណ្ដាលគណបក្ស ដើម្បីការពារខ្លួនពីការតាមចាប់របស់ស្ថាប័នអយ្យការ ដែលលោកហៅថា ជាអំពើខុសច្បាប់។
មន្ត្រីទូតមកសួរសុខទុក្ខលោក កឹម សុខា ដល់ទីស្នាក់ការបក្ស
លោក កឹម សុខា មិនត្រឹមតែមិនរត់គេចទៅក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំងមិនទៅសុំសិទ្ធិជ្រកកោននយោបាយនៅក្នុងស្ថានទូត បរទេសទៀតផង។
បើទោះជាការប្រឈមផ្លូវច្បាប់នៅមានចំពោះលោក កឹម សុខា ក៏ដោយចុះ ក៏គេសង្កេតឃើញថា ភាពចំណេញផ្លូវនយោបាយចំពោះលោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ ប្រហែលជាទទួលបានមិនតិចទេ ក្នុងរយៈពេលជាង ១ខែមកនេះ។
ជម្រើសមិនចាកចេញពីប្រទេស និងមិនគេចខ្លួនទៅពួនសម្ងំនៅក្នុងស្ថានទូតបរទេស ទំនងជាជម្រើសដ៏ល្អបំផុតសម្រាប់ប្រធានស្ដីទីនៃបក្សសង្គ្រោះជាតិ រូបនេះ។ ក្រៅតែពីពលរដ្ឋ និងអ្នកគាំទ្របក្សបន្តបង្ហាញការគាំទ្រដល់លោក កឹម សុខា មន្ត្រីការទូតក្រៅប្រទេស និងឯកអគ្គរដ្ឋទូតបរទេសនៃប្រទេសមហាអំណាចមួយចំនួន បានបណ្ដាក់គ្នាដូចខ្យងចូលមកសួរសុខទុក្ខ សំណេះសំណាលជាមួយប្រធានស្ដីទីបក្សប្រឆាំងរូបនេះ។
ដោយមិនខ្វល់អំពីការចោទប្រកាន់របស់រដ្ឋអំណាចក្រុងភ្នំពេញ ទៅលើលោក កឹម សុខា ថា ជាជនល្មើសច្បាប់ព្រហ្មទណ្ឌនោះ ឥស្សរជនបរទេសជាន់ខ្ពស់ដែលកៀរគរគ្នាទៅជួបលោក កឹម សុខា រួមមានរដ្ឋមន្ត្រីក្រសួងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍របស់ប្រទេសអាល្លឺម៉ង់ លោក លោក ហ្គើត មូលើរ (Gerd Muller) ដឹកនាំប្រតិភូមួយក្រុមទៅជួបអនុប្រធានគណបក្សប្រឆាំងរូបនេះដល់ ទីស្នាក់ការកណ្ដាលរបស់គណបក្សកាលពីថ្ងៃទី១៥ ខែមិថុនា។
បន្តបន្ទាប់មកទៀត មានឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ឯកអគ្គរដ្ឋទូតបារាំង ឯកអគ្គរដ្ឋទូតកាណាដា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ហើយនៅថ្ងៃទី២៩ មិថុនា ថ្មីៗនេះ សូម្បីតែឯកអគ្គរដ្ឋទូតទូតស៊ុយអែត (Sweden) ដែលជិតផុតអាណត្តិ គឺអ្នកស្រី អ្នកស្រី អែនណា ម៉ាច ហ៊ុលហ្កាដ (Anna Maj Hultgard) ក៏បានទៅជួបសួរសុខទុក្ខលោក កឹម សុខា ដែរ។
ប៉ុន្តែកាយវិការនយោបាយការទូតបង្ហាញការគាំទ្ររបស់ប្រទេសទាំង នេះដល់មេបក្សប្រឆាំងកម្ពុជា រូបនេះ ក្លាយជាបន្លាក្នុងកែវភ្នែករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកនាយករដ្ឋមន្ត្រីបានព្រមានមន្ត្រីការទូតទាំងនោះថា កុំធ្វើជាសត្វសេកអោយបក្សប្រឆាំង និងកុំអោយយល់ច្រឡំអំពីសំណុំរឿងលោក កឹម សុខា៖ «»។
