Saturday, November 19, 2016

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ប្រកាស​ជំហរ​ចូល​រួម​​ប្រជុំ​សភា​​នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ផ្ដល់​សម្ភាសន៍​ដល់​អ្នក​កាសែត​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Morm Moniroth
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ផ្ដល់​សម្ភាសន៍​ដល់​អ្នក​កាសែត​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Morm Moniroth
សមាជិក​សភា​មក​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ ដែល​ធ្លាប់​តែ​ខ្វែង​គំនិត​គ្នា​បាន​ព្រម​ដឹកដៃ​គ្នា​ចូលរួម​ប្រជុំ​ជា​មួយ​គ្នា ក្នុង​ក្របខ័ណ្ឌ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា។ ការ​ព្រមព្រៀង​គ្នា​ចូល​ប្រជុំ​ក្រោម​ដំបូល​នៃ​រដ្ឋ​សភា​ជា​ថ្មី​ទៀត​របស់​គណបក្ស​ប្រឆាំង​នេះ ត្រូវ​បាន​អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​ថា ជា​ប្រផ្នូល​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​នយោបាយ ចេះ​គិត​ពី​ផលប្រយោជន៍​ជាតិ​ជា​ធំ ហើយ​នេះ​ក៏​ជា​វិធីសាស្ត្រ​ដែល​អាច​ធ្វើ​ឲ្យ​កម្ដៅ​នយោបាយ​ថមថយ​ដែរ។
មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​យល់​ឃើញ​ថា មូលហេតុ​ចម្បង​ដែល​ជំរុញ​ឲ្យ​គណបក្ស​សំឡេង​ភាគ​តិច​នៅ​ក្នុង​រដ្ឋ​សភា​មូល​មាត់​គ្នា​ថា នឹង​ចូល​អង្គុយ​ប្រជុំ​ក្នុង​សម័យ​សភា​ពេញ​អង្គ ដែល​គ្រោង​នឹង​ចាប់​ផ្ដើម​ប្រមាណ ៤​ថ្ងៃ​ខាង​មុខ​ទៀត​នេះ ព្រោះ​ជា​ដំណាក់កាល​ដ៏​ចាំបាច់​ទាក់ទិន​នឹង​ថវិកា​ជាតិ។

