ព្រះតេជព្រះគុណ ហោ សុខុន ព្រះគ្រូចៅអធិការវត្តច្បារអំពៅ (រូបកណ្ដាល) មានថេរដីកានៅក្នុងសន្និសីទកាសែតស្ដីពីបណ្ដឹងប្រឆាំងលោក ខឹម វាសនា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧។ RFA/Morm Moniroth |
បណ្ដឹងប្រឆាំងលោក ខឹម វាសនា នេះ ត្រូវបានព្រះគ្រូចៅអធិការវត្តច្បារអំពៅ មានថេរដីកាថា មុននឹងដាក់ទៅតុលាការដែលជាជម្រើសចុងក្រោយនោះ គឺបណ្ដឹងដែលមានខ្លឹមសារដូចគ្នានេះ ត្រូវដាក់ទៅក្រសួងមហាផ្ទៃ រដ្ឋសភា និងរដ្ឋាភិបាលជាមុនសិន។
មានថេរដីកានៅក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា នៅវត្តច្បារអំពៅ ព្រះតេជព្រះគុណ ហោ សុខុន យល់ឃើញថា លោក ខឹម វាសនា កាន់តែប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរទៅៗ ជាពិសេសក្នុងដំណាក់កាលចុងក្រោយនេះ នៅពេលបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចាញ់ឆ្នោត។ ព្រះអង្គបន្តថា ព្រះអង្គនឹងមិនប្តឹងដើម្បីឲ្យរំលាយគណបក្សនេះទេ ប៉ុន្តែការអំពាវនាវនេះគឺស្នើឲ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងចំពោះលោក ខឹម វាសនា វិញ៖ «ទាក់ទងនឹងស្ថានទម្ងន់ទោសរបស់គាត់ដែលអាត្មាប្ដឹងចោទប្រកាន់នេះ សូមឲ្យស្ថាប័នពាក់ព័ន្ធ ស្ថាប័នអ្នកកាន់ច្បាប់ និងអនុវត្តច្បាប់ សូមដាក់ឲ្យកម្រិតទោសគាត់ប៉ុណ្ណា ដាក់ប៉ុណ្ណឹង»។
អ្នកនយោបាយដែលមានប្រភពចេញពីតួកុននេះ ពុំមែនទើបតែមានបណ្ដឹងថ្មីសន្លាងនៅពេលនេះឡើយ។ កាលពីឆ្នាំ២០១៥ គណៈសង្ឃនាយកបានដាក់បណ្ដឹងម្ដងរួចហើយដែរទៅលោក ហ៊ុន សែន។ កាលពីខែមិថុនា ឆ្នាំ២០១៧ ក៏មានបណ្តឹងដាច់ដោយឡែកមួយថ្មីទៀត របស់លោក សុច សឿង ពលរដ្ឋរស់នៅខណ្ឌដង្កោ ដាក់ទៅតុលាការក្រុងភ្នំពេញ ប្រឆាំងនឹងលោក ខឹម វាសនា នេះដែរ។
មានថេរដីកាទៅកាន់ក្រុមអ្នកកាសែត ព្រះគ្រូចៅអធិការវត្តច្បារអំពៅ អង្គនេះបញ្ជាក់ថា បណ្ដឹងនេះគ្រោងនឹងដាក់ទៅក្រសួងមហាផ្ទៃ នៅក្នុងអំឡុង ២ ឬ ៣ថ្ងៃខាងមុខទៀត ក្រោយទទួលបានញត្តិគ្រប់គ្រាន់។ ព្រះអង្គបន្តថា រាល់ពាក្យបណ្ដឹងត្រូវមានភាពស្អាតស្អំ ហើយអ្នកដែលប្ដឹងត្រូវសុំថតរូបមួយប៉ុស្តិ៍ទុកផង។ ព្រះអង្គបន្តថា បណ្ដឹងប្រឆាំងមេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនេះ ពុំមែនរៀបចំឡើងសម្រាប់តែក្នុងប្រទេសទេ ពោលនៅបណ្ដាប្រទេសមួយចំនួនទៀត ក៏រៀបចំយុទ្ធនាការស្នាមមេដៃ និងញត្តិដូចគ្នានេះដែរ។
លោក ខឹម វាសនា រងការរិះគន់ថា ជាអ្នកនយោបាយដែលបណ្ដុះវប្បធម៌ជេរ និងប្រមាថជាតិសាសន៍ខ្លួនឯងដោយមិនសំចៃមាត់។ មិនត្រឹមតែប៉ុណ្ណោះ ជាអ្នកនយោបាយដែលប្រមាថព្រះចេស្ដាព្រះមហាក្សត្រ ដែលគាំពារដោយរដ្ឋធម្មនុញ្ញថែមទៀតផង។ មាត្រា ៧ នៃរដ្ឋធម្មនុញ្ញចែងថា អង្គព្រះមហាក្សត្រពុំអាចនរណារំលោភបំពានបានឡើយ។
