Wednesday, August 23, 2017

លោក ហ៊ុន សែន ព្រមាន​បិទ​កាសែត ឌឹ ខេមបូឌា ដេលី បើ​មិន​បង់​ពន្ធ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​វេទិកា​ជាតិ​លើក​ទី​ពីរ​ស្ដីពី "ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ" នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​វេទិកា​ជាតិ​លើក​ទី​ពីរ​ស្ដីពី "ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ" នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
Photo courtesy of PM Hun Sen's Facebook Page
ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២២ សីហា ព្រមាន​បិទ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បើ​សិន​ជា​ស្ថាប័ន​ព័ត៌មាន​មួយ​នេះ​ប្រកាន់​ជំហរ​មិន​បង់​ពន្ធ តាម​ការ​ទាមទារ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ទេ​នោះ។ ការ​ព្រមាន​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ម្ចាស់​ស្ថាប័ន​ព័ត៌មាន ឌឹ ខេមបូឌា ដេលី ចាត់​ទុក​ចំណាត់ការ​លើ​ស្ថាប័ន​របស់​ខ្លួន​ថា​ជា​ចេតនា​នយោបាយ និង​ចង់​បិទ​កាសែត​មួយ​នេះ។
កំពុង​តែ​ឆ្លើយតប​នឹង​សំណួរ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​
ទៀត​ពី​រឿង​ការងារ​ការពារ​ធម្មជាតិ ក្នុង​វេទិកា​ជាតិ​លើក​ទី​២ ស្ដីពី "ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ" លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ស្រាប់​តែ​បាន​រំលេច​អំពី​រឿង​ការ​មិន​បង់​ពន្ធ​ចូល​រដ្ឋ។
លោក ហ៊ុន សែន បាន​ហៅ​ស្ថាប័ន​មួយ​ថា​ជា​មេ​ចោរ ដែល​មិន​បាន​បង់​ពន្ធ​ចូល​រដ្ឋ ១០​ឆ្នាំ ហើយ​ស្ថាប័ន​នោះ​ត្រូវ​តែ​បង់​ពន្ធ បើ​ពុំ​ដូច្នោះ​ទេ គឺ​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​ប្រទេស៖ «១០​ឆ្នាំ​គេ​គិត​តែ​រឿង​ច្បាប់​ពន្ធ​ទេ តែ​នេះ​តាំង​ពី​កើត​ចេញ​ជា​រូបរាង​មក មិន​ដែល​បង់​ពន្ធ​ឲ្យ​រដ្ឋ​ទេ។ សូម​ទោស! ឥឡូវ​កំពុង​តែ​បង្វែរ​ទៅ​ជា​ផ្លូវ​នយោបាយ​ហើយ ខ្លួន​ឯង​ជា​មេ​ចោរ ហើយ​មក​បង្រៀន​គេ។ បើ​ចង់​នៅ​តទៅទៀត ត្រូវ​បង់​ពន្ធ​ឲ្យ​រដ្ឋ បើ​មិន​បង់​ពន្ធ​ឲ្យ​រដ្ឋ​ទេ វេច​បង្វេច​ចាកចេញ​ទៅ»
បើ​ទោះ​បី​ជា​មិន​និយាយ​ចំ​ឈ្មោះ​ថា​ជា​ស្ថាប័ន​ណា​ក៏ដោយ តែ​លោក ហ៊ុន សែន ទំនង​ជា​សំដៅ​ទៅ​លើ​ស្ថាប័ន​ព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​ថា បាន​ជំពាក់​ថ្លៃ​ពន្ធ​រយៈពេល ១០​ឆ្នាំ គឺ​តាំង​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៦ ដែល​គិត​ជា​ទឹកប្រាក់​ជាង ៦​លាន​ដុល្លារ​អាមេរិក។
លោក ហ៊ុន សែន បញ្ជាក់​ថា នេះ​គឺ​ជា​ការ​អនុវត្ត​ច្បាប់ មិន​មែន​ជា​រឿង​នយោបាយ​នោះ​ទេ។
ការ​ប្រតិកម្ម​ធ្ងន់ៗ​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ម្ចាស់​ស្ថាប័ន​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី បាន​ចាត់​ទុក​ចំណាត់ការ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ថា​ជា​ចេតនា​នយោបាយ​ចង់​បិទ​ស្ថាប័ន​របស់​ខ្លួន ដោយ​គ្រាន់​តែ​យក​លេស​រឿង​ជំពាក់​ថ្លៃ​ពន្ធ។