ទោះជាយ៉ាងណាក៏ដោយចុះ កាយវិការគាំទ្ររបស់ប្រទេសមហាអំណាចទាំងនេះ មិនត្រឹមតែជាការលើកទឹកចិត្ត ពង្រឹងស្មារតីគណបក្សប្រឆាំងអោយរឹងមាំដើម្បីបន្តការតស៊ូដោយ អហិង្សាទៅមុខទៀតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាប្រាប់ថា គណបក្សសង្គ្រោះជាតិ មិននៅឯកោទេ។ បន្ទាប់ពីមានការរិះគន់ពីនាយករដ្ឋមន្ត្រី មន្ត្រីការទូតដែលទៅសួរសុខទុក្ខលោក កឹម សុខា បកស្រាយថា តួនាទីរបស់ពួកគេ គឺត្រូវមានទំនាក់ទំនងជាមួយគណបក្សណាទាំងអស់ ហើយចង់ឃើញកម្ពុជា មានប្រជាធិបតេយ្យរឹងមាំ ដែលក្នុងនោះវត្តមានរបស់គណបក្សប្រឆាំងពិតប្រាកដមួយ គឺជាភាពចាំបាច់។
ភាពសម្ដែងនូវការគាំទ្ររបស់សហគមន៍អន្តរជាតិដល់លោក កឹម សុខា នៅរយៈពេលចុងក្រោយនេះ ក៏អាចបញ្ជាក់ដែរថា សហគមន៍អ្នកការទូតមិនបានអោយតម្លៃដល់បណ្ដឹងទាំងឡាយប្រឆាំងលោក កឹម សុខា ពីរឿងអាស្រូវស្នេហាដែលរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងប្រើប្រាស់ធនធានរដ្ឋយ៉ាងសម្បើមនោះទេ។ ផ្ទុយទៅវិញ ពួកគេមើលឃើញថា ក្ដីក្ដាំប្ដឹងផ្ដល់ដែលផ្ដើមឡើងដោយលួចថតសំឡេងគេនេះ គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយពីសំណាក់បក្សកាន់អំណាច ដើម្បីកាត់ផ្ដាច់ក្បាលម៉ាស៊ីនដឹកនាំបក្សប្រឆាំងដែលមាន ប្រជាប្រិយភាព។
យុទ្ធសាស្ត្របំបែកបំបាក់របស់មេបក្សកាន់អំណាច
យុទ្ធសាស្ត្របំបែកបំបាក់ដើម្បីគ្រប់គ្រងនេះ មិនមែនជាលើកដំបូងទេ។ គេនៅចាំបានថា នៅខែមិថុនា ឆ្នាំ១៩៩៧ គណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវបានបំបែកចេញជាពីរនៅពេលមន្ត្រីជាន់ខ្ពស់ហ្វ៊ុនស៊ិនប៉ិច មួយចំនួន ដឹកនាំដោយក្រុមលោក អ៊ុង ផន និងលោក ទន់ ចាយ ប្រកាសលែងទទួលស្គាល់ទ្រង់ រណឫទ្ធិ ជាប្រធានបក្ស ហើយដាក់ជំនួសដោយលោក ទន់ ចាយ។
បន្ទាប់មក នៅខែសីហា ឆ្នាំ១៩៩៧ ក្រោយរដ្ឋប្រហារទម្លាក់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពីតំណែងនាយករដ្ឋមន្ត្រីទី១ រដ្ឋសភាបានបោះឆ្នោតជ្រើសរើសមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច មួយរូប គឺលោក អ៊ឹង ហួត ធ្វើជានាយករដ្ឋមន្ត្រី ទី១ ជំនួសសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលពេលនោះកំពុងភៀសព្រះកាយនៅក្រៅប្រទេស។
លោក អ៊ឹង ហួត ដែលជារដ្ឋមន្ត្រីក្រសួងអប់រំពីគណបក្សហ្វ៊ុនស៊ិនប៉ិច នៅពេលនោះ គឺជាមនុស្សដែលលោកនាយករដ្ឋមន្ត្រីទី២ ហ៊ុន សែន ចង់លើកបន្តុប ដើម្បីធ្វើអោយរាជរដ្ឋាភិបាលរបស់លោកក្រោយរដ្ឋប្រហារមានភាពស្រប ច្បាប់។
