អំពើឃាតកម្ម និងការសម្លាប់មនុស្សក្រៅច្បាប់
តែងកើតមានជាហូរហែមកទល់សព្វថ្ងៃ
បើទោះជារដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ចែងថា
ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព
និងសន្តិសុខផ្ទាល់ខ្លួនយ៉ាងណាក្តី។
អំពើឧក្រិដ្ឋទាំងនោះ ត្រូវបានធ្វើឡើងសំដៅសកម្មជននយោបាយ
អ្នករិះគន់រដ្ឋាភិបាល និងអ្នកសារព័ត៌មាន។
ស្ថានភាពនេះកាន់តែអាក្រក់នៅពេលដែលអាជ្ញាធរមិនអាចវែកមុខចាប់ជនប្រព្រឹត្តិ
ឬស្វែងរកអ្នកទទួលខុសត្រូវបាននោះ។ គណបក្សប្រឆាំង
និងអង្គការសង្គមស៊ីវិល ចាត់ទុកថា
នេះជាអំពើនិទ្ទណ្ឌភាពដែលជះឥទ្ធិពលអាក្រក់ដល់ដំណើរការកសាងនីតិរដ្ឋរបស់កម្ពុជា។
កម្ពុជា បានអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស
អស់រយៈពេលជាង ២០ឆ្នាំទៅហើយ។
ច្បាប់ជាច្រើនត្រូវបានបង្កើតឡើងដើម្បីពង្រឹងនីតិរដ្ឋ
ក៏ប៉ុន្តែការអនុវត្តច្បាប់មានភាពទន់ខ្សោយ ធូររលុង អូសបន្លាយ
និងមិនទាន់អាចសម្រេចបានតាមការចង់បានរបស់មជ្ឈដ្ឋាននានានៅឡើយ។
ជាង ២ទសវត្សរ៍មកនេះ យ៉ាងហោចណាស់ក៏មានមនុស្សជាង
១០០នាក់ដែរដែលត្រូវបានធ្វើឃាតដោយសារការបំពេញមុខងាររបស់ខ្លួន
ការបញ្ចេញមតិរិះគន់រដ្ឋាភិបាល ការធ្វើសកម្មភាពនយោបាយ
និងហេតុផលដទៃទៀត។ អ្នកទាំងនោះរួមមាន អ្នកសារព័ត៌មាន
សកម្មជនគណបក្សនយោបាយ សកម្មជនបរិស្ថាន សកម្មជនការពារដីធ្លី ព្រះសង្ឃ
មេដឹកនាំសហជីព កម្មកររោងចក្រ និងអ្នកវិភាគនយោបាយ។
របាយការណ៍របស់អង្គការលីកាដូ (LICADHO) បង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១២ មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១០នាក់ (១១នាក់) ត្រូវបានគេធ្វើឃាតដោយមូលហេតុនៃការរាយការណ៍ព័ត៌មានរិះគន់រដ្ឋាភិបាល
និងបរិហារការធ្វើជំនួញខុសច្បាប់របស់មន្ត្រីមានអំណាច
និងក្រុមឈ្មួញទុច្ចរិត។
ក្នុងចំណោមជនរងគ្រោះទាំងនោះ
អ្នកដែលពាក់ព័ន្ធរឿងនយោបាយជ្រៅជាងគេ គឺលោក ឃឹម សំបូរ
ដែលជាអ្នកសារព័ត៌មាននៃកាសែតមនសិការខ្មែរ ដែលស្និទ្ធនឹងគណបក្ស សម
រង្ស៊ី។ លោក ឃឹម សំបូរ និងកូនប្រុសម្នាក់
ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅខែកក្កដា ឆ្នាំ២០០៨។ ជាញឹកញាប់
