កន្លែងលក់អាហាររបស់ជនជាតិវៀតណាម នៅភូមិថ្មបីដុំ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ ជាប់ព្រំដែនវៀតណាម។ រូបថតថ្ងៃ២៥ កក្កដា ឆ្នាំ២០១៧។ Photo provided |
របាយការណ៍បឋមក្នុងរាត្រី៣៤ របស់សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរចំនួន ៤ទំព័រ បានដាក់
ចំណងជើងថា "ភូមិថ្មបីដុំ នឹងក្លាយជាតំបន់គ្រីមៀ (Crimea) ទី១នៅកម្ពុជា"។ ភូមិថ្មបីដុំនេះ ស្ថិតក្នុងឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ ដែលក្រុមយុវជនបានចុះស្រាវជ្រាវដោយផ្ទាល់ កាលពីថ្ងៃទី២៤ និងទី២៥ ខែកក្កដា។
ការព្រួយបារម្ភថា ភូមិថ្មបីដុំ នឹងក្លាយជារបស់វៀតណាមនោះ ដោយក្រុមយុវជនសំអាងលើការរកឃើញ៥ចំណុចសំខាន់ៗ។ ទី១ គឺនៅភូមិថ្មបីដុំ នោះ មានជនជាតិវៀតណាម រស់នៅស្ទើរតែជាង ៩៩ភាគរយ ក្នុងនោះមួយចំនួនតូចចេះនិយាយខ្មែរតិចៗ។ ទី២ រចនាបថសាងសង់អគារ ផ្ទះសម្បែង ស្លាកយីហោរកស៊ី និងការរស់មានលក្ខណៈជាវៀតណាម ទី៣ ពុំឃើញមានប៉ុស្តិ៍ត្រួតពិនិត្យដូចវៀតណាម ដែលនៅជាប់បង្គោលព្រំដែនលេខ ២៦៥ ហើយពលរដ្ឋវៀតណាម ចេញចូលយ៉ាងសេរី។ ទី៤ ភូមិថ្មបីដុំ កម្រមានប្រជាជនខ្មែរចេញចូលទីនោះ ហើយគ្មានផ្លូវធ្វើដំណើរទៅកាន់ភូមិនោះឡើយ ខុសពីវៀតណាម ដែលមានហេដ្ឋារចនាសម្ព័ន្ធភ្ជាប់ភូមិថ្មបីដុំ ទៅប្រទេសរបស់គេដូចជាបានសាងសង់ផ្លូវទាំងផ្លូវទឹក និងផ្លូវគោក។ រីឯចំណុចចុងក្រោយនោះ នៅភូមិថ្មបីដុំ គ្មានអត្តសញ្ញាណជាតិខ្មែរទេ ដូចជាគ្មានវត្តអារាម សាលារៀងខ្មែរ មានតែថ្មបីដុំ ដែលពលរដ្ឋខ្មែរស្គាល់ថា ជារបស់ខ្មែរ តែនៅពេលនេះ ទីនោះមានការគោរពបូជាពីប្រជាជនវៀតណាម ទៅហើយ។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី លើកឡើងថា ផ្អែកលើការរកឃើញទាំង ៥ចំណុចខាងលើនេះ ធ្វើឲ្យពួកគេហ៊ានសន្និដ្ឋានថា ភូមិថ្មបីដុំ នឹងក្លាយជារបស់វៀតណាម នៅថ្ងៃអនាគត បើទោះបីជាមានការបោះបង្គោលព្រំដែនកាលពីឆ្នាំ២០១១ នៅទីនោះ គឺបង្គោលព្រំដែនលេខ ២៦៥ ក៏ដោយចុះ៖ «ចំណុចប្រាំដែលខ្ញុំបានលើកឡើងនេះ គឺជាចំណុចដែលរដ្ឋាភិបាលត្រូវតែធ្វើការដោះស្រាយជាបន្ទាន់ ធ្វើយ៉ាងណាឲ្យតំបន់ថ្មបីដុំនោះ គឺឋិតនៅក្រោមការគ្រប់គ្រងរបស់ខ្មែរយើងយ៉ាងជាក់ច្បាស់ ដូចជាយើងបានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យការចេញចូលរបស់វៀតណាម នៅតំបន់នោះឲ្យបានត្រឹមត្រូវ ហើយធ្វើផ្លូវពីភូមិថ្មបីដុំ មកកម្ពុជា យើងឲ្យបានមួយខ្សែ ហើយធ្វើយ៉ាងណាឲ្យប្រជាជនខ្មែរទៅរស់នៅទីនោះ ឲ្យបានច្រើនទៅច្រើនទៅជាងពលរដ្ឋវៀតណាម។ នេះទើបយើងធានាថា ទៅថ្ងៃអនាគតយើងអត់បាត់បង់ទឹកដី»។
បង្គោលព្រំដែនកម្ពុជា-វៀតណាម លេខ ២៦៥
និងប៉ុស្តិ៍ត្រួតពិនិត្យរបស់វៀតណាម ស្ថិតនៅតំបន់ថ្មបីដុំ
ស្រុកបូរីជលសារ ខេត្តតាកែវ