ទោះជាយ៉ាងណា តំណែងទាំងអស់មិនបានឋិតថេរយូរអង្វែង ហើយគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បំបែកបំបាក់ ខ្ទេចខ្ទីស្ទើរសាបសូន្យ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាសអំពីស្នាដៃរបស់លោកក្នុងការបំបែកបំបាក់គណបក្ស ហ្វ៊ុនស៊ិនប៉ិច ទៅចម្រៀកតូចៗ ធ្វើអោយគណបក្សរាជានិយមមួយនេះរវល់តែពីរឿងឈ្លោះគ្នាឯងគ្មានទី បញ្ចប់៖ «»។
អ្នកស្រាវជ្រាវបញ្ហាសង្គម លោក កែម ឡី មានប្រសាសន៍ថា ទង្វើរបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងការធ្វើបាបគណបក្សដទៃ គឺជះលទ្ធផលអាក្រក់មកលើគណបក្សខ្លួនវិញ។ លោកបញ្ជាក់ថា ប្រសិនបើមានការបោះឆ្នោតជាតិនៅថ្ងៃស្អែក គណបក្សប្រជាជនកម្ពុជា នឹងចាញ់ឆ្នោត។
ប្រហែលដោយសារធ្លាប់ឆ្លងកាត់បទពិសោធន៍ និងឃើញភាពបែកបាក់នៃគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច កន្លងមកនេះហើយ ទើបគណបក្សសង្គ្រោះជាតិ រហូតមកដល់ពេលនេះនៅតែមានការរួបរួមគ្នាយ៉ាងរឹងមាំ ពោលគឺមិនទាន់អាចត្រូវបំបែកបានដូចគណបក្សហ្វ៊ុនស៊ិនប៉ិច បើទោះជាមានការប៉ុនប៉ងបំបែកបំបាក់ដើម្បីគ្រប់គ្រងក្តី។ អ្នកសង្កេតការណ៍មើលឃើញថា នេះហើយគឺជាចំណុចខ្លាំងរបស់គណបក្សសង្គ្រោះជាតិ។
លោក ហ៊ុន សែន ប្រហែលជាខកចិត្តពេលលោ កឹម សុខា មិនរត់ទៅក្រៅប្រទេស
ប្រការដែលលោក កឹម សុខា សម្រេចមិនភៀសខ្លួនទៅពួនសម្ងំនៅក្រៅប្រទេស ក៏ប្រហែលជាធ្វើអោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខកចិត្តមិនតិចដែរទេ។
បន្ទាប់ពីប្រើយន្តការតុលាការផង និងប្រើកម្លាំងសម្ញែងជាច្រើនសាគំរាមចាប់ខ្លួនផង ដើម្បីបំភ័យលោក កឹម សុខា អោយដាក់មេផាយទៅក្រៅប្រទេស ប៉ុន្តែលោក កឹម សុខា នៅតែរឹងក្បាលមិនព្រមចាកចេញនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់ដូចជាទាល់គំនិត។ ការចាប់លោក កឹម សុខា ដាក់គុកទំនងជាមិនមែនជាជម្រើសទី១របស់លោកនាយករដ្ឋមន្ត្រីទេ។ ហេតុផលត្រង់ថា ការបោះលោក កឹម សុខា ចូលក្នុងទ្រុងសារិកា វាអាចបណ្ដាលអោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រវល់ឈឺក្បាលច្រើនជាងបណ្ដោយអោយលោក កឹម សុខា រត់ទៅក្រៅប្រទេស។ ឈឺក្បាលត្រង់ថា លោកនាយករដ្ឋមន្ត្រីអាចប្រឈមនឹងបាតុកម្មតវ៉ាពីមជ្ឈដ្ឋានក្នុងស្រុក ផង និងក្រៅស្រុកផង។ សហគមន៍អន្តរជាតិក៏អាចនឹងដាក់ការគាបសង្កត់នានា មកលើរដ្ឋាភិបាលកម្ពុជា