លោក ឃឹម សំបូរ
សរសេរអត្ថបទទាក់ទងនឹងអំពើពុករលួយរបស់មន្ត្រីរដ្ឋាភិបាល
និងតែងរិះគន់ចំៗទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងគណបក្សប្រជាជនកម្ពុជា។
ក្រៅពីអ្នកសារព័ត៌មាន សកម្មជនបក្សប្រឆាំង និងក្រុមសហជីព ក៏ទទួលរងនូវការវាយប្រហារ និងបាញ់សម្លាប់ដូចគ្នា។
របាយការណ៍នៃការកាន់អំណាចរបស់លោក ហ៊ុន សែន រយៈពេល ៣០ឆ្នាំរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចេញផ្សាយកាលពីឆ្នាំ២០១៣
បង្ហាញថា ការវាយប្រហារ និងបាញ់សម្លាប់សកម្មជនបក្សប្រឆាំង
និងសហជីព កើតមានជាច្រើនករណីនៅចន្លោះការបោះឆ្នោតជាតិអាណត្តិទី២
និងទី៣។
នៅខែមីនា ឆ្នាំ១៩៩៧ គ្រាប់បែកចំនួន ៤គ្រាប់
ត្រូវបានមនុស្សមួយក្រុមគប់ចូលក្នុងហ្វូងបាតុករដឹកនាំដោយលោក សម
រង្ស៊ី នៅមុខអតីតវិមានរដ្ឋសភា។
ការវាយប្រហារដោយហិង្សាទៅលើបាតុករដែលទាមទារឲ្យមានការកែប្រែប្រព័ន្ធយុត្តិធម៌នេះ
បានធ្វើឲ្យមនុស្ស ១៦នាក់ស្លាប់ និងជាង ១៥០នាក់ផ្សេងទៀតរងរបួស។
៤ខែក្រោយមក គឺនៅថ្ងៃទី៥ និងថ្ងៃទី៦ ខែកក្កដា
ឆ្នាំ១៩៩៧
រដ្ឋប្រហារបង្ហូរឈាមមួយបានផ្ទុះឡើងកក្រើកក្រុងភ្នំពេញ។
អង្គការសហប្រជាជាតិ រកឃើញថា មានមន្ត្រីបក្សនយោបាយ
និងមេទ័ពគណបក្សហ៊្វុនស៊ិនប៉ិច ប្រមាណពី ៤០នាក់ទៅ ៦០នាក់
ត្រូវបានសម្លាប់ក្រោយពេលចាប់ខ្លួន ឬបន្ទាប់ពីទម្លាក់អាវុធ
និងជាច្រើននាក់ទៀត ត្រូវបានបាញ់ស្លាប់ពេលប្រយុទ្ធគ្នា។
អ្នករងគ្រោះភាគច្រើនជាកងកម្លាំងរបស់ហ៊្វុនស៊ិនប៉ិច ហើយក្នុងនោះ
មន្ត្រីជាន់ខ្ពស់ខាងយោធា និងស៊ីវិលជាច្រើនរូប ដូចជាលោក ចៅ សម្បត្តិ
ក្រូច យឿម និងលោក ហូ សុក ជាដើម ត្រូវបានគេបាញ់សម្លាប់។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) សរសេរនៅក្នុងរបាយការណ៍ថា
អាជ្ញាធររដ្ឋាភិបាលមិនបានវែកមុខចាប់ជនដៃដល់
និងអ្នកនៅពីក្រោយខ្នងករណីហិង្សាទាំងពីរព្រឹត្តិការណ៍
យកមកផ្ដន្ទាទោសតាមច្បាប់នោះទេ។ ផ្ទុយទៅវិញ
អ្នកដែលជាប់សង្ស័យថាមានជាប់ពាក់ព័ន្ធនឹងករណីឧក្រិដ្ឋទាំងពីរ
បែរជាត្រូវបានដំឡើងឋានៈ និងតួនាទីនៅក្នុងជួររដ្ឋាភិបាលទៅវិញ។
ករណីឃាតកម្មលើសកម្មជនគណបក្សនយោបាយ
