Wednesday, July 26, 2017

តុលាការ​នឹង​ប្រកាស​សាលក្រម​ករណី​លោក គឹម សុខ នៅ​ថ្ងៃ​ទី​១០ សីហា

លោក គឹម សុខ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ ពេល​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​​ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Rann Samnang
លោក គឹម សុខ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ ពេល​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​​ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Rann Samnang
តុលាការ​ក្រុង​ភ្នំពេញ បាន​បើក​សវនាការ​លើ​អង្គ​សេចក្ដី​ករណី​រឿង​ក្ដី​លោក គឹម សុខ ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៦ កក្កដា។ ចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ បាន​លើក​ពេល​ប្រកាស​សាលក្រម​រឿង​ក្ដី​នេះ​ទៅ​ថ្ងៃ​ទី​១០ សីហា។ សវនាការ​ដែល​ចំណាយ​ពេល​ខ្លី​ទៅ​លើ​អង្គ​សេចក្តី ប៉ុន្តែ​គង​សម្ដី​គ្នា​ច្រើន​ទៅ​លើ​សំណើ​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ដែល​ជា​ដើម​
ចោទ ត្រូវ​បង្ហាញ​វត្តមាន និង​តទល់​គ្នា​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ បាន​បង្ខំ​ចិត្ត​ឲ្យ​ចុង​ចោទ និង​មេធាវី​ការពារ​ក្តី ត្រូវ​ដើរ​ចេញ​ពី​បន្ទប់​កាត់​ក្តី​ទាំង​សវនាការ​មិន​បាន​ចប់​ចុង​ចប់​ដើម។
សវនាការ​លើ​អង្គ​សេចក្ដី​មិន​ទាន់​ទាំង​បាន​ចាប់​ផ្ដើម​ស្រួលបួល​នៅ​ឡើយ​ផង ភាគី​ទាំង​សងខាង គឺ​ទាំង​ចៅក្រម តំណាង​អយ្យការ មេធាវី​ទាំង​ដើម​ចោទ និង​ចុង​ចោទ ចាប់​ផ្ដើម​តឹង​សរសៃ​ក​ដាក់​គ្នា​នៅ​ក្នុង​បន្ទប់​កាត់​ក្ដី​តាំង​ពី​ដើមទី រហូត​ធ្វើ​ឲ្យ​លោក គឹម សុខ និង​លោក ជូង ជូងី បោះបង់​ការ​ជំនុំ​ជម្រះ​ចោល។
បើ​ទោះ​ជា​បែប​ណា ចៅក្រម លោក គី ឬទ្ធី អនុប្រធាន​តុលាការ​ក្រុង​ភ្នំពេញ បាន​ប្រកាស​នៅ​រសៀល​ថ្ងៃ​ទី​២៦ កក្កដា ថា រឿង​ក្ដី​នេះ​នឹង​ប្រកាស​សាលក្រម​នៅ​ម៉ោង ២​រសៀល​ថ្ងៃ​ទី​១០ សីហា ខាង​មុខ ទាំង​លោក គឹម សុខ និង​លោក ជូង ជូងី ហាក់​មិន​ខ្វល់​ឡើយ​ចំពោះ​ការ​រក​យុត្តិធម៌ និង​អំណាច​សាលក្រម​ដែល​នឹង​ត្រូវ​ប្រកាស​នៅ​ពេល​ខាង​មុខ​នេះ។
