មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គឹម ជុងអ៊ុន (Kim Jong-Un) ចុះហត្ថលេខាលើឯកសារសាកល្បងអាវុធនុយក្លេអ៊ែរ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦។ Photo AFP |
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) រាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃអង្គារ បានព្រមានថ្នាក់ដឹកនាំកូរ៉េខាងជើង ថានឹងអាចប្រឈមការវាយប្រហារបកវិញយ៉ាងធ្ងន់ធ្ងរ ដែលពិភពលោកមិនដែលឃើញពីមុនមក ប្រសិនបើកូរ៉េខាងជើង ហ៊ានសាកល្បងបាញ់មីស៊ីលទៅលើកោះ Guam នៃទឹកដីរបស់សហរដ្ឋអាមេរិក។ ការគំរាមរបស់លោក ដូណាល់ ត្រាំ ខណៈដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក រិច ថីឡឺសោន (Rex Tillerson) បានទៅចូលរួមក្នុងកិច្ចប្រជុំតំបន់នៅក្នុងទីក្រុងម៉ានីល (Manila) ប្រទេសហ្វីលីពីន កាលពីចុងសប្ដាហ៍មុន ដើម្បីជំរុញឲ្យប្រទេសជាសមាជិកសមាគមអាស៊ានកាត់ផ្តាច់ចំណងការទូតជាមួយកូរ៉េខាងជើង។
លោក ប្រាក់ សុខុន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី៩ សីហា ថា ក្នុងជំនួបរវាងលោក និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក រី យ៉ុងហូ (Ri Yong Ho) នៅទីក្រុងម៉ានីល លោកបានស្នើសុំឲ្យកូរ៉េខាងជើង បន្ទន់ឥរិយាបថ និងបានបញ្ជាក់ថា ទង្វើនេះគឺជាការមាក់ងាយដល់សហគមន៍អន្តរជាតិទាំងមូល។ កម្ពុជា ជាប្រទេសមានសម្ពន្ធភាពជិតស្និទ្ធជាមួយប្រទេសចិន ហើយចិន ក៏បានប្រកាសថា ខ្លួននឹងទទួលរងផលវិបាកផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីប្រឆាំងកូរ៉េខាងជើង ដោយសារខ្លួនមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសនេះ។ នៅទន្ទឹមនេះដែរ ប្រទេសកម្ពុជា ក៏បានបញ្ជាក់ជំហរច្បាស់ពីមុនថា នឹងមិនគាំទ្រការបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ឡើយ។ កាលពីចុងសប្ដាហ៍មុន ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានអនុម័តទៅលើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីលើកូរ៉េខាងជើង ដែលក្នុងនោះក៏មានការគាំទ្រពីចិន និងរុស្ស៊ី ផងដែរ៕
ប្រភព៖ RFA Khmer
No comments:
Post a Comment