Tuesday, July 18, 2017

អ្នក​ជំនាញ៖ ការ​វាយ​កម្ទេច​អគារ​ប៊ូឌីង​ត្រូវការ​ចំណាយ​ពេល​៤​ខែ

គ្រឿងចក្រ​ត្រៀម​វាយ​កម្ទេច​អគារ​ប៊ូឌីង​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៧។
គ្រឿងចក្រ​ត្រៀម​វាយ​កម្ទេច​អគារ​ប៊ូឌីង​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Brach Chev

ក្រោយ​ពេល​ក្រសួង​ដែនដី ដោះស្រាយ​បញ្ហា​សំណង​ដល់​ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង​ជិត ៥០០​គ្រួសារ​បាន​សម្រេច​ទាំងស្រុង​រួច​ហើយ ការងារ​បន្ទាប់ គឺ​វាយ​កម្ទេច​អគារ​ចោល។ ក្រុម​មន្ត្រី​ជំនាញ​អះអាង​ថា ពួក​គេ​ត្រូវ​ចំណាយ​ពេល ៤​ខែ ដើម្បី​វាយ​កម្ទេច​អគារ​ប៊ូឌីង​ទាំងស្រុង។
ថ្ងៃ​ទី​១៧ ខែ​កក្កដា ជា​ថ្ងៃ​ទី​មួយ​នៃ​ការ​ចាប់​ផ្តើម​វាយ​កម្ទេច​អគារ​ប៊ូឌីង ឬ​ហៅ​ថា​អគារ​ស។ ក្រុម​មន្ត្រី​ក្រសួង​ដែនដី និង​តំណាង​ក្រុមហ៊ុន អារ៉ាកាវ៉ា (Arakawa) របស់​ជប៉ុន ពលរដ្ឋ​រស់នៅ​ប៊ូឌីង និង​អ្នក​ពាក់ព័ន្ធ​ប្រមាណ ៣០​នាក់ នាំ​គ្នា​រៀបចំ​ពិធី​ក្រុង​ពាលី​នៅ​លើ​ដំបូល​អគារ​ប៊ូឌីង សុំ​ទឹក​សុំ​ដី​តាម
​ទំនៀមទម្លាប់​ខ្មែរ មុន​នឹង​ចាប់​ផ្តើម​វាយ​កម្ទេច​អគារ។
អ្នក​ជំនាញ​ផ្នែក​វាយ​កម្ទេច​អគារ​នៃ​ក្រុមហ៊ុន​ពិស្ណុការ (PISNOKA) លោក ហេង ប៊ុននី ដែល​ទទួល​បាន​សិទ្ធិ​វាយ​កម្ទេច​អគារ​ប៊ូឌីង ឲ្យ​ដឹង​ថា ថ្ងៃ​ចាប់​ផ្ដើម​ដំបូង​គ្រាន់​តែ​សម្អាត​ទីធ្លា​អគារ ធ្វើ​របង​ហ៊ុមព័ទ្ធ​បរិវេណ។ លោក​ថា សកម្មភាព​វាយ​កម្ទេច​អាច​នឹង​ចាប់​ផ្ដើម​យ៉ាង​ហោច​ណាស់​មួយ​អាទិត្យ​ទៀត។ លោក​ពន្យល់​ថា ដើម្បី​សុវត្ថិភាព​អ្នក​រស់នៅ​ជុំវិញ ចាំបាច់​ត្រូវ​ឲ្យ​គ្រឿងចក្រ​ច្របាច់​បំបែក​ទម្លាក់​ចុះ​បំណែក​សំណង់ និង​មាន​បាញ់​ទឹក​ផង ដើម្បី​ការពារ​កុំ​ឲ្យ​ធូលី​ហុយ៖ «ត្រូវការ​លឿន​រយៈ​បី​បួន (ខែ) ហ្នឹង ធ្វើ​កម្លាំង​មិន​បាន​ទេ ត្រូវ​គ្រឿងចក្រ ហើយ​គ្រឿងចក្រ​ហ្នឹង​បើ​ប្រើ​គ្រឿង​ធំៗ​ម៉ង អត់​បាន​ទេ»
ថ្ងៃ​ចាប់​ផ្តើម​វាយ​កម្ទេច​អគារ​នេះ​ដែរ ឃើញ​មាន​គ្រឿងចក្រ​សម្រាប់​វាយ​កម្ទេច​អគារ​ប្រមាណ ៤​គ្រឿង​ដាក់​តម្រៀប​គ្នា​នៅ​មុខ​អគារ ក្រៅ​ពី​នេះ​ក៏​មាន​របង​បារ៉ាស់​ដែល​ដាក់​បម្រាម​គ្មាន​ភារកិច្ច​ហាម​ចូល​នៅ​បរិវេណ​នេះ​ដែរ។ ដោយឡែក​ក្រុម​ពលរដ្ឋ ៧​គ្រួសារ​ដែល​ទើប​យល់ព្រម​ចាកចេញ មិន​ទាន់​រើ​អីវ៉ាន់​ចេញ​ពី​បន្ទប់​អស់​នៅ​ឡើយ​ទេ។
អគារ​ប៊ូឌីង ២០១៧ ១៤៤០
មន្ត្រី​ក្រសួង​ដែនដី តំណាង​ក្រុមហ៊ុន​ជប៉ុន អារ៉ាកាវ៉ា (Arakawa) ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង និង​អ្នក​ពាក់ព័ន្ធ រៀបចំ​ពិធី​ក្រុង​ពាលី​លើ​ដំបូល​អគារ​សុំ​ទឹក​សុំ​ដី​តាម​ទំនៀមទម្លាប់​ខ្មែរ នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Brach Chev

