Thursday, September 15, 2016

អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ «ដោះលែង»​មេដឹកនាំ​បក្ស​ប្រឆាំង

សេចក្តីថ្លែងការស្តីពី​ការផ្តល់ការចួលរួមរបស់មេដឹកនាំគណបក្សប្រឆាំងក្នុងដំណើការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ (Courtesy Photo)
សេចក្តីថ្លែងការស្តីពី​ការផ្តល់ការចួលរួមរបស់មេដឹកនាំគណបក្សប្រឆាំងក្នុងដំណើការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ (Courtesy Photo)
ក្រុម​អង្គការ​សង្គម​ស៊ីវិល​​ចំនួន​៨ ដែល​រួម​ទាំង​អង្គការ​អាដហុក និកហ្វិច និង​ខុមហ្វ្រែល​ជាដើម បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​របស់​ខ្លួន​ថា ការ​កាត់ទោស​ទៅ​លើ​មេដឹកនាំ​គណបក្ស​ប្រឆាំង​នេះ គឹ​ជា​ការរំលោភ​ទៅលើ​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ ត្រង់​មាត្រា​ទី​៨០ ដោយសារ​ការ​កាត់​ទោស​នេះ មិន​បាន​អនុវត្ត​ទៅតាម​នីតិវិធី ដកហូត​អភ័យឯកសិទ្ធិ​អ្នកតំណាងរាស្ត្រ​ជាមុន។
ក្រុម​អង្គការ​សង្គម​ស៊ីវិល នៅ​ថ្ងៃ​ពុធ​នេះ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​ការ​ចោទប្រកាន់​ទៅលើ​មេដឹកនាំ​គណបក្ស​ប្រឆាំង ហើយ​ឲ្យ​ដោះលែង​ពួកគេ ឲ្យ​មាន​សេរីភាព​
ពេញលេញ​ឡើងវិញ ដើម្បី​ចូលរួម​ក្នុង​ដំណើរការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​រួម​គ្នា​មួយ​របស់​ក្រុម​អង្គការ​សង្គម ​ស៊ីវិល​ទាំង​នេះ ដែល​បាន​ចេញ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ។
ក្រុម​អង្គការ​សង្គម​ស៊ីវិលចំនួន​៨ ដែល​រួម​ទាំង​អង្គការ​អាដហុក និកហ្វិច និង​ខុមហ្វ្រែល​ជាដើម បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​របស់​ខ្លួន​ថា ការ​កាត់ទោស​ទៅ​លើ​មេដឹកនាំ​គណបក្ស​ប្រឆាំង​នេះ គឹ​ជា​ការរំលោភ​ទៅលើ​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ ត្រង់​មាត្រា​ទី​៨០ ដោយសារ​ការ​កាត់​ទោស​នេះ មិន​បាន​អនុវត្ត​ទៅតាម​នីតិវិធី ដកហូត​អភ័យឯកសិទ្ធិ​អ្នកតំណាងរាស្ត្រ​ជាមុន។
អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​ ខាង​គណបក្ស​សង្គ្រោះ​ជាតិ និង​បច្ចុប្បន្ន​ជា​ប្រធាន​ស្ដីទី​នៃ​គណបក្ស​ប្រឆាំង​នេះ គឺ​លោក កឹម សុខា ត្រូវបាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៥​ខែ និង​ពិន័យ​ជា​ប្រាក់​៨លានរៀន ក្រោម​បទ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ស្នេហា​លួចលាក់​ជាមួយ​នារី​ កាត់​សក់​ម្នាក់ ដែល​គណបក្ស​ប្រឆាំង​និង​អ្នកវិភាគ​អះអាង​ថា ជា​រឿង​នយោបាយ។
ការ​កាត់​ទោស​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិរូប​នេះ កើត​ឡើង​ ក្រោយ​ពី​មាន​ការ​កាត់ទោស​និង​អនុវត្ត​សាល​ក្រម​ទៅលើ​ប្រធាន​គណបក្ស​ប្រឆាំង ​នេះ​គឺ​លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន កំពុង​និរទេស​ខ្លួន ដើម្បី​គេច​ពី​ការ​ជាប់​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា។
ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ថ្លែង​ថា «យើង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះលែង​មេដឹកនាំ​គណបក្ស​ប្រឆាំង​ទាំងពីរ​រួម​មាន​ លោក សម រង្ស៊ី និង​ លោក កឹម សុខា ដើម្បី​ឲ្យ​ពួកគេ​ បាន​ចូលរួម​ដឹកនាំ​ការ​ប្រកួត​ប្រជែង​នយោបាយ និង​ដើម្បី​បំពេញ​ដំណើរការ​បោះឆ្នោត​ស្របច្បាប់​ពេញ​លេញ​ពេលខាង​មុខ»។
ក្រុម​អ្នក​វិភាគ​ខ្លះ បាន​លើកឡើង​ថា គណបក្ស​កាន់​អំណាច​ តែងតែ​ប្រើ​យុទ្ធសាស្ត្រ គាបសង្កត់​គូរ​ប្រជែង​នយោបាយ​ដ៏​សំខាន់​របស់​ខ្លួន នៅ​មុន​ពេល​បោះឆ្នោត ដើម្បី​យក​ប្រៀប​នៅ​ក្នុង​ការប្រកួត។
ប៉ុន្តែ កាល​ពី​ថ្ងៃ​ច័ន្ទ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច​បច្ចុប្បន្ន បាន​ថ្លែង​ប្រាប់ VOA​ថា អ្វី​ដែល​បាន​កើត​ឡើង​ទៅលើ​មេដឹកនាំ​ទាំង​ពីរ​របស់​គណបក្ស​ប្រឆាំង​នេះ គឺ​មែន​ជា​ការ​ដាក់​សម្ពាធ​ពី​គណបក្ស​កាន់អំណាច​ទៅលើ​គូរ​បដិបក្ខ​របស់​ ខ្លួន​នោះ​ទេ។
«‍បាតុភាព​ដែល​កើតឡើង​កន្លង​ទៅ មិន​មាន​ការ​គាបសង្កត់​ពី​គណបក្ស​ប្រជាជន​ទេ ប៉ុន្តែ សាមីជន​ដែល​ប្រព្រឹត្ត​ល្មើស​ហ្នឹង គឺ​គាបសង្កត់​ខ្លួនឯង។ មាន​នរណា​គាបសង្កត់​គាត់? បើ​គាត់​កុំ​ប្រព្រឹត្ត​ល្មើស​ទៅ មាន​នរណា​ទៅ​ចាប់​គាត់ មាន​នរណា​ទៅ​ចោទប្រកាន់​គាត់?»។
ប្រទេស​កម្ពុជា គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​របស់​ខ្លួន​នៅ​ពាក់​កណ្ដាល​ឆ្នាំ ​ក្រោយ និង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ ប៉ុន្តែ ក្រុម​អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត បាន​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​លទ្ធភាព​នៃ​ការ​ផ្ទុះ​អំពើ​ហិង្សា​នយោបាយ ដែល​អាច​កើត​ចេញ​ពី​បរិយាកាស​ប្រកួត​មិន​ស្មើ​ភាព​គ្នា​រវាង​គណបក្ស​នយោបាយ​ ដែល​ប្រជែង​គ្នា ដើម្បី​ឈាន​ទៅ​ដឹកនាំ​ប្រទេស៕
ប្រភព៖ VOA Khmer

No comments:

Post a Comment