នៅ​ក្នុង​បន្ទប់​កាត់​ក្ដី សង្កេត​ឃើញ​ថា​ភាគី​ទាំង​សងខាង​ហាក់​ដូចជា​មាន​គំនុំ​ជាមួយ​គ្នា​ជា​យូរ​មក​ហើយ។ មុន​សវនាការ​លើ​អង្គ​សេចក្ដី​ត្រូវ​ចាប់​ផ្ដើម​នោះ លោក​ចៅក្រម គី ឬទ្ធី បាន​លើក​យក​សំណើ​សុំ​ឲ្យ​ដើម​ចោទ គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក ជូង ជូងី ដាក់​សំណើ​កាល​ពី​ថ្ងៃ​ទី​២៤ កក្កដា មក​តទល់​គ្នា​នៅ​ក្នុង​សវនាការ ប៉ុន្តែ​ត្រូវ​បាន​តំណាង​អយ្យការ​លោក សៀង សុខ មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​លោក ហ៊ុន សែន គឺ​លោក គី តិច និង​ចៅក្រម​លោក គី ឬទ្ធី បដិសេធ។ ភ្លាមៗ លោក គឹម សុខ បាន​ជំទាស់ ហើយ​ដើរ​ចេញ​ពី​បន្ទប់​កាត់​ក្ដី។
មូលហេតុ​ដែល​នាំ​ឲ្យ​អ្នក​ឃ្លាំ​មើល​ពី​បញ្ហា​សង្គម និង​នយោបាយ​រូប​នេះ​បោះបង់​សិទ្ធិ​ចូលរួម​សវនាការ ដោយសារ​លោក​ស្នើ​ឲ្យ​ចៅក្រម លោក គី ឬទ្ធី ចេញ​ជា​សាលក្រម​បដិសេធ ឬ​យល់ព្រម​ឲ្យ​លោក ហ៊ុន សែន ចូលរួម​សវនាការ​ជាមួយ​នឹង​លោក​ក្នុង​នាម​ជា​ដើម​បណ្ដឹង ត្រូវ​ទទួល​បរាជ័យ។
នៅ​ពេល​លោក គឹម សុខ ត្រូវ​បាន​ឆ្មាំ​ពន្ធនាគារ​នាំ​ទៅ​ក្នុង​បន្ទប់​រង់ចាំ​តាម​ការ​ស្នើ​ពី​ចៅក្រម​នៅ​ខាង​ក្រៅ​បន្ទប់​សវនាការ មិន​យូរ​ប៉ុន្មាន លោក ជូង ជូងី ក៏​បាន​ដើរ​ចេញ​ពី​បន្ទប់​ជំនុំ​ជម្រះ​ដែរ។ ការ​បោះបង់​សិទ្ធិ​ចូលរួម​សវនាការ​ទាំង​លោក គឹម សុខ និង​លោក ជូង ជូងី នេះ បាន​បង្ខំ​ឲ្យ​លោក គី តិច ស្នើ​ទៅ​ចៅក្រម​ចេញ​បញ្ជា​ឲ្យ​ឆ្មាំ​ពន្ធនាគារ​នាំ​ខ្លួន​លោក គឹម សុខ ចូល​សវនាការ​វិញ​ភ្លាម ទោះ​ឆ្លើយ ឬ​មិន​ឆ្លើយ តែ​ត្រូវ​មាន​វត្តមាន​នៅ​ក្នុង​អង្គ​សវនាការ។
លោក គឹម សុខ បើ​ទោះ​ជា​ត្រូវ​បង្ខំ​ចិត្ត​អង្គុយ​ទាំង​ទើសទាល់​នៅ​ខាង​មុខ​រង្វង់​ក្រចក​សេះ លោក​បាន​យក​ក្រដាស​ដែល​មាន​នៅ​ក្នុង​ដៃ​របស់​លោក ញ៉ុក​ត្រចៀក​ទាំង​សងខាង បង្ហាញ​ពី​ការ​បោះបង់​ការ​ចូលរួម​សវនាការ ហើយ​អង្គុយ​ធ្វើ​ហី។ ស្រប​ពេល​សវនាការ​មិន​ទាន់​បាន​ដំណើរការ​នៅ​ឡើយ​ផង បរិយាកាស​នៅ​ក្នុង​បន្ទប់​កាត់​ក្ដី​កាន់​តែ​តានតឹង​ទៅៗ រហូត​បង្ខំ​ចិត្ត​ឲ្យ​លោក គឹម សុខ ទាមទារ​ប្ដឹង​ដិត​ចិត្ត ឬ​ប្ដឹង​ដូរ​ចៅក្រម​ចេញ ប៉ុន្តែ​ត្រូវ​បាន​លោក គី ឬទ្ធី អះអាង​ប្រាប់​អង្គ​ជំនុំ​ជម្រះ​ថា​មិន​អាច​ធ្វើ​បាន​ទេ វា​ហួស​ពេល​ទៅ​ហើយ ហើយ​លោក​នៅ​តែ​ជា​ចៅក្រម​រហូត​ដល់​ចប់​នីតិវិធី។ ប៉ុន្តែ​បញ្ហា​នេះ ត្រូវ​បាន​លោក ជូង ជូងី ជំទាស់។ មេធាវី​រូប​នេះ​អះអាង​ថា ការ​ប្ដឹង​ដូរ​ចៅក្រម​នេះ ធ្វើ​ពេល​ណា​ក៏​បាន​ដែរ នៅ​ពេល​ណា​សវនាការ​លើ​អង្គ​សេចក្ដី​មិន​ទាន់​ចប់​នៅ​ឡើយ​នោះ។