ម្ចាស់​ស្ថាប័ន​ព័ត៌មាន ឌឹ ខេមបូឌា ដេលី អ្នកស្រី ដេប្រ៉ា គ្រីស័រ-ស្ទាល (Deborah Krisher-Steele) បាន​ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក (អ៊ីមែល) កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ចំណាត់ការ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​មក​លើ​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី គឺ​ប្រៀប​ដូចជា​ការ “ប្រហារ​ជីវិត​ជា​មុន សឹម​កាត់​ក្តី​តាម​ក្រោយ”។
អ្នកស្រី​បន្ត​ថា ការណ៍​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ចោទ​សារព័ត៌មាន​នេះ​ថា​ជំពាក់​ថ្លៃ​ពន្ធ ៦​លាន ១​សែន​ដុល្លារ​នោះ គឺ​មិន​ឈរ​លើ​សច្ចភាព និង​មាន​ចេតនា​នយោបាយ​ចង់​បិទ​សារព័ត៌មាន​នេះ​ចោល​តែ​ម្តង។
អ្នកស្រី​លើក​ឡើង​ថា ភ្លាមៗ​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ចង់​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បង់​ពន្ធ ស្រាប់​តែ​សារព័ត៌មាន ហ្វ្រេសញូវ (Fresh News) ចុះ​ផ្សាយ​រឿង​កាសែត ឌឹ ខេមបូឌា ដេលី ជំពាក់​ពន្ធ​រដ្ឋ​ភ្លាម ទាំង​ដែល​ម្ចាស់​ខ្លួន​មិន​ដឹង​រឿង​នេះ​ផង។
អ្នកស្រី​អះអាង​ថា ការ​បែក​ធ្លាយ​ឯកសារ​ជា​សាធារណៈ​បែប​នេះ កើត​ឡើង​ពីរ​លើក​រួច​មក​ហើយ ដែល​នេះ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​ឯកជន ប៉ះពាល់​ដល់​ស្ថាប័ន​របស់​អ្នកស្រី។ អ្នកស្រី​អះអាង​ទៀត​ថា ខាង​អ្នកស្រី​មិន​ដែល​ទទួល​បាន​ការ​ធ្វើ​សវនកម្ម និង​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​តាម​នីតិវិធី​នោះ​ទេ។
អ្នកស្រី​បញ្ជាក់​បន្ថែម​ថា ខាង​អ្នកស្រី​មិន​ដែល​ប្រកែក​មិន​ព្រម​ធ្វើ​សវនកម្ម​ម្តង​ណា​នោះ​ទេ។ បើ​មាន​គេ​ចង់​ធ្វើ​សវនកម្ម អ្នកស្រី​ច្បាស់​ជា​សហការ​ពេញ​ទំហឹង​តាំង​តែ​ពី​ដើម​ដំបូង​មក​ម្ល៉េះ។ ដូច្នេះ អ្នកស្រី​អះអាង​ថា អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រឌិត​ទិន្នន័យ​ដែល​ថា​កាសែត ឌឹ ខេមបូឌា ដេលី ជំពាក់​ពន្ធ​រដ្ឋ ៦​លាន ១​សែន​ដុល្លារ ក្នុង​រយៈពេល ១០​ឆ្នាំ​កន្លង​ទៅ​នេះ ដោយ​បូក​បន្ថែម​ប្រាក់​ពិន័យ​ផង និង​ការប្រាក់​យ៉ាង​សន្ធឹកសន្ធាប់​ផង រួច​ហើយ​ធ្វើ​ឲ្យ​បែក​ធ្លាយ​ទៅ​មជ្ឈដ្ឋាន​សាធារណៈ។
អ្នកស្រី​សម្ដែង​ការ​សោកស្តាយ បើ​ស្ថាប័ន​នេះ​ត្រូវ​គេ​បិទ​មែន​នោះ វា​នឹង​ផ្តល់​នូវ​ភាព​ដ៏​សោកសៅ​មួយ​សម្រាប់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។
មឿន ឈានណារិទ្ធ ៨៥៥
សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន លោក មឿន ឈានណារិទ្ធ 
ចូល​រួម​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី 
កាល​ពី​ឆ្នាំ​២០១៤។ RFA Photo: RFA