កាលពីថ្ងៃទី២៣ ខែមិថុនា តុលាការក្រុងភ្នំពេញ បានចាត់ការលើបណ្ដឹងប្រឆាំងលោក ខឹម វាសនា នេះម្ដងរួចហើយដែរ។ ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញ លោក ស៊ិន វីរៈ បានកោះហៅដើមបណ្ដឹងឈ្មោះ សុច សឿង ដែលប្ដឹងលោក ខឹម វាសនា ពីបទជេរប្រមាថ និងមើលងាយពូជសាសន៍ខ្មែរនេះ ហើយសន្យាថា នឹងចាត់វិធានការតាមផ្លូវច្បាប់នៅពេលក្រោយ។
អគ្គលេខាធិការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ជិន ថុន អះអាងថា គណបក្សហាក់មិនបារម្ភចំពោះពាក្យបណ្ដឹងនេះទេ ហើយបញ្ហានេះក៏មិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការរបស់គណបក្សដែរ។ ជាងនេះទៀត គណបក្សរបស់លោកស្វាគមន៍ជានិច្ច និងព្យាយាមដោះស្រាយគ្រប់ដំណាក់កាល៖ «បើនិយាយពីជំហររបស់គណបក្ស គណបក្សដូចតែរឿងមុនអ៊ីចឹង។ យើងឲ្យដំណើរការព្រះអង្គធ្វើអី ឲ្យព្រះអង្គធ្វើមុនទៅ។ គណបក្សចាំតែទៅតាមក្រោយដូចលោក សុច សឿង ដែលបានប្ដឹងមុនអ៊ីចឹង»។
អាស៊ីសេរី ពុំអាចស្នើសុំការបំភ្លឺជុំវិញបញ្ហានេះពីភាគីក្រសួងមហាផ្ទៃ បានទេ នៅថ្ងៃទី២៧ ខែកក្កដា។
បើទោះជាបែបណា អ្នកជំនាញផ្នែកអភិបាលកិច្ច និងវិទ្យាសាស្ត្រនយោបាយលោកបណ្ឌិត ចាន់ វិបុល យល់ឃើញថា ប្រជាពលរដ្ឋមានសិទ្ធិ និងកាតព្វកិច្ចធ្វើបណ្ដឹងបានដូចគ្នា ផ្អែកទៅតាមគោលការណ៍ច្បាប់។ លោកបន្តថា មូលហេតុដែលឈានទៅការប្ដឹងផ្ដល់នេះ អាចមកពីអ្នកធ្វើការសម្រេចក្នុងគោលនយោបាយ មិនខ្វល់ពីអ្នកនយោបាយដែលធ្វើឲ្យប៉ះពាល់ជាតិ និងសង្គម។ ជាងនេះទៀត ប្រសិនបើភាគីណាមួយនៅតែឆ្លៀតកេងចំណេញពីការធ្វើនយោបាយមិនស្មោះត្រង់នេះទៀត នោះការដោះស្រាយនៅតែពុំមានប្រសិទ្ធភាព៖ «ប្រសិនបើក្នុងករណីនេះ អ្នកនយោបាយផ្សេងទៀតនៅប្រើប្រាស់ផលប្រយោជន៍នេះទេ ខ្ញុំយល់ឃើញថា ប្រហែលជាប្រសិទ្ធភាពក្នុងការទទួលការឆ្លើយតប ឬការដោះស្រាយ ឬក៏ការសម្របសម្រួលណាមួយប្រហែលជានឹងមិនបានទៅតាមអ្វីដែលជាការចង់បាននោះទេ»។
ព្រះតេជព្រះគុណ ហោ សុខុន ព្រមានថា ប្រសិនក្រសួងមហាផ្ទៃ មិនចាត់វិធានការតាមសំណើលើមេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទេ មានញត្តិបន្តទៀតនឹងរុញទៅរដ្ឋាភិបាល។យុទ្ធនាការប្រមូលញត្តិនេះ ព្រះតេជព្រះគុណ ហោ សុខុន មានសុទិដ្ឋិនិយមថា ប្រសិនបើរដ្ឋាភិបាលព្រងើយកន្តើយ បញ្ហានេះអាចនឹងធ្វើឲ្យបក្សកាន់អំណាចត្រូវបាត់បង់សំឡេងគាំទ្រមួយកម្រិតថែមទៀត៕
ប្រភព៖ RFA Khmer
No comments:
Post a Comment