លោក គឹម សុខ ត្រូវ​បាន​តំណាង​អយ្យការ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សៀង សុខ ចោទ​ប្រកាន់​តាម​បណ្ដឹង​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​លោក ហ៊ុន សែន គឺ​លោក គី តិច រួច​លោក រស់ ពិសិដ្ឋ ជា​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ។
នៅ​ក្នុង​បន្ទប់​ជំនុំ​ជម្រះ​កាល​ពី​រសៀល​ថ្ងៃ​ទី​២៦ កក្កដា លោក ជូង ជូងី បាន​ជំទាស់​ថា តុលាការ​បាន​ប្រើប្រាស់​សិទ្ធិ និង​គាប​សង្កត់​កូន​ក្ដី​របស់​ខ្លួន ហើយ​មិន​ស្ដាប់​ការ​បំភ្លឺ​របស់​លោក ទើប​បង្ខំ​ចិត្ត​ឲ្យ​លោក​បោះបង់​សវនាការ​នេះ​ចោល។
ដោយឡែក​លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​លោក ហ៊ុន សែន វិញ​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា តុលាការ​ពុំ​បាន​ដាក់​ការ​គាប​សង្កត់​ឡើយ ប៉ុន្តែ​លោក គឹម សុខ ខ្លួន​ឯង​ទៅ​វិញ​ទេ​បាន​ដើរ​ឆ្ងាយ​ចេញ​ពី​អ្វី​ដែល​តុលាការ​កំពុង​តែ​សួរនាំ។ លោក​បន្ត​ថា «គេ​កាត់​រឿង​ដីកា​មុន​អង្គ​សេចក្ដី យើង​ទៅ​និយាយ​រឿង​អង្គ​សេចក្ដី អា​ហ្នឹង​តុលាការ​មិន​ឲ្យ​និយាយ​ទេ។ ដូច​មិញ​នេះ​អ៊ីចឹង គេ​កាត់​រឿង​ដែល​គាត់​សុំ​ឲ្យ​ដើម​បណ្ដឹង​សុំ​មក​តទល់ គាត់​ឆ្លៀត​ឱកាស​ទៅ​និយាយ​អង្គ​សេចក្ដី​បាត់​ហើយ។ តុលាការ​គាត់​ប្រាប់​បាត់​ហើយ​ចាំ​តិច ចាំ​អា​នេះ​ចប់​សិន បាន​បន្ត​ទៅ​អង្គ​សេចក្ដី ប៉ុន្តែ​គាត់​នៅ​តែ​និយាយ»
នៅ​ក្នុង​សេចក្ដី​សន្និដ្ឋាន​ចុង​ក្រោយ លោក គី តិច បាន​ស្នើ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​លោក គឹម សុខ ឲ្យ​បាន​ធ្ងន់ធ្ងរ ហើយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ២​ពាន់​លាន​រៀល។ លោក គឹម សុខ នៅ​ពេល​ឆ្មាំ​ពន្ធនាគារ​នាំ​ចេញ​តាម​ផ្លូវ​ក្រោយ បាន​រិះគន់​ថា តុលាការ​ធ្វើ​តាម​តែ​ការ​តម្រូវ និង​តាម​សម្ដី​នរក​របស់​លោក ហ៊ុន សែន៕
ប្រភព៖ RFA Khmer

No comments:

Post a Comment