បានកើតឡើងជាបន្តបន្ទាប់។ ចាប់ពីដើមឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០១
សកម្មជនគណបក្ស សម រង្ស៊ី នៅមូលដ្ឋានជិត ២០នាក់ (១៧នាក់) ត្រូវបានឃាតកបាញ់សម្លាប់។
អំពើឃាតកម្មទៅលើសកម្មជននយោបាយបក្សប្រឆាំង
មិនបានបញ្ឈប់ត្រឹមនោះទេ។ នៅអំឡុងការបោះឆ្នោតជាតិខែកក្កដា
ឆ្នាំ២០០៣ មន្ត្រីគណបក្ស សម រង្ស៊ី ៧នាក់ផ្សេងទៀត
ត្រូវបានឃាតកសម្លាប់។ នៅឆ្នាំដដែលនោះ
ទីប្រឹក្សាជាន់ខ្ពស់នៃគណបក្សហ៊្វុនស៊ិនប៉ិច លោក ឱម រដ្ឋសាឌី
ក៏ត្រូវបានគេបាញ់សម្លាប់នៅរាជធានីភ្នំពេញ
ដែលអំពើឃាតកម្មនេះត្រូវបានចាត់ទុកថាជាការគំរាមកំហែងផ្នែកនយោបាយចំពោះគណបក្សហ៊្វុនស៊ិនប៉ិច
និងគណបក្ស សម រង្ស៊ី។
ក្រោយការបោះឆ្នោតជាតិឆ្នាំ២០០៣
អំពើឃាតកម្មត្រូវបានធ្វើឡើងសំដៅក្រុមសហជីពវិញម្តង។
ប្រធានសហជីពសេរីកម្មករ លោក ជា វិជ្ជា ដែលស្និទ្ធនឹងគណបក្ស សម រង្ស៊ី
ត្រូវបានឃាតកបាញ់សម្លាប់នៅតូបលក់កាសែតជិតវត្តលង្កា នៅខែមករា
ឆ្នាំ២០០៤។ ក្រោយឃាតកម្មនេះ ឃាតកសិប្បនិម្មិត ២រូប គឺ ប៊ន សំណាង និង
សុខ សំអឿន ត្រូវបានអាជ្ញាធរនាំមកកាត់ទោស
និងឃុំខ្លួនអស់រយៈពេលសរុបជិត ៦ឆ្នាំដោយគ្មានទោសកំហុស។
អ្នកទាំងពីរត្រូវបានតុលាការកំពូល
សម្រេចដោះលែងឲ្យមានសេរីភាពវិញនៅឆ្នាំ២០១៣។
ជាង ៤ខែក្រោយឃាតកម្មលើលោក ជា វិជ្ជា
មេដឹកនាំសហជីពមួយរូបទៀត គឺលោក រស់ សុវណ្ណារ៉េត ត្រូវបានគេសម្លាប់
ហើយនៅឆ្នាំ២០០៧ ថ្នាក់ដឹកនាំសហជីពម្នាក់ទៀត គឺលោក ហ៊ី វុទ្ធី
ក៏ត្រូវបានគេសម្លាប់ដូចគ្នា។ នៅឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន បានតែងតាំងសមាសភាពពិសេសក្នុងគណៈកម្មការអន្តរក្រសួង
ដើម្បីស៊ើបអង្កេតលើករណីឃាតកម្មលើមេដឹកនាំសហជីពទាំងបីរូបនេះ។
ប៉ុន្តែមកទល់នឹងពេលបច្ចុប្បន្ន
គណៈកម្មការពិសេសមួយនេះមិនទាន់បង្ហាញលទ្ធផលស៊ើបអង្កេតរបស់ខ្លួនដល់សាធារណជននៅឡើយ។
អំពើឃាតកម្មមិនត្រឹមតែកើតមានទៅលើអ្នកសារព័ត៌មាន
សកម្មជនបក្សប្រឆាំង និងមេដឹកនាំសហជីពប៉ុណ្ណោះទេ
ប៉ុន្តែក៏កើតមានទៅលើព្រះសង្ឃដែរ។ នៅដើមខែកុម្ភៈ ឆ្នាំ២០០៣
ព្រះធម្មវិប្បសនា សំ ប៊ុនធឿន អធិបតីពុទ្ធមណ្ឌល
និងជាអគ្គនាយកវិបស្សនាធុរៈសិក្សានៃព្រះរាជាណាចក្រកម្ពុជា