ដែលនៅទីនេះពុំមានប៉ុស្តិ៍ត្រួតពិនិត្យរបស់ភាគីខ្មែរនោះទេ។
រូបថតថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៧។ Photo provided
Photo provided
|
ទោះយ៉ាងណាក្តី ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លើកឡើងថា អ្វីដែលមាននៅក្នុងរបាយការណ៍នោះ គឺពួកគេគ្រាន់តែសម្ដែងក្ដីព្រួយបារម្ភពីការបាត់បង់ភូមិខ្មែរប៉ុណ្ណោះ ហើយលោកថា មន្ត្រីរដ្ឋាភិបាលគួរតែចុះពិនិត្យមើលដោយផ្ទាល់៖ «ខ្ញុំគិតថា បើរដ្ឋាភិបាលជំទាស់លើរបាយការណ៍នេះ គាត់គួរតែមានរបាយការណ៍ណាមួយដែលបង្ហាញពីការពិតជាក់ស្ដែងក្នុងតំបន់នោះ មកបង្ហាញពួកយើងវិញ ហើយបើពួកគាត់អត់មាន ហើយសូម្បីតែការចុះទៅផ្ទាល់ គាត់មិនទាន់ទាំងបានចុះទៅផង តើគាត់យកសម្ដីគាត់មកប្រកែកថា របាយការណ៍នេះមិនត្រឹមត្រូវ ដូច្នេះគឺជារឿងមួយដែលមិនគប្បីសម្រាប់ប្រជាជនខ្មែរដែរ»។
ទាក់ទិនបញ្ហានេះដែរ ប្រធានក្រុមស្រាវជ្រាវកិច្ចការព្រំដែននៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច ក៏បានលើកហេតុផល ៥ចំណុចដែរថា នៅតំបន់ថ្មបីដុំនោះ មិនអាចទៅជារបស់វៀតណាម។ ទី១ គឺកម្ពុជា មានច្រកថ្មបីដុំ ទី២ មានកាស៊ីណូថ្មបីដុំ ទី៣ មានអ្នកតាថ្មបីដុំ ទី៤ មានព្រំដែនច្រកថ្មបីដុំ ទី៥ គឺមានឃុំច្បាស់ដែលគេស្គាល់ថាថ្មបីដុំ៖ «ថ្មបីដុំនេះ យើងបានដឹងហើយថា វាជារបស់កម្ពុជា ដែលយើងបានបោះបង្គោលរួចហើយ។ ចំណុចទី២ ម្តុំនោះសំបូរកាស៊ីណូ ហើយកាស៊ីណូ យើងដឹងហើយថា ខ្មែរយើងមិនសូវលេងទេ មានតែខាងវៀតណាម លេង មិនខុសពីខាងប៉ោយប៉ែត ទេ។ កន្លែងនេះដែលយើងចូលចិត្តជ្រុលនិយម ហើយខ្វះមូលដ្ឋានក្នុងការស្រាវជ្រាវ។ បើយើងក្រឡេកមើលប៉ោយប៉ែត សូម្បីតែហាងក៏ដាក់ភាសាថៃ ដែរ ហើយបើយើងទៅប្រទេសថៃ វិញ យើងឃើញពេទ្យខ្លះដាក់អក្សរខ្មែរ អក្សរអង់គ្លេស និងអក្សរថៃ ដូចគ្នា។ អ៊ីចឹងធម្មតានៅជិតព្រំដែនវាអ៊ីចឹង ហើយគាត់និយាយគ្រីមៀ នេះ គាត់មានយល់អត់រឿងគ្រីមៀ នេះ?»។
ក្នុងរបាយការណ៍ស្រាវជ្រាវនោះ ក្រុមការងារ "១០០រាត្រី" បានបង្ហាញវិធីសាស្ត្រនៃការសិក្សាស្រាវជ្រាវថា ពួកគេបានចុះមូលដ្ឋានផ្ទាល់ ជួបប្រជាពលរដ្ឋ និងអាជ្ញាធរ និងធ្វើការអង្កេតផ្ទាល់ទៅលើស្ថានភាពសេដ្ឋកិច្ច នយោបាយ បញ្ហាលំហូរចូលនៃជនអន្តោប្រវេសន៍ខុសច្បាប់ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងអ្វីដែលជាតម្រូវការចម្បងដែលរដ្ឋាភិបាល ត្រូវដោះស្រាយជាអាទិភាព និងជាបន្ទាន់។ គោលបំណងនៃការស្រាវជ្រាវនេះ ពួកគេបញ្ជាក់ថា ដើម្បីជួយរដ្ឋាភិបាលអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើន និងចង់បង្ហាញឲ្យពលរដ្ឋខ្មែរបានឃើញ និងចូលរួមការពារប្រទេសទាំងអស់គ្នា ហើយពួកគេអះអាងថា គ្មានចេតនារិះគន់ជាន់ពន្លិចគណបក្សណាមួយឡើយ៕
ប្រភព៖ RFA Khmer
No comments:
Post a Comment