ថ្លែង​ក្រោយ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​បាន​បិទ​បញ្ចប់ ដែល​ប្រើ​ពេល​ដ៏​ខ្លី​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​ថា សម័យ​ប្រជុំ​សភា​ពេញអង្គ​នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា ដែល​រដ្ឋ​សភា​គ្រោង​នឹង​អនុម័ត និង​ផ្ដល់​សច្ចាប័ន​លើ​របៀបវារៈ​មួយ​ចំនួន ក្នុង​នោះ​របៀបវារៈ​ដ៏​សំខាន់​មួយ​ទៀត គឺ​ការ​អនុវត្ត​ច្បាប់​គ្រប់គ្រង​ថវិកា​ជាតិ​ឆ្នាំ​២០១៧ ព្រម​ទាំង​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ សម្រាប់​ការ​គ្របគ្រង​ឆ្នាំ​២០១៥។
លោក​បន្ត​ថា ដោយសារ​តែ​រដ្ឋ​សភា​ត្រូវ​អនុម័ត​ទៅ​លើ​ច្បាប់​ទាំង​នេះ​ហើយ ដែល​ចាំបាច់​ណាស់​គណបក្ស​ប្រឆាំង​ត្រូវ​តែ​ចូល​រួម​ពិគ្រោះ​យោបល់ និង​ពិភាក្សា​ដេញដោល ព្រោះ​ជាប់​ទាក់ទិន​ផល​ប្រយោជន៍​ជាតិ៖ «រឿង​ដែល​សំខាន់​គឺ​ច្បាប់​ថវិកា​ជាតិ​សម្រាប់​ប្រទេស​មួយៗ គឺ​ជា​ច្បាប់​ដែល​សំខាន់​បំផុត​ពាក់ព័ន្ធ​ជា​មួយ​ប្រជាពលរដ្ឋ។ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ យល់​ឃើញ​ថា ជា​ច្បាប់​មួយ​ដ៏​សំខាន់ ហើយ​ខាង​សំឡេង​ភាគ​តិច នឹង​ចូលរួម​ដើម្បី​ពិភាក្សា និង​ផ្ដល់​មតិយោបល់»
ថវិកា​ជាតិ​ឆ្នាំ​២០១៧ ដែល​គណៈរដ្ឋមន្ត្រី​អនុម័ត​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា និង​រដ្ឋសភា​គ្រោង​នឹង​អនុម័ត​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា នោះ គឺ​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជិត ៥​ពាន់​លាន​ដុល្លារ​អាមេរិក។ ចំនួន​នេះ​មាន​ការ​កើន​ឡើង បើ​ធៀប​ទៅ​នឹង​ការ​ចំណាយ​ថវិកា​ជាតិ​ឆ្នាំ​២០១៦ ដែល​មាន​តែ​ជិត ៤​ពាន់​លាន​ដុល្លារ​អាមេរិក។ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ថវិកា​ជាតិ​ឆ្នាំ​២០១៧ នេះ មាន ៦​ជំពូក និង ១៥​មាត្រា។
ឡេង ប៉េងឡុង ៨៥៥ ២០១៦
អ្នក​នាំ​ពាក្យ​របស់​រដ្ឋ​សភា លោក ឡេង ប៉េងឡុង ផ្ដល់​សម្ភាសន៍​ដល់​អ្នក​កាសែត​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Morm Moniroth
ទាក់ទិន​រឿង​នេះ លោក ឡេង ប៉េងឡុង អ្នក​នាំ​ពាក្យ​របស់​រដ្ឋ​សភា​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ដែល​មាន​លោក ហេង សំរិន ជា​ប្រធាន​នៃ​អង្គ​ប្រជុំ​ក្នុង​ក្របខ័ណ្ឌ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​នេះ គឺ​សមាជិក​សភា​ដែល​មក​ពី​បក្ស​នយោបាយ​ទាំង​ពីរ​បាន​ព្រមព្រៀង​បញ្ចូល​របៀបវារៈ ៣​បន្ថែម​ទៀត​មាន​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ​ជាដើម។
លោក​បន្ត​ថា របៀបវារៈ​ដែល​បាន​ដាក់​បញ្ចូល​បន្ថែម​ទៀត​នេះ ក៏​នឹង​ស្នើ​ឲ្យ​រដ្ឋ​សភា​ពេញ​អង្គ​ទាំង​មូល​ផ្ដល់​សច្ចាប័ន និង​អនុម័ត​លើ​របៀបវារៈ​ដែល​មាន​ស្រាប់៖ «ដូច្នេះ​ហើយ​ក្នុង​របៀបវារៈ​ហ្នឹង​មាន ៣​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​ប្រែប្រួល​ធាតុអាកាស។ ២ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សម្រាប់​ឆ្នាំ​២០១៧ ហើយ​និង​សម្រាប់​របៀបវារៈ ទី​៣ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ទូទាត់​ថវិកា​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៥»
លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​សង្គម​កម្ពុជា យល់​ឃើញ​ថា ប្រសិនបើ​ការ​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ មិន​ត្រូវ​​បាន​រដ្ឋ​សភា​ទទួល​យក​ការ​រិះគន់​ដាក់​បញ្ចូល​ក្នុង​ភាព​ចន្លោះ​ប្រហោង​​របស់​​បក្ស​ប្រឆាំង​ទេ នោះ​បាន​ន័យ​ថា ការ​ចូល​រួម​ប្រជុំ​​សភា​របស់​ក្រុម​សមាជិក​សំឡេង​ភាគ​តិច​នេះ គ្រាន់​តែ​ជា​ការ​ចូល​ទៅ​ដើម្បី​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ៖ «បើ​សិន​ជា​មាន​ពេល​វេលា​ច្រើន​ក្នុង​ការ​ជជែក​គ្នា​ច្រើន ហើយ​សភា​ទុក​ពេល​វេលា​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ការ​ជជែក​ដេញដោល ហើយ​មតិយោបល់​ពី​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ដាក់​បញ្ចូល ហើយ​បើ​មាន​ការ​ត្រួត​ពិនិត្យ និង​កែសម្រួល​ឡើង​ខ្លះ​ទៅ ខ្ញុំ​ថា វា​ក៏​នឹង​មាន​ប្រយោជន៍​ខ្លះ​ដែរ»
ទាក់ទង​ការ​ចូល​រួម​ប្រជុំ​សភា​ពេញ​អង្គ​​ដែល​នៅ​សល់​ពេល​ប្រមាណ ៤​ថ្ងៃ​ទៀត​នេះ ក្រុម​អ្នក​វិភាគ​នយោបាយ​កំពុង​អុត​មើល​របៀបវារៈ​ដ៏​សំខាន់​មួយ​ទៀត គឺ​រង់ចាំ​មើល​តើ​ថា លោក កឹម សុខា អាច​នឹង​មាន​វត្តមាន​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​ពេញ​អង្គ​ជាមួយ​សមាជិក​សភា​​ដទៃ​ទៀត​ដែរ ឬ​យ៉ាង​ណា?
បញ្ហា​នេះ​មន្ត្រី​ដែល​ស្និត​នឹង​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង លោក មុត ចន្ថា បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​​នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ថា លោក កឹម សុខា មិន​ទាន់​ប្រាកដ​ថា នឹង​ត្រូវ​ចូលរួម​ប្រជុំ​សភា​នៅ​ឡើយ​ទេ ប៉ុន្តែ​ប្រធាន​ស្ដីទី​រូប​នេះ​តែង​បង្ហាញ​ឆន្ទៈ​ជានិច្ច​ក្នុង​ការ​ចូល​ប្រជុំ។ ក្រៅ​ពី​នេះ​វិញ លោក យឹម សុវណ្ណ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ឲ្យ​ដឹង​ដែរ​ថា សភាពការណ៍​នយោបាយ​នៅ​ពេល​នេះ នៅ​ទ្រឹង​ពុំ​មាន​ការ​ប្រែប្រួល​អ្វី​នោះ​ទេ ​នៅ​មុន​ថ្ងៃ​​ប្រជុំ​សភាព​ពេញ​អង្គ​ចាប់​ផ្ដើម​នេះ៕
ដោយ ម៉ម មុនីរតន៍ 2016-11-18
ប្រភព៖ RFA Khmer

No comments:

Post a Comment