ត្រូវបានឃាតកបាញ់ប្រហារនៅវត្តលង្កា ក្រុងភ្នំពេញ។
ព្រះអង្គបានសុគតនៅមន្ទីរពេទ្យកាល់ម៉ែត នៅពីរថ្ងៃបន្ទាប់
ក្នុងព្រះជន្ម ៤៧ព្រះវស្សា។ ព្រះគ្រូ សំ ប៊ុនធឿន
មានព្រះកិត្តិនាមល្បីល្បាញខាងការអប់រំផ្លូវចិត្តតាមរយៈការធ្វើវិបស្សនា
និងការទូន្មានពុទ្ធបរិស័ទ និងសាវ័ករបស់ព្រះអង្គឲ្យសាងតែអំពើល្អ
ចៀសវាងអំពើអាក្រក់ ហើយសេចក្តីបង្រៀនរបស់ព្រះអង្គ
សុទ្ធតែឆ្លុះបញ្ចាំងការពិតក្នុងសង្គមខ្មែរ
ដែលពោរពេញដោយអំពើពុករលួយ និងអំពើបាប។
ជាង ១០ឆ្នាំកន្លងទៅនេះ
គ្មានជនណាម្នាក់ត្រូវបានចាប់ខ្លួន
ឬនាំខ្លួនមកកាត់ទោសទាក់ទងនឹងការធ្វើគុតព្រះតេជព្រះគុណ សំ
ប៊ុនធឿន ឡើយ។
ឃាតកម្មទៅលើសកម្មជននយោបាយ
និងអ្នករិះគន់រដ្ឋាភិបាលហាក់មានការថយចុះនៅអាណត្តិទី៣
ឆ្នាំ២០០៨ ពោលគឺនៅពេលដែលគណបក្សប្រជាជនកម្ពុជា
ឈ្នះអាសនៈច្រើនលើសលប់ដល់ទៅ ៩០អាសនៈក្នុងរដ្ឋសភា
ក៏ប៉ុន្តែនៅក្រោយពេលដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា
កាន់អំណាចពេញដៃនៅគ្រានោះ ហេតុការណ៍ដែលសំខាន់ជាងគេ
គឺការងើបតវ៉ាប្រឆាំងរបស់ពលរដ្ឋស្ទើរគ្រប់ខេត្តក្រុង
ចំពោះគោលនយោបាយផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជន
ដែលបានបង្កផលប៉ះពាល់ដល់ការរស់នៅ
និងជីវភាពរបស់ពលរដ្ឋនៅមូលដ្ឋាន។ ហើយជាញឹកញាប់
សកម្មជនដីធ្លីនៅតាមបណ្ដាខេត្ត ត្រូវរងការគំរាមកំហែង
និងសម្លាប់ជាច្រើនករណី។
នៅខែមេសា ឆ្នាំ២០១២ សកម្មជនការពារព្រៃឈើ
និងបរិស្ថានដ៏ល្បីមួយរូប គឺលោក ឈុត វុទ្ធី
ត្រូវបានកងរាជអាវុធហត្ថដែលដើរតួជាសន្តិសុខរបស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយ
បាញ់សម្លាប់នៅក្នុងព្រៃក្នុងខេត្តកោះកុង
នៅពេលរូបលោកចុះពិនិត្យសកម្មភាពកាប់ព្រៃឈើខុសច្បាប់ជាមួយអ្នកសារព័ត៌មាន។
លទ្ធផលជំនុំជម្រះនៃសំណុំរឿងនេះ មានភាពមិនប្រក្រតីច្រើន
ដែលធ្វើឲ្យគ្រួសារនៃជនរងគ្រោះ
និងអ្នកសង្កេតការណ៍មិនអាចទទួលយកបាននោះឡើយ។
ការបាញ់សម្លាប់បានកក្រើកឡើងវិញជាថ្មីទៀតនៅក្រោយការបោះឆ្នោតអាណត្តិទី៥
ពោលគឺនៅពេលមានមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ
ប្រឆាំងនឹងលទ្ធផលបោះឆ្នោត