ទាក់ទង​បញ្ហា​នេះ នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន លោក មឿន ឈានណារិទ្ធិ យល់​ឃើញ​ថា ទាំង​កាសែត ឌឹ ខេមបូឌា ដេលី និង​អគ្គនាយកដ្ឋាន​ពន្ធដារ សុទ្ធតែ​មាន​កំហុស​ដូច​គ្នា។ លោក​ថា ក្នុង​នាម​ជា​ស្ថាប័ន​សារព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈ ឌឹ ខេមបូឌា ដេលី គួរ​តែ​សិក្សា និង​អនុវត្ត​តាម​កាតព្វកិច្ច​បង់​ពន្ធ​ដូច​ដែល​មាន​ចែង​ក្នុង​ច្បាប់ ចំណែក​ឯ​ខាង​អគ្គនាយកដ្ឋាន​ពន្ធដារ​វិញ គួរ​តែ​រំលឹក ឌឹ ខេមបូឌា ដេលី អំពី​រឿង​ការ​បង់​ពន្ធ​នេះ​តាំង​តែ​ពី​ដើម​ដំបូង មិន​មែន​ទុក​អូស​បន្លាយ​ដល់​ពេល​បច្ចុប្បន្ន​នេះ​ទេ។
អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​រូប​នេះ ស្នើ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ​បន្ធូរបន្ថយ​ពន្ធ​ចំពោះ ឌឹ ខេមបូឌា ដេលី តាម​រយៈ​ការ​ជួប​ចរចា​គ្នា៖ «កាលណា​មិន​បង់​ពន្ធ គឺ​ជា​ការ​ខាត​បង់​សម្រាប់​កម្ពុជា ដែល​ជា​ប្រទេស​ក្រីក្រ ប៉ុន្តែ​អ្វី​ដែល​យើង​គិត​ថា​ជា​ការ​ខាត​បង់​ទៀត​នោះ គឺ​ខាត​បង់​ផ្នែក​វិស័យ​សារព័ត៌មាន។ សារព័ត៌មាន​ក្នុង​សង្គម​ប្រជាធិបតេយ្យ ដើរ​តួនាទី​សំខាន់​ណាស់​ជា​អ្នក​ឃ្លាំ​មើល​សកម្មភាព​របស់​ក្រសួង មន្ទីរ និង​មន្ត្រី​របស់​រដ្ឋាភិបាល មិន​ខុស​ពី​ក្រុមហ៊ុន​សវនកម្ម​ដែល​ផ្តល់​សេវា​ដោយ​មិន​យក​កម្រៃ​ទាល់​តែ​សោះ»
អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ដាក់​ឱសានវាទ​ឲ្យ​ស្ថាប័ន ឌឹ ខេមបូឌា ដេលី សង​ថ្លៃ​ពន្ធ​ទាំងនោះ​ត្រឹម​ថ្ងៃ​ទី​៤ ខែ​កញ្ញា ខាង​មុខ​នេះ។ បើ​ផុត​ឱសានវាទ​ហើយ ឌឹ ខេមបូឌា ដេលី នៅ​តែ​មិន​ព្រម​បង់​ទេ​នោះ ស្ថាប័ន​នេះ​នឹង​ប្រឈម​ការ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ និង​ឈាន​ដល់​ការ​បិទ​អាជីវកម្ម​ទាំងស្រុង​តែ​ម្តង។
លោក ដាហ្គ្លាស់ ស្ទាល (Douglas Steele) ស្វាមី​របស់​ម្ចាស់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អ្នកស្រី ដេប្រ៉ា គ្រីស័រ-ស្ទាល (Deborah Krisher-Steele) ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃ​នេះ​ថា បើ​លោក​នាយក​រដ្ឋមន្ត្រី​យក​លេស​នយោបាយ ដើម្បី​បិទ​កាសែត ឌឹ ខេមបូឌា ដេលី ដែល​ជា​សារព័ត៌មាន​សេរី​នៅ​មុន​បោះឆ្នោត​បែប​នេះ គឺ​ជា​ការ​គួរ​ឲ្យ​ខក​ចិត្ត​ខ្លាំង​មែន​ទែន ដែល​អ្នក​នយោបាយ​ធ្វើ​ដូច្នេះ​កើត។
លោក ដាហ្គ្លាស់ ស្ទាល ស្នើ​ឲ្យ​លោក ហ៊ុន សែន កុំ​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ ដូច​អ្វី​ដែល​កើត​ឡើង​កាល​ពី ៥២​ឆ្នាំ​កន្លង​ទៅ ដែល​ពេល​នោះ មេ​ដឹកនាំ​កម្ពុជា ចង់​យក​លេស​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​សហរដ្ឋ​អាមេរិក ដោយសារ​អត្ថបទ​សារព័ត៌មាន​របស់​អ្នក​កាសែត​អាមេរិកាំង​ម្នាក់ គឺ​ឪពុក​ក្មេក​របស់​លោក​ឈ្មោះ ប៊ើណាត គ្រីស័រ (Bernard Krisher)។ លោក ដាហ្គ្លាស់ ស្ទាល បញ្ជាក់​ថា កាសែត ឌឹ ខេមបូឌា ដេលី បាន​សាងសង់​សាលារៀន ៥៦១​ខ្នង​នៅ​កម្ពុជា និង​សង់​មន្ទីរពេទ្យ​ព្រះសីហនុ និង​ជួយ​បណ្ដុះបណ្ដាល​វិស័យ​សារព័ត៌មាន​សេរី។
លោក​បញ្ជាក់​ចុង​ក្រោយ​ថា បើ​លោក ហ៊ុន សែន ចង់​សរសេរ​ប្រវត្តិ​ផ្ទាល់​ខ្លួន សូម​កុំ​ភ្លេច​ទាក់ទង​គាត់៕
ប្រភព៖ RFA Khmer

No comments:

Post a Comment