Friday, July 14, 2017

អ្នក​វិភាគ៖ បក្ស​ប្រឆាំង​គួរ​ប្ដូរ​ស្លាក​សញ្ញា​គណបក្ស​ដែល​មាន​រូប​លោក សម រង្ស៊ី ចេញ

ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អាជ្ញាធរ​ជូន​ដំណឹង​ឲ្យ​រុះរើ ឋិត​នៅ​ក្បែរ​រង្វង់​មូល​ចាស់ នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Men Sothyr
ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អាជ្ញាធរ​ជូន​ដំណឹង​ឲ្យ​រុះរើ ឋិត​នៅ​ក្បែរ​រង្វង់​មូល​ចាស់ នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Men Sothyr


អ្នក​ច្បាប់ និង​អ្នក​វិភាគ​នយោបាយ​យល់​ថា គណបក្ស​ប្រឆាំង​គួរ​គិតគូរ​ផ្លាស់ប្ដូរ​រូប​លោក សម រង្ស៊ី ចេញ​ពី​ស្លាក​របស់​គណបក្ស ដើម្បី​ការពារ​គណបក្ស​សង្គ្រោះ​ជាតិ ជៀសវាង​ការ​រំលាយ​ចោល​នៅ​ពេល​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថ្មី ដែល​ហាម​ទណ្ឌិត​កុំ​ឲ្យ​លូកលាន់​ក្នុង​កិច្ចការ​គណបក្ស​នយោបាយ​ចូល​ជា​ធរមាន​នា​ពេល​ខាង​មុខ។ ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រឆាំង​ថា នៅ​ពេល​នេះ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​គិតគូរ​រឿង​នេះ​នៅ​ឡើយ​ទេ។
អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា យល់​ថា រូប​លោក សម រង្ស៊ី ចាប់​ដៃ​ជាមួយ​លោក កឹម សុខា ដែល​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​តាំង​បង្ហាញ​នៅ​ទី​សាធារណៈ ហើយ​ដែល​គណបក្ស​អាច​នឹង​
ផ្លាស់ប្ដូរ​ចេញ​នៅ​ពេល​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថ្មី​ចូល​ជា​ធរមាន។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ គួរ​ដាក់​សញ្ញា​ព្រះអាទិត្យ​រះ​ដែល​ជា​ស្លាក​សញ្ញា​របស់​គណបក្ស ល្អ​ជាង​ដាក់​លោក កឹម សុខា ឬ​បុគ្គល​ផ្សេង។
សូ ចន្ថា ៨៥៥ ២០១៥
សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៥។ Photo: RFA