និងនៅពេលកម្មកររោងចក្រជាច្រើនបាននាំគ្នាចេញតវ៉ាទាមទារដំឡើងប្រាក់ខែ។
យុវជនម្នាក់ឈ្មោះ ម៉ៅ សុខចាន់
ត្រូវបានសមត្ថកិច្ចបាញ់ចំក្បាល និងស្លាប់ភ្លាមៗនៅថ្ងៃទី១៥
ខែកញ្ញា ឆ្នាំ២០១៣ អំឡុងពេលមានការប៉ះទង្គិចគ្នារវាងសមត្ថកិច្ច
និងបាតុករនៅម្តុំស្ពានអាកាសក្បាលថ្នល់
ស្របពេលនៃការធ្វើបាតុកម្មថ្ងៃទីមួយរបស់គណបក្សសង្គ្រោះជាតិ
ដែលប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ។ លោក ម៉ៅ សុខចាន់
មិនមែនជាបាតុកររបស់គណបក្សសង្គ្រោះជាតិ នោះទេ
តែជាកម្មករសំណង់ដែលទើបត្រឡប់មកពីធ្វើការនៅរាជធានីភ្នំពេញ
ទៅលំនៅឋានរបស់ខ្លួនវិញ។
២ខែក្រោយមក គឺនៅខែវិច្ឆិកា ឆ្នាំ២០១៣
អ្នកលក់បាយនៅមុខសាលារៀនស្ទឹងមានជ័យ លោកស្រី អេង សុខុម
ត្រូវបានសមត្ថកិច្ចបាញ់ឲ្យស្លាប់នៅអំឡុងពេលការប៉ះទង្គិចរវាងសមត្ថកិច្ច
និងកម្មកររោងចក្រ អែស.អិល (SL) នៅមុខវត្តស្ទឹងមានជ័យ។
ហេតុការណ៍ដ៏ហិង្សានៅពេលនោះ កើតឡើងពេលក្រុមកម្មករជិត ១ពាន់នាក់
នាំគ្នាដង្ហែក្បួនទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងក្រសួងការងារ
ដើម្បីទាមទារឲ្យថៅកែរោងចក្រអនុវត្តកិច្ចសន្យាដែលបានព្រមព្រៀងគ្នាកាលពីពេលមុន
ប៉ុន្តែក្បួននេះត្រូវបានរារាំងដោយសមត្ថកិច្ចរាប់រយនាក់ដែលប្រដាប់ដោយខែល
ដំបង និងកាំភ្លើង រួមជាមួយឡានទឹកជាច្រើនគ្រឿងផង។
ជាបន្តបន្ទាប់
ការបង្ក្រាបរបស់សមត្ថកិច្ចទៅលើកម្មករមានលក្ខណៈកាន់តែធ្ងន់ធ្ងរ។
នៅដើមឆ្នាំ២០១៤ កម្មករ ៤នាក់បានស្លាប់
និងម្នាក់ទៀតបានបាត់ខ្លួនក្នុងការបាញ់បង្ក្រាបដោយហិង្សារបស់សមត្ថកិច្ចរាជធានីភ្នំពេញ
ទៅលើក្រុមកម្មករនៅផ្លូវវ៉េងស្រេង
ដែលធ្វើកូដកម្មទាមទារប្រាក់ឈ្នួល ១៦០ដុល្លារក្នុងមួយខែ។
គ្មានអ្នកណាត្រូវបាននាំយកមកកាត់ទោសចំពោះហេតុការណ៍បាញ់សម្លាប់ក្នុងពេលបង្ក្រាបរបស់អាជ្ញាធរនេះឡើយ
ហើយភាគីសមត្ថកិច្ចតែងឆ្លើយថា នេះជាការការពារសន្តិសុខ
សណ្ដាប់ធ្នាប់ និងជាការបង្ក្រាបក្រុមដែលបង្កចលាចលក្នុងសង្គម។
ហេតុការណ៍ឃាតកម្មចុងក្រោយបង្អស់ បានកើតឡើងលើបណ្ឌិត កែម ឡី
ដែលជាអ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម
និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព។
លោកត្រូវបានឃាតកបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ កក្កដា
ក្នុងហាងលក់ទំនិញស្តារម៉ាត (Star Mart) នៅក្បែរស្តុបបូកគោ រាជធានីភ្នំពេញ។
ក្នុងសំណុំរឿងដ៏កក្រើកមួយនេះ មានមនុស្សតែម្នាក់គត់ គឺ
ជួប សម្លាប់ ដែលគេស្គាល់ឈ្មោះពិតថា អឿត អាង
ត្រូវបានអាជ្ញាធរចាប់ខ្លួនយកមកជំនុំជម្រះ។ តុលាការក្រុងភ្នំពេញ
បានសម្រេចផ្ដន្ទាទោស ជួប សម្លាប់
ឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឃាតកម្មគិតទុកជាមុន។
ការផ្ដន្ទាទោស ជួប សម្លាប់ នេះ បានរងការរិះគន់ពីមជ្ឈដ្ឋានជាតិ
និងអន្តរជាតិ ថាធ្វើឡើងដោយតក់ក្រហល់
បន្សល់នូវភាពមន្ទិលសង្ស័យជាច្រើនចំណុច។
ទាំងនេះសុទ្ធសឹងតែជាករណីឃាតកម្មសំខាន់ៗដែលសាធារណមតិជាតិ
និងអន្តរជាតិ បានរិះគន់រដ្ឋាភិបាលកម្ពុជា
ថាបរាជ័យក្នុងការការពារសន្តិសុខជូនពលរដ្ឋ
និងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ
ដោយសារតែអាជ្ញាធរមិនទាន់ចាប់ខ្លួនជនដៃដល់
ឬឃាតកពិតយកមកផ្ដន្ទាទោសតាមច្បាប់នៅឡើយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ ខៀវ សុភ័គ
មិនបដិសេធនឹងការលើកឡើងបែបនេះឡើយ។ លោកថា
សមត្ថកិច្ចទទួលស្គាល់អ្វីដែលមិនទាន់ធ្វើបាន
ហើយនឹងបន្តលើកឡើងដដែលៗថា
អាជ្ញាធរនៅតែស៊ើបអង្កេតករណីឧក្រិដ្ឋកម្មទាំងនេះតទៅមុខទៀត
ដោយមិនបិទបញ្ចប់សំណុំរឿងជាដាច់ខាត៖ «យើងស្រាវៗ (ស្រាវជ្រាវ) ទៅ
រឿងវាដាច់តែម្តង។ វាតែលតោលមិនដឹងទៅឯណាទៀត។
យើងមិនបិទសំណុំរឿងហ្នឹងជាដាច់ខាត
ដរាបណាជនល្មើសមិនទាន់ត្រូវបាននាំខ្លួនទៅកាន់តុលាការ។
ចង់បានយុត្តិធម៌ លុះត្រាតែផ្តល់ព័ត៌មានមកសមត្ថកិច្ច។
គាត់រត់ចោលប្រទេសតែអ៊ីចឹង ប៉ូលិសដឹងទាល់តែមានសាក្សី។ ខ្ញុំជឿថា
វាមិនដែលខ្មែរគ្នាឯងទៅសម្លាប់គ្នាទេ»។
ជុំវិញរឿងនេះ ប្រធានគណៈកម្មការសិទ្ធិមនុស្ស
ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា
និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង យល់ឃើញថា
ការណ៍ដែលអាជ្ញាធរមិនអាចរកឃើញឃាតក
និងអ្នកពាក់ព័ន្ធដែលសម្លាប់អ្នកសារព័ត៌មាន ព្រះសង្ឃ សកម្មជន