រួមមានការគំរាមផ្តាច់ជំនួយដែលអាចឈានដល់ការបិទទ្វារទីផ្សារ របស់ពួកគេមិនអោយកម្ពុជា នាំផលិតផលសំលៀកបំពាក់ចូលទៅលក់ជាដើម។ ម្យ៉ាងវិញទៀត តំណាងរាស្ត្របក្សប្រឆាំងអាចនឹងបន្តធ្វើពហិការមិនចូលប្រជុំសភា ធ្វើអោយការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់តែបាត់បង់ភាពស្របច្បាប់ ដែលចំណុចនេះ លោកនាយករដ្ឋមន្ត្រីទំនងជាមិនចង់ឃើញកើតមានឡើយ។
ហេតុដូច្នេះ ប្រសិនបើលោក កឹម សុខា ខ្លាចជាប់គុក ហើយនិរទេសខ្លួនឯងទៅក្រៅប្រទេស ហើយក្លាយជាទណ្ឌិតមិនអាចវិលចូលស្រុកវិញបានដូចមេបក្សរបស់គាត់ នោះ ប្រហែលជាធ្វើអោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សប្បាយចិត្តច្រើនជាង។ នៅពេលនោះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏អាចឆក់ឱកាសប្រើយុទ្ធវិធីចាស់ក៏ថាបាន គឺលួងលោមផង គំរាមផង ដើម្បីអោយគណបក្សសង្គ្រោះជាតិ ជ្រើសរើសមេដឹកនាំបក្សថ្មីដែលងាយស្ដាប់បង្គាប់ និងមិនរឹងរូសដូចមេបក្សចាស់។
ទោះជាយ៉ាងណាក៏ដោយចុះ រហូតមកដល់ពេលនេះ មានរយៈពេលជាងមួយខែហើយដែលអនុប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា បន្តសម្ងំក្នុងទីស្នាក់ការបក្ស ដោយមានអ្នកគាំទ្របក្សរាប់រយនាក់ផ្លាស់វេនគ្នាការពារពីខាង ក្រៅមិនអោយមានការចូលទៅចាប់ខ្លួន។
លោក កឹម សុខា ថាចង់យកករណីរបស់លោកដើម្បីកែប្រែប្រព័ន្ធយុត្តិធម៌នៅកម្ពុជា
លោក កឹម សុខា បានប្រាប់វិទ្យុអាស៊ីសេរីថា ការដែលលោកមិនព្រមទៅបង្ហាញខ្លួននៅតុលាការតាមដីកាកោះជាហូរហែមក នោះ គឺលោកមិនចង់គាំទ្រអំពើខុសច្បាប់របស់តុលាការ។ លោកថា លោកនឹងយកករណីរបស់លោកធ្វើជាគំរូដើម្បីកែប្រែប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា។
ហាក់ស្ថិតក្នុងភាពទាល់ច្រក មិនដឹងគួរធ្វើយ៉ាងណាបន្តទៀតនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៩ មិថុនា បានគំរាមថា លោកចង់ចាប់លោក កឹម សុខា នៅពេលណាក៏បានដែរ៖ «»។
ការគំរាមចាប់ខ្លួនពេលណាក៏បាននេះ ត្រូវបានអ្នកវិភាគសង្គមមើលឃើញថា ប្រមុខរដ្ឋាភិបាលកម្ពុជា កំពុងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់តុលាការ ពីព្រោះឈរលើគោលការណ៍នីតិរដ្ឋពេលណាសំណុំរឿងក្តីណាមួយធ្លាក់ ក្នុងដៃតុលាការហើយ រាល់បទអត្ថាធិប្បាយណាមួយពីអ្នកមានអំណាចទៅក្នុងរឿងក្តីនោះ ត្រូវបានហាមឃាត់។ នេះក៏ដោយសារសម្ដីអ្នកធំអាចជះឥទ្ធិពលទៅលើដំណើរការប្រព្រឹត្តទៅ របស់តុលាការ។