លោក សូ ចន្ថា ពន្យល់​ថា បើ​កាលណា​ដាក់​រូប​បុគ្គល​ណា​មួយ នៅ​ពេល​បុគ្គល​នេះ​មាន​បញ្ហា​ផ្លូវ​ច្បាប់ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គណបក្ស​តែ​ម្តង៖ «លោក កឹម សុខា ក៏​មាន​ពាក្យ​បណ្ដឹង​នៅ​តុលាការ​ជាដើម ចឹង​ខ្ញុំ​គិត​ថា​បើ​ដាក់​រូប​បុគ្គល​ទៀត នឹង​មាន​បញ្ហា​ជា​បន្តបន្ទាប់»
រីឯ​ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន យល់​ថា ផ្អែក​លើ​ខ្លឹមសារ​ច្បាប់​នេះ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​កាត់​ផ្តាច់​ទំនាក់ទំនង​ជាមួយ​លោក សម រង្ស៊ី ទាំង​ទំនាក់ទំនង​ផ្លូវការ និង​ទំនាក់ទំនង​ឯកជន ដែល​ជា​ទំនាក់ទំនង​នៃ​មន្ត្រី​គណបក្ស​នេះ​ជាមួយ​លោក សម រង្ស៊ី។
ដោយឡែក​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថា​គណបក្ស​មិន​ទាន់​គិតគូរ​រឿង​នេះ​ទេ៖ «បើ​សិន​ជា​អាច​ជូន​ជា​ព័ត៌មាន​បាន ខ្ញុំ​នឹង​ជូន​ដំណឹង​នៅ​ពេល​ក្រោយ»
សារព័ត៌មាន​មួយ​ចំនួន​ទម្លាយ​ថា លោក កឹម សុខា ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៅ​ប្រជុំ​ជាមួយ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​នេះ​នៅ​ទីក្រុង​ហុងកុង ប៉ុន្តែ​គេ​មិន​ដឹង​ពី​ប្រធានបទ​នៃ​កិច្ច​ពិភាក្សា​នោះ​ទេ។
រីឯ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថា​លោក​មិន​ដឹង​រឿង​នេះ​ទេ។
កិច្ច​ប្រជុំ​រដ្ឋសភា​ដែល​មាន​តែ​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា បាន​អនុម័ត​ប្រកប​ដោយ​ជោគជ័យ​លើ​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​មាន​បំណង​ហាម​ទណ្ឌិត​កុំ​ឲ្យ​លូកលាន់​ក្នុង​កិច្ចការ​គណបក្ស​នយោបាយ​តទៅទៀត ទោះ​បី​ជា​មាន​ការ​រិះគន់ និង​គ្មាន​វត្តមាន​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ក្ដី។
ខ្លឹមសារ​នៃ​ច្បាប់​នេះ ហាម​គ្រប់​គណបក្ស​នយោបាយ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍​អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ ឬ​ពី​បទ​មជ្ឈិម ដើម្បី​ជា​ផល​ប្រយោជន៍​នយោបាយ​សម្រាប់​គណបក្ស​របស់​ខ្លួន។ មិន​ត្រូវ​យល់ព្រម​ដោយ​ចំហ ឬ​ឃុបឃិត​ជាមួយ​ទណ្ឌិត​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ ឬ​ពី​បទ​មជ្ឈិម ឲ្យ​ធ្វើ​សកម្មភាព​ណា​មួយ​ដើម្បី​ជា​ផល​ប្រយោជន៍​នយោបាយ​សម្រាប់​គណបក្ស​របស់​ខ្លួន។
ចំពោះ​ទោស​ទណ្ឌ​ដល់​គណបក្ស​នយោបាយ​ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​នេះ​វិញ គឺ​តុលាការ​អាច​សម្រេច​ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ​នោះ​មិន​លើស​ពី ៥​ឆ្នាំ ឬ​អាច​រំលាយ​គណបក្ស​នោះ​ចោល​តែ​ម្តង។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​ដឹង​ថា ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថ្មី នឹង​ដល់​ដៃ​គណៈកម្មការ​ជំនាញ​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា។ លោក​បន្ត​ថា នៅ​ពេល​ឆ្លង​គណៈកម្មការ​ជំនាញ​រួច​ហើយ ចូល​ដល់​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ហើយ​នៅ​ពេល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ពិនិត្យ​រួច​ហើយ នឹង​កំណត់​ប្រជុំ​ពេញ​អង្គ​ដើម្បី​អនុម័ត។ ឆ្លង​ផុត​ព្រឹទ្ធសភា លោក សុខ ឥសាន ថា​ច្បាប់​នេះ​នឹង​បញ្ជូន​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ដើម្បី​ពិនិត្យ​ធម្មនុញ្ញភាព​នៃ​ច្បាប់ បន្ទាប់​មក​ទៀត ក្រុមប្រឹក្សាធម្មនុញ្ញ​នឹង​បញ្ជូន​មក​រដ្ឋសភា​វិញ ទើប​រដ្ឋសភា​យក​ច្បាប់​នេះ​ថ្វាយ​ព្រះមហាក្សត្រ​សម្រេច​ចុង​ក្រោយ។
ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថ្មី នឹង​ត្រូវ​អនុវត្ត​ក្រោយ ៩០​ថ្ងៃ ឬ ៣​ខែ​ក្រោយ​ច្បាប់​នេះ​ចូល​ជា​ធរមាន។
លោក សុខ ឥសាន មិន​ទាន់​ហ៊ាន​អះអាង​ថា តើ​ច្បាប់​នេះ​ត្រូវការ​រយៈពេល​ប៉ុន្មាន​ទើប​អាច​ចូល​ធរមាន​បាន​ទេ។
ចំណែក​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​ផ្តល់​សម្ភាស​ឲ្យ​វិទ្យុ​បារាំង​អន្តរជាតិ​ថា តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំងអស់ នឹង​សរសេរ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​នៅ​ចុង​សប្ដាហ៍​នេះ សុំ​កុំ​ឲ្យ​ព្រះអង្គ​ឡាយ​ព្រះហស្តលេខា​លើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។
ទាក់ទង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ​ដែរ កាល​ពី​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​វិសោធនកម្ម​លើក​ទី​១ កាល​ពី​ដើម​ឆ្នាំ​២០១៧ ព្រះមហាក្សត្រ​ទ្រង់​មិន​ឡាយ​ព្រះហស្តលេខា​ទេ ព្រោះ​ទ្រង់​យាង​ចេញ​ទៅ​ប្រទេស​ចិន ដើម្បី​ពិនិត្យ​ព្រះ​សុខភាព។ កាលនោះ ប្រធាន​ព្រឹទ្ធសភា ដែល​មាន​នាទី​ជា​ប្រមុខ​រដ្ឋសភា​ស្តីទី គឺ​លោក សាយ ឈុំ ដែល​លោក​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​ចុះ​ហត្ថលេខា។
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ចោទ​ប្រកាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​ក្នុង​រយៈពេល​ជិត ៣​ទសវត្សរ៍​ហើយ​ដែល​លោក ហ៊ុន សែន តែង​ព្យាយាម​សម្លាប់​រូប​លោក និង​ជីវិត​នយោបាយ​របស់​លោក​ជា​បន្តបន្ទាប់។ លោក សម រង្ស៊ី ស្នើ​ទៅ​លោក ហ៊ុន សែន យក​ពេលវេលា និង​កម្លាំង​ធ្វើ​ការងារ​ដែល​មាន​ប្រយោជន៍​ជាង​នេះ​សម្រាប់​ប្រទេស​ជាតិ៕
ប្រភព៖ RFA Khmer

No comments:

Post a Comment