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​លំនៅឋាន​នៃ​ក្រសួង​ដែនដី លោក បេងហុង សុជាតិ ខេមរ៉ូ ឲ្យ​ដឹង​ថា ក្រសួង​ទុក​ពេល​ដល់​ថ្ងៃ​ទី​២០ ខែ​កក្កដា ដល់​ពលរដ្ឋ​ដែល​រើ​អីវ៉ាន់​មិន​ទាន់​រួច​រាល់។ មន្ត្រី​ជំនាញ​រូប​នេះ​អះអាង​ថា ការ​វាយ​កម្ទេច​អគារ​នេះ​ធ្វើ​តាម​បច្ចេកទេស​ទំនើប ការពារ​សំឡេង​រំខាន ការពារ​ធូលី​ហុយ គោរព​ម៉ោង​ពេល មិន​ឲ្យ​រំខាន​ដល់​ពលរដ្ឋ​រស់នៅ​ជុំវិញ​នេះ​ទេ៖ «មាន​ពី​ដំណាក់កាល​មួយ​គាត់​លក់ លក់​ហ្នឹង​បាន​មួយ​រយ​ភាគរយ​តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា។ ទី​២ គឺ​អ្នក​ចាកចេញ ហើយ​អ្នក​ចាកចេញ​នៅ​តែ​សល់​បួន ឬ​ប្រាំ​គ្រួសារ​ទេ​ដែល​គាត់​នឹង​រើ​បណ្ដើរៗ»
តាម​គម្រោង ទឹកប្រាក់​វិនិយោគ​ប្រមាណ ៨០​លាន​ដុល្លារ​របស់​ក្រុមហ៊ុន អារ៉ាកាវ៉ា (Arakawa) របស់​ជប៉ុន នឹង​អភិវឌ្ឍ​អគារ​ប៊ូឌីង​ទៅ​ជា​អគារ​ទំនើប​មាន​កម្ពស់ ២១​ជាន់ ដែល​ត្រូវការ​ពេលវេលា​សាងសង់​ប្រមាណ ៤​ឆ្នាំ។ ពលរដ្ឋ​ជិត ៥០០​គ្រួសារ​រស់នៅ​អគារ​នេះ យល់ព្រម​ចាកចេញ​ដែល​ទទួល​សំណង​នៃ​ការ​លក់​បន្ទប់​តម្លៃ ១.៤០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។
ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ ៧​គ្រួសារ​ដែល​ចាកចេញ​ក្រោយ​គេ ព្រោះ​រង់ចាំ​សុំ​សំណង​បន្ថែម លោកស្រី ឈុំ សាគន ឲ្យ​ដឹង​ថា លោកស្រី​មិន​ទាន់​រើ​អីវ៉ាន់​ចេញ​អស់​នៅ​ឡើយ។ ស្ត្រី​ដែល​រស់នៅ​អគារ​ប៊ូឌីង​រយៈពេល​ជាង ៣០​ឆ្នាំ ប្រាប់​ថា ថវិកា​ដែល​លក់​បន្ទប់​អាច​ធ្វើ​ឲ្យ​លោកស្រី​ទិញ​ផ្ទះ​ល្វែង​មួយ​កន្លែង​ក្នុង​សង្កាត់​ចាក់អង្រែ ខណ្ឌ​មានជ័យ៖ «ដល់​ឥឡូវ​ខាង​ក្រុមហ៊ុន​គាត់​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​អាច​ទិញ​ផ្ទះ​បាន ចា៎! សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សប្បាយ​ចិត្ត ឯកឧត្តម ជា សុផារ៉ា គាត់​ដោះស្រាយ​ទៅ​បាន​រលូន»
ទាក់ទង​ការ​ចាកចេញ​ពី​អគារ​ប៊ូឌីង​នេះ​ដែរ ក្រុម​សិល្បៈ​ដែល​រស់នៅ​ទីនេះ​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា និង​ក្រុមហ៊ុន​វិនិយោគ នៅ​ពេល​អគារ​កើត​ចេញ​ជា​រូបរាង​នៅ​លើ​ទឹក​ដី​ចាស់​នេះ រៀបចំ​ផ្នែក​ណា​មួយ​នៃ​អគារ​ឲ្យ​ក្រុម​សិល្បៈ ជាពិសេស​សិល្បៈ​បុរាណ​ខ្មែរ អាច​សម្ដែង​នៅ​ទីនេះ​បាន។
ឆ្លើយតប​សំណើ​នេះ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​លំនៅឋាន​នៃ​ក្រសួង​ដែនដី លោក បេងហុង សុជាតិ ខេមរ៉ូ ប្រាប់​ថា រដ្ឋមន្ត្រី​ក្រសួង​ដែនដី បាន​ឃើញ​សំណើ​នេះ និង​បាន​បញ្ជូន​ទៅ​ក្រុមហ៊ុន អារ៉ាកាវ៉ា ដើម្បី​សម្រេច។ ជាង​នេះ​ទៅ​ទៀត លោក​យល់​ថា ក្រុមហ៊ុន​ជប៉ុន អាច​នឹង​យល់ព្រម​លើ​សំណើ​នេះ ព្រោះ​លោក​ថា ក្រុមហ៊ុន​នេះ​យក​គោលការណ៍​សង្គម​ជា​មូលដ្ឋាន៕
ប្រភព៖ RFA Khmer

No comments:

Post a Comment