Monday, March 20, 2017

តើ​​របប​​ប្រជា​ធិបតេយ្យ​​បែប​​ប្រធានា​ធិប​តី​​និយម បែប​​សភា​​និយម និង​​បែប​​ចម្រុះ មាន​​លក្ខណៈ​​យ៉ាង​​ណា?

តើ​​របប​​ប្រជា​ធិបតេយ្យ​​បែប​​ប្រធានា​ធិប​តី​​និយម បែប​​សភា​​និយម និង​​បែប​​ចម្រុះ មាន​​លក្ខណៈ​​យ៉ាង​​ណា?
របប​ប្រជាធិបតេយ្យ​បែប​ប្រធានាធិបតី​និយម  (ដូចជានៅ​ប្រទេស​អាមេរិក)
ក្នុង​របប​ប្រធានាធិបតី​និយម ពលរដ្ឋ​បោះឆ្នោត​ថ្នាក់​ជាតិ​ពីរ​លើក​ផ្សេង​ពី​គ្នា។ មួយ​គឺ​បោះឆ្នោត​រើស​សមាជិក​សភា​ឲ្យ​បង្កើត​ជា​ក្រុម​នីតិ​បញ្ញត្តិ សម្រាប់​តាក់តែង​ច្បាប់។ មួយ​ទៀត​គឺ​បោះឆ្នោត​រើស​ប្រធានាធិបតី ឲ្យ​បង្កើត​រដ្ឋាភិបាល និង​ធ្វើ​ជា​ប្រមុខ​រដ្ឋាភិបាល សម្រាប់​ប្រតិបត្តិ​តាម​ច្បាប់​របស់​សភា។ ប្រធានាធិបតី​ជា​ប្រមុខរដ្ឋាភិបាល​ផង ​ជា​តំណាង​ប្រទេស​ជាតិ។ របប​នេះ​គ្មាន​នាយករដ្ឋមន្ត្រី​ទេ។ ក្នុង​របប​នេះ​ អំណាច​នីតិ​បញ្ញត្តិ និង​អំណាច​នីតិ​ប្រតិបត្តិ​នៅ​ដាច់​ពី​គ្នា។

របប​ប្រជាធិបតេយ្យ​បែប​សភា​និយម (ដូចជា​នៅ​ប្រទេស​អង់គ្លេស និង​អូស្ត្រាលី)
ក្នុង​របប​សភា​និយម ពលរដ្ឋ​បោះឆ្នោត ​ថ្នាក់​ជាតិ​តែ​មួយ​លើក ដើម្បី​ជ្រើសរើស​សមាជិក​សភា។ ហើយ​សមាជិកសភា​ក្នុង​បក្ស​ឈ្នះ ជ្រើសរើស​នាយករដ្ឋមន្ត្រី​ឲ្យ​បង្កើត​រដ្ឋាភិបាល និង​ធ្វើ​ជា​ប្រមុខ​រដ្ឋាភិបាល។ របប​នេះ​គ្មាន​ប្រធានាធិបតី​ទេ។ ក្នុង​របប​នេះ អំណាច​នីតិ​ប្រតិបត្តិ ជា​ផ្នែក​មួយ​នៃ​អំណាច​នីតិ​បញ្ញត្តិ។ អំណាច​ពីរ​មិន​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា ដូច​របប​ប្រធានាធិបតី​និយម​ទេ។
របប​ប្រជាធិបតេយ្យ​បែប​ចម្រុះ (គឺ​សភា​និយម​ពាក់​កណ្ដាល ប្រធានាធិបតី​ពាក់​កណ្ដាល ដូច​ប្រទេស​បារាំង)
ក្នុង​របប​ប្រជាធិបតេយ្យ​បែប​ចម្រុះ​ដូចជា​នៅ​ប្រទេស​បារាំង​ជាដើម ពលរដ្ឋ​បោះឆ្នោត​ថ្នាក់​ជាតិ​ពីរ​លើក​។ មួយ​គឺ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា ហើយ​សមាជិក​សភា​បក្ស​ឈ្នះ ជ្រើសរើស​នាយករដ្ឋមន្ត្រី ឲ្យ​បង្កើត​រដ្ឋាភិបាល​ និង​ធ្វើ​ជា​ប្រមុខ​រដ្ឋាភិបាល។ មួយ​ទៀត​ពលរដ្ឋ​បោះឆ្នោត​រើស​ប្រធានាធិបតី ឲ្យ​តំណាង​ប្រទេស​ជាតិ​ទាំង​មូល។ របប​នេះ​មាន​នាយករដ្ឋមន្ត្រី​ផង មាន​ប្រធានាធិបតី​ផង៕
ដកស្រង់​ចេញ​ពី​សៀវភៅ​សំណួរ​ និង​​ចម្លើយ​វប្បធម៌ និង​អរិយធម៌​ខ្មែរ (និពន្ធ និង​រៀបរៀង​ដោយ លោក លឹម ហ៊ិន)
ប្រភព៖ Khmer Keep

No comments:

Post a Comment