វេទិកាប្រជាពលរដ្ឋជួបជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ រៀបចំដោយវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) នៅវត្តសុវណ្ណបុប្ផា ហៅវត្តស្លាក្រាម ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧។ RFA/Hum Chamroeun |
វិទ្យាស្ថានជាតិប្រជាធិបតេយ្យ អះអាងថា ពួកគេជាស្ថាប័នឯករាជ្យ មិនលំអៀង និងជាដៃគូរបស់គ្រប់គណបក្សនយោបាយទាំងអស់ មិនថាបក្សកាន់អំណាច ឬបក្សប្រឆាំងឡើយ។
ឆ្លើយតបទៅនឹងសំណួររបស់អាស៊ីសេរី តាមសារអេឡិចត្រូនិក (Email) នៅថ្ងៃទី១៧ ខែសីហា នាយកកម្មវិធីវិទ្យាស្ថានជាតិប្រជាធិបតេយ្យប្រចាំកម្ពុជា លោក ចន ខាវ៉ាណូហ៍ (John Cavanaugh) បញ្ជាក់ថា ការងាររបស់ NDI គឺផ្ដោតទៅលើការពង្រឹងដំណើរការប្រជាធិបតេយ្យ ដែលនាំនូវប្រយោជន៍សម្រាប់គ្រប់គណបក្សនយោបាយ និងពលរដ្ឋកម្ពុជា។
ការចេញមុខបកស្រាយភ្លាមៗរបស់មន្ត្រី NDI នេះ គឺបន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយ ឈ្មោះ ហ្វ្រែសញូវ (Fresh News) បានផ្សព្វផ្សាយជាបន្តបន្ទាប់តាំងពីយប់ថ្ងៃទី១៦ សីហា ថា NDI បានរៀបចំយុទ្ធសាស្ត្រជួយបក្សប្រឆាំងដើម្បីផ្ដួលរំលំបក្សកាន់អំណាច។
បណ្ដាញសារព័ត៌មាននេះអះអាងថា តាមរយៈឯកសារបណ្ដុះបណ្ដាលរបស់ NDI រៀបចំសម្រាប់គណបក្សសង្គ្រោះជាតិ នៅខែមីនា ឆ្នាំ២០១៧ ដែលពួកគេទទួលបានតាមរយៈការបែកធ្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់ឈ្មោះ "កូនខ្មែរ" គឺពីផែនការទុច្ចរិតរបស់ NDI ក្នុងការរៀបចំយុទ្ធសាស្ត្រ និងល្បិចកលសម្រាប់ជួយគណបក្សសង្គ្រោះជាតិ ដើម្បីយកឈ្នះបក្សកាន់អំណាច។
យុទ្ធសាស្ត្រនោះ គឺ NDI បានណែនាំបក្សប្រឆាំងឲ្យប្រើពាក្យស្លោកជាផ្លូវការ និងជំរុញឲ្យឃោសនាតៗគ្នា ថាគណបក្សសង្គ្រោះជាតិ នឹងឈ្នះក្នុងការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ តាមរយៈការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដែលគេចោទថា តែងវាយប្រហារលើរដ្ឋាភិបាល ដូចជា កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កាសែត ភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post) និងវិទ្យុដែលទទួលលុយពីប្រទេសមហាអំណាចមួយចំនួនជាដើម ហើយបើគណបក្សសង្គ្រោះជាតិ នៅតែចាញ់ទៀតនោះ វានឹងធ្វើឲ្យពលរដ្ឋយល់ថា គឺមកពីបក្សកាន់អំណាចជាអ្នកបោកប្រាស់។
ក្រោយការបែកធ្លាយឯកសារនេះ សារព័ត៌មានហ្វ្រែសញូវ ដដែលក៏បានផ្សព្វផ្សាយដោយស្រង់សម្ដីមន្ត្រីក្រសួងមហាផ្ទៃ ម្នាក់ដែលអះអាងថា តាំងពីមានសកម្មភាពការងារនៅកម្ពុជា រហូតមក វិទ្យាស្ថានជាតិប្រជាធិបតេយ្យ មិនដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃ នោះទេ។ ទោះជាយ៉ាងណា អាស៊ីសេរី មិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បីសុំការបញ្ជាក់បន្ថែមពីបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី១៧ ខែសីហា។
ឆ្លើយតបទៅនឹងការចោទប្រកាន់ទាំងអស់នេះ នាយកកម្មវិធីវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ប្រចាំកម្ពុជា លោក ចន ខាវ៉ាណូហ៍ ឲ្យដឹងថា ចាប់ពីខែមករា ដល់មេសា ឆ្នាំ២០១៧ វិទ្យាស្ថានជាតិប្រជាធិបតេយ្យបានផ្ដល់ការបណ្ដុះបណ្ដាលមិនត្រឹមតែសម្រាប់គណបក្សសង្គ្រោះជាតិ នោះទេ គឺបានបណ្ដុះបណ្ដាលទាំងគណបក្សប្រជាជនកម្ពុជា និងបក្សនយោបាយតូចៗចំនួន ៣ផ្សេងទៀតទៅលើប្រធានបទផ្សេងៗជាច្រើនដើម្បីពង្រឹងគណបក្សនយោបាយទាំងនោះ។ លោកថា NDI បានផ្ដល់ឲ្យបក្សនយោបាយនីមួយៗនូវឱកាសបង្ហាញនូវបញ្ហាដែលបក្សពួកគេកំពុងជួបប្រទះ ហើយចង់ទទួលការបណ្ដុះបណ្ដាលបែបណានោះ។
លោក ចន ខាវ៉ាណូហ៍ បន្តថា រយៈពេលជាង ២៥ឆ្នាំមកនេះ NDI បានធ្វើការងារក្នុងនាមជាដៃគូជាមួយបក្សនយោបាយជាមួយតំណាងរាស្ត្រ អង្គការសង្គមស៊ីវិល និងពលរដ្ឋកម្ពុជា ដើម្បីលើកកម្ពស់អភិបាលកិច្ចប្រកបដោយតម្លាភាព និងការចូលរួមក្នុងវិស័យនយោបាយរបស់គ្រប់ភាគី បម្រើនូវអត្ថប្រយោជន៍សម្រាប់ពលរដ្ឋកម្ពុជា។ លោកថា ចាប់តាំងពីឆ្នាំ២០១៥ មក NDI កំពុងអនុវត្តនូវកម្មវិធី ៤ឆ្នាំបន្តទៀតរបស់ខ្លួនក្នុងការពង្រឹងតួនាទីរបស់ពលរដ្ឋក្នុងវិស័យនយោបាយ បង្កើតនូវបរិយាកាសចូលរួមនយោបាយប្រកបដោយន័យស្ថាបនារបស់ពលរដ្ឋ និងជំរុញឲ្យមានការទទួលខុសត្រូវរបស់រដ្ឋាភិបាលកាន់តែទូលំទូលាយថែមទៀត។
ទាក់ទងទៅនឹងការចុះបញ្ជីវិញ លោក ចន ខាវ៉ាណូហ៍ អះអាងថា NDI បានដាក់ពាក្យស្នើសុំចុះបញ្ជីទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាំងពីខែកញ្ញា ឆ្នាំ២០១៦។ លោកថា NDI កំពុងរង់ចាំការពិនិត្យការចុះបញ្ជីឡើងវិញរបស់រដ្ឋាភិបាលកម្ពុជា៕
ប្រភព៖ RFA Khmer
No comments:
Post a Comment