Wednesday, May 24, 2017

"គណបក្ស​៤​នឹង​ទទួល​បាន​ឱកាស​ហែ​ក្បួន​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ភ្នំពេញ​ជា​លក្ខណៈ​ស្បែក​ខ្លា"

ការ​ដង្ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នៅ​ថ្ងៃ​ដំបូង ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧ នា​រាជធានី​ភ្នំពេញ។ RFA/Tha Kitya
ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ ប្រាប់​ថា គណបក្ស​ដែល​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​មិន​បាន​គ្រប់​សង្កាត់​ទាំង ១០៥ នឹង​ទទួល​បាន​ឱកាស​ក្នុង​ការ​ហែ​ក្បួន​ជា​ទ្រង់ទ្រាយ​ធំ​ដូច​គណបក្ស​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​គ្រប់​សង្កាត់​ដែរ ប៉ុន្តែ​ការ​ហែ​ក្បួន​ជា​ទ្រង់ទ្រាយ​ធំ​របស់​បក្ស​ទាំង​នោះ ត្រូវ​ហែ​ជា​លក្ខណៈ​ស្បែក​ខ្លា។
​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ថា គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​មាន​សិទ្ធិ​រៀបចំ​ឃោសនា​ជា​ទ្រង់ទ្រាយ​ធំ​ដូច​​គ្នា គឺ​ស្រប​តាម​នីតិវិធី គ.ជ.ប បាន​កំណត់។
ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី លោក មាស ឆព្វណ្ណ បញ្ជាក់​ថា ក្នុង​ក្បួន​ធំ​គ្រប់​គណបក្ស​ទាំង​នោះ អាច​ហែ​បាន​ដោយ​ប្រើ​ឧបករណ៍​បំពង​សំឡេង​ដោយ​សេរី និង​ស្រែក​ឃោសនា​ពី​គោលនយោបាយ​បក្ស​ខ្លួន​បាន​ស្រេច​ចិត្ត​សម្រាប់​ការ​ហែ​នៅ​ក្នុង​សង្កាត់ ដែល​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ ប៉ុន្តែ​នៅ​ពេល​ដែល​ឆ្លង​សង្កាត់ ចូល​ទៅ​សង្កាត់​មួយ​ទៀត ចំពោះ​គណបក្ស​ណា​មិន​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​ទេ គណបក្ស​នោះ ត្រូវ​បិទ​
ឧបករណ៍​បំពង​សំឡេង ហើយ​ត្រូវ​ជិះ​ឡាន ឬ​ម៉ូតូ​ឆ្លង​កាត់​ដោយ​ស្ងាត់ស្ងៀម រហូត​អាច​ធ្វើ​សកម្មភាព​ឃោសនា​ឡើង​វិញ​បាន​នៅ​សង្កាត់​ដែល​ខ្លួន​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​ប្រកួតប្រជែង។

​លោក មាស ឆព្វណ្ណ បន្ថែម​ថា ការ​ធ្វើ​ដូច្នេះ ដើម្បី​សម្រួល​ដល់​គណបក្ស​ដែល​ដាក់​បេក្ខជន​មិន​បាន​គ្រប់​សង្កាត់ អាច​មាន​ឱកាស​បាន​រៀបចំ​ហែ​ក្បួន​ឃោសនា​ជា​ទ្រង់ទ្រាយ​ធំ និង​ឆ្លង​សង្កាត់ ដូច​គណបក្ស​មាន​បេក្ខជន​ឈរ​ឈ្មោះ​គ្រប់​ឃុំ-​សង្កាត់​ដែរ៖ «»។
សកម្មភាព​ឃោសនា​បោះឆ្នោត ​ថ្ងៃ​ទី​៤ នៅ​ទីក្រុង​ភ្នំពេញ មាន​ស្ថានភាព​ស្ងប់ស្ងាត់​ខ្លាំង បើ​ធៀប​នឹង​ការ​ឃោសនា​កាល​ពី ២​ថ្ងៃ​បើក​ឆាក​ដំបូង​នៃ​យុទ្ធនា​ការឃោសនា។ តែ​ទោះ​ជា​យ៉ាង​ណា ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ វាយ​តម្លៃ​ថា ការ​ហែ​ក្បួន​នៅ​ភ្នំពេញ មាន​លក្ខណៈ​ល្អ​ជាង​នៅ​តាម​បណ្ដា​ខេត្ត ព្រោះ​មក​ដល់​ថ្ងៃ​ទី​៤ នៃ​យុទ្ធនាការ​ហែ​ក្បួន​នេះ នៅ​មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​មួយ​នៅ​ឡើយ​ទេ ខណៈ​ដែល គ.ជ.ប ទទួល​បាន​ពាក្យ​បណ្ដឹង​នៅ​តាម​ខេត្ត​ជាង ២០​បណ្ដឹង​ហើយ។
លោក មាស ឆព្វណ្ណ ថា មាន​តែ​គណបក្ស​២​ទេ គឺ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​បាន​ចូលរួម​ប្រជុំ នឹង​សន្យា​ជូន​ដំណឹង​ដល់​អាជ្ញាធរ​ដើម្បី​ហែ​ក្បួន​ជា​លក្ខណៈ​ស្បែក​ខ្លា​នៅ​ភ្នំពេញ។ ឯ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ មិន​បាន​ចូលរួម​ប្រជុំ​ទេ។ គណៈកម្មការ​នឹង​ជូន​ដំណឹង​ទៅ​ពេល​ក្រោយ។
នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (NICFEC) លោក សំ គន្ធាមី មើល​ឃើញ​ថា ការ​សម្រួល​របស់​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​រាជធានី​ជា​ការ​ល្អ ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន​មែន។ ឯ​ការ​ហែ​ក្បួន​នៅ​ភ្នំពេញ មិន​ទាន់​មាន​ពាក្យ​បណ្ដឹង លោក សំ គន្ធាមី យល់​ថា ការ​​ហែ​ក្បួន​ឃោសនា​នៅ​អាណត្តិ​នេះ លោក​ឃើញ​មាន​លក្ខណៈ​ល្អ គ្មាន​ការ​ប៉ះទង្គិច និង​ចេះ​យោគយល់​គ្នា​ជាង​អាណត្តិ​មុនៗ៖ «»។
​គណបក្ស​ចំនួន​៦ ដែល​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​ក្រុមប្រឹក្សា​សង្កាត់​ក្នុង​រាជធានី​ភ្នំពេញ​នោះ មាន​តែ​ពីរ​គណបក្ស​ទេ​ដែល​មាន​បេក្ខជន​ឈរ​ឈ្មោះ​គ្រប់​សង្កាត់ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា។ ក្រៅ​ពី​គណបក្ស​ទាំង​ពីរ​នេះ មាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​បាន​ហែ​ក្បួន​ឃោសនា​ជា​ទ្រាយ​ធំ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា។ លោក មាស ឆព្វណ្ណ បញ្ជាក់​ថា តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បាន​សុំទោស​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ រួច​ហើយ ចំពោះ​ការ​ហែ​ក្បួន​ឆ្លង​សង្កាត់​ដោយ​មិន​បាន​ជូន​ដំណឹង​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ជា​មុន៕
ប្រភព: RFA Khmer

No comments:

Post a Comment