និងអ្នកវិភាគនេះ គឺអាចជាប់ពាក់ព័ន្ធនឹងហេតុផលនយោបាយ៖ «(អំពើឃាតកម្មទាំងនេះ) ជះឥទ្ធិពលអាក្រក់មែនទែន
បង្ហាញឲ្យឃើញថា ប្រទេសយើងជាប្រទេសនិទ្ទណ្ឌភាព។
អ្នកដែលប្រព្រឹត្តបទល្មើសមិនមានទោស
ហើយបែរជាអ្នកសុចរិតស្លូតត្រង់ត្រូវមានទោសទៅវិញ។
វាប៉ះពាល់ដល់មុខមាត់ប្រទេសជាតិយើងដែរ
ក្នុងការធ្វើដំណើរឆ្ពោះទៅកាន់របបប្រជាធិបតេយ្យសេរី
និងការគោរពសិទ្ធិមនុស្សជារួមតែម្តង»។
ចំណែកប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក
អំ សំអាត វិញ យល់ឃើញថា
មូលហេតុដែលធ្វើឲ្យសមត្ថកិច្ចពិបាកនឹងវែកមុខចាប់ជនដៃដល់
និងអ្នកពាក់ព័ន្ធយកមកផ្ដន្ទាទោសតាមច្បាប់នោះ
ដោយសារវាជាឃាតកម្មនយោបាយ៖ «យើងឃើញរឿងឃាតកម្មធំៗមួយចំនួនទៀត
ដែលមិនពាក់ព័ន្ធនឹងរឿងនយោបាយ ឃាតក ឬក៏អ្នកពាក់ព័ន្ធ
គឺគេរកឃើញភ្លាម។ អ៊ីចឹងខ្ញុំគិតថារឿងទាំងអស់នេះ
សមត្ថកិច្ចគាត់មិនមែនអសមត្ថភាពទេ
ប៉ុន្តែគាត់មិនហ៊ានក្នុងការបញ្ចេញការពិត
បញ្ចេញរបាយការណ៍នៃការស៊ើបអង្កេតការពិតទេ
ពីព្រោះវាអាចប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នកស៊ើបអង្កេតផ្ទាល់ហ្នឹងតែម្តង
បើសិនជាគាត់បង្ហាញការពិតទាំងអស់ហ្នឹង។
អ៊ីចឹងហើយបានជារឿងហ្នឹងវាត្រូវកប់»។
លោកថា នេះជានិទ្ទណ្ឌភាព
ហើយវានឹងជះឥទ្ធិពលអាក្រក់ដល់ដំណើរការនីតិរដ្ឋនៅកម្ពុជា
និងជាពិសេសរួមចំណែកឲ្យមានការប្រព្រឹត្តអំពើឃាតកម្មបែបនេះទៀតនៅពេលខាងមុខ៖
«ការរិះគន់ដោយត្រង់ៗ ដោយចំៗតែម្តង
ហើយដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍អ្នកកាន់អំណាច អ្នកមានអំណាច
ឬគណបក្សកាន់អំណាច យើងមើលឃើញហើយ
គាត់ត្រូវមានការបាញ់សម្លាប់ជាហូរហែ
ដែលធ្វើឲ្យអ្នកដទៃទៀតដែលមានឆន្ទៈក្នុងការបញ្ចេញគំនិត
ចង់និយាយការពិត ចង់បញ្ចេញមតិដើម្បីធ្វើការរិះគន់
គឺមានការប្រុងប្រយ័ត្ន ហើយស្ថិតក្នុងសភាពភ័យខ្លាចដែរ។
នេះហើយដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ
អំពាវនាវដល់អាជ្ញាធររដ្ឋាភិបាល ឲ្យវែកមុខចាប់ជនដៃដល់
និងអ្នកពាក់ព័ន្ធក្នុងសំណុំរឿងទាំងនេះយកមកផ្ដន្ទាទោសតាមច្បាប់
ដើម្បីលុបបំបាត់អំពើនិទ្ទណ្ឌភាពនៅកម្ពុជា៕
ប្រភព៖ RFA Khmer
No comments:
Post a Comment