ផែនទីខេត្តស្វាយរៀង។Photo: RFA |
កសិករកម្ពុជា លោក ម៉ៃ ទិត្យ រៀបរាប់ថា មានប៉ូលិសប៉ុស្តិ៍ចំនួនពីរនាក់ បានចុះទៅហាមឃាត់ និងនាំខ្លួនលោកឱ្យទៅជួបជាមួយអធិការស្រុក ស្របពេលលោកកំពុងត្រៀមចុះទៅបង្រៀនអំពីនីតិវិធីសង្កេតការណ៍នៅថ្ងៃបោះឆ្នោតទៅដល់អ្នកសង្កេតការណ៍រយៈពេលខ្លីចំនួន ៣២នាក់ នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដែលចាប់ផ្ដើមពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ឧសភា។
លោកបន្តថា គម្រោងចុះបង្រៀននេះ ត្រូវបានផ្អាកទៅវិញ បន្ទាប់ពីលោកត្រូវបាននាំខ្លួនទៅដល់អធិការស្រុករមាសហែក ហើយលោកអធិការឈ្មោះ សំ សំអុល បានឱ្យលោកទៅសុំការអនុញ្ញាតពីខាងសាលាស្រុក និងសាលាខេត្តជាមុនសិន។ លោកអធិការរូបនេះ ក៏បានចាត់ទុកសកម្មភាពបង្រៀនរបស់លោកថា រំលោភលើដែនសមត្ថកិច្ចរបស់អាជ្ញាធរ ថ្វីត្បិតលោកបកស្រាយថា សកម្មភាពនោះ មិនជាប់ពាក់នឹងរឿងនយោបាយ ហើយជាការងារដែលមានកិច្ចសហការជាមួយ គ.ជ.ប ក្ដី៖ «គេសួរខ្ញុំថា មកហ្នឹងមានលិខិតស្នាម លិខិតបេសកកម្ម លិខិតអនុញ្ញាតពីសាលាខេត្ត សាលាក្រុងដែរ ឬអត់បានចុះមកបង្រៀនហ្នឹង? ប៉ុន្តែខ្ញុំបានមានលិខិតបេសកកម្មពីកន្លែងការងាររបស់ខ្ញុំ ពីក្រសួងមហាផ្ទៃ និងឯកសារមេរៀន ប៉ុន្តែគាត់ថា ជាឯកសារចេញពីស្ថាប័នទេ មិនមែនចេញពីខេត្តទេ»។
មន្ត្រីសម្របសម្រួលសហគមន៍នៃសម្ព័ន្ធសហគមន៍កសិករកម្ពុជា រូបនេះបន្ថែមទៀតថា ក្នុងចំណោមអ្នកសង្កេតការណ៍រយៈពេលខ្លី ដែលលោកត្រូវបង្រៀននោះ គឺសុទ្ធតែមានការទទួលស្គាល់ជាអ្នកសង្កេតការណ៍ពី គ.ជ.ប ហើយថ្វីត្បិតមានការហាមឃាត់យ៉ាងនេះក្ដី លោកនឹងរិះរកវិធីសាស្ត្រចុះបង្រៀនដល់សមាជិកឱ្យទាល់តែបាន ស្របពេលការបោះឆ្នោតកាន់តែខិតជិតមកដល់។
លោក ម៉ៃ ទិត្យ ចាត់ទុកការរារាំងរបស់អាជ្ញាធរស្រុករមាសហែក បែបនេះ ហាក់ផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញដែលពលរដ្ឋគ្រប់រូបមានសិទ្ធិប្រមូលផ្ដុំ។
ឆ្លើយតបនឹងបញ្ហានេះ អធិការស្រុករមាសហែក លោក សំ សំអុល បញ្ជាក់ថា ពុំមានការរារាំងអ្វីឡើយ ប៉ុន្តែលោកថា គ្រាន់តែធ្វើតាមច្បាប់ប៉ុណ្ណោះ ព្រោះរាល់កិច្ចការរបស់សមាគម ឬអង្គការសង្គមស៊ីវិលទាំងអស់ តែងតែមានការអនុញ្ញាតជាមុនពីអាជ្ញាធរ ហើយមិនអាចធ្វើអ្វីតាមអំពើចិត្តបានឡើយ៖ «អ៊ីចឹងខ្ញុំគ្រាន់តែត្រួតពិនិត្យ ហើយអត់មានឯកសារ ខ្ញុំឱ្យទៅធ្វើឯកសារ ទៅដល់អាជ្ញាធរខេត្ត អ៊ីចឹងគេនឹងឱ្យធ្វើហើយ ហើយមិនមានការរារាំងអីទេ»។
ចំណែកមន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន ថ្លែងថា ផ្អែកតាមច្បាប់បោះឆ្នោត មុននឹងចុះទៅបង្រៀនទៅដល់អ្នកសង្កេតការណ៍បោះឆ្នោតគឺទាល់តែមានលិខិតអនុញ្ញាតពីគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ឬពីគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត ជាមុនសិន ព្រោះអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតច្បាប់ពុំអនុញ្ញាតឱ្យមានការជួបគ្នាលើសពី ១០នាក់ឡើយ។
មន្ត្រីការពារសិទ្ធិមនុស្សរូបនេះបន្ថែមថា ផ្ទុយទៅវិញ ប្រសិនបើអាជ្ញាធរធ្វើការរារាំងចំពោះសកម្មភាពចុះបង្រៀនអ្នកសង្កេតការណ៍ដោយមានលិខិតអនុញ្ញាតពី គ.ជ.ប ថ្នាក់ខេត្ត និងជាតិដូច្នោះ គឺជាការរំលោភសិទ្ធិប្រមូលផ្ដុំរបស់ពលរដ្ឋ៖ «បើអត់មានកាតបញ្ជាក់ពីគណៈកម្មការរៀបចំការបោះឆ្នោត និងពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អ៊ីចឹងនៅពេលចុះទៅបង្រៀនសង្កេតការណ៍ ទៅដល់ពលរដ្ឋជាអ្នកសង្កេតការណ៍ ទាល់តែមានលិខិតអនុញ្ញាតពីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសិន»។
ទោះជាយ៉ាងនេះក្ដី លោក នុត បូពិណ្ណារ័ត្ន យល់ឃើញថា ប្រសិនបើសកម្មភាពចុះបង្រៀនអំពីនីតិវិធីគ្រាន់តែទាក់ទងនឹងការសង្កេតការណ៍បោះឆ្នោត ហើយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ អាជ្ញាធរគួរតែមានការអនុញ្ញាត៕
ប្រភព៖ RFA Khmer
No comments:
Post a Comment