ទោះជាយ៉ាងណាក៏ដោយចុះ ការសម្រេចចិត្តមិនរត់ចោលស្រុកនៅពេលប្រឈមនឹងការចាប់ខ្លួនញាត់ គុកនេះ គឺជាការសម្រេចចិត្តដ៏ប្រថុយប្រថានមួយប្រកបដោយគ្រោះថ្នាក់របស់ លោក កឹម សុខា។ ដោយសារតែមានបទពិសោធន៍ធ្លាប់ជាប់ពន្ធនាគារម្ដងហើយទេដឹង បានជាអនុប្រធានបក្សប្រឆាំងរូបនេះហាក់មិនខ្លាចជាប់គុកម្ដងទៀត នៅពេលនេះ។ កាលពីឆ្នាំ២០០៥ នៅពេលលោកធ្វើជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក កឹម សុខា ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដាក់គុកពីបទបរិហារកេរ្តិ៍។ លោកត្រូវបានដោះលែងវិញ បន្ទាប់ពីជាប់ពន្ធនាគារបាន ១៧ថ្ងៃ ក្រោយពេលដែលរដ្ឋាភិបាលកម្ពុជា ទទួលការគាបសង្កត់ពីសហគមន៍អន្តរជាតិ។
បុរសខ្លាំងក៏អាចមានការញញើតខ្លះដែរ
បើទោះជាលោក កឹម សុខា មិនខ្លាចជាប់គុកម្ដងទៀតក៏ដោយចុះ សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានរហ័សនាមថា "បុរសខ្លាំង" គ្មានពីរនៅកម្ពុជានោះ ក៏នឹងប្រហែលមិនញញើតក្នុងការប្រើតុលាការជាឧបករណ៍នយោបាយ ដើម្បីចាប់ខ្លួនលោក កឹម សុខា ញាត់គុកម្ដងទៀតដែរ។
ប៉ុន្តែអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចមានការញញើតខ្លះៗក្នុងការចាប់ខ្លួនលោក កឹម សុខា នៅពេលនេះ គឺប្រហែលជាដោយសារសន្ទុះនៃការគាំទ្រលោក កឹម សុខា កាន់តែខ្លាំងឡើងពីសហគមន៍អន្តរជាតិ រួមមានអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងសភាអឺរ៉ុប។ ទោះចង់មិនចង់ ការគាំទ្រដ៏ផុសផុលពីលោកខាងលិចដែលជាប្រទេសម្ចាស់ជំនួយ និងជាទីផ្សារដ៏ធំរបស់កម្ពុជា នោះ ប្រហែលជាកំពុងធ្វើអោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិចារណាយ៉ាងល្អិតល្អន់មុនពេលបញ្ជាអោយចាប់ខ្លួនលោក កឹម សុខា។
យោងតាមបរិបទនេះ ប្រហែលជាលោកត្រូវថ្លឹងថ្លែងពីផលវិបាកជាច្រើនមុននឹងលោកចាប់ ខ្លួនលោក កឹម សុខា ញាត់គុកម្តងទៀតនោះ។ កត្តាដែលត្រូវថ្លឹងថ្លែងទាំងនោះរួមមានជំនួយ និងជំនួញ ព្រមទាំងទំនាក់ទំនងការទូតជាមួយប្រទេសប្រជាធិបតេយ្យជឿនលឿន ហើយរឿងសំខាន់ជាងគេមួយទៀតដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនងជាតែងព្រួយបារម្ភនោះ គឺការស្រុតចុះនូវភាពស្របច្បាប់នៃរដ្ឋាភិបាលរបស់លោកផងដែរ។
សម្រាប់អង្គការសិទ្ធិមនុស្ស អ្នកច្បាប់ និងសហគមន៍អន្តរជាតិទូទៅវិញ សំណុំរឿងរបស់លោក កឹម សុខា គឺជាសំណុំរឿងនយោបាយដែលគួរតែបញ្ចប់ដោយការចរចាតាមផ្លូវនយោបាយ៕
2016-07-03 ដោយ ជី វិតា
No comments:
Post a Comment