នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ លោក ច័ន្ទ សុផល (ឈរ) ថ្លែងក្នុងវេទិកាយុវជនស្ដីពីយុទ្ធសាស្ត្ររបស់គណបក្សនយោបាយ ក្នុងការគ្រប់គ្រងចំណូលធនធានរ៉ែ និងប្រេងកាត នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧។ RFA/Yang Chandara |
អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) នៅព្រឹកថ្ងៃទី២៧
សីហា រៀបចំវេទិកាយុវជនស្ដីពី
“យុទ្ធសាស្ត្ររបស់គណបក្សនយោបាយក្នុងការគ្រប់គ្រងចំណូលធនធានរ៉ែ
និងប្រេងកាត”។ កម្មវិធីនេះមានអ្នកចូលរួមជិត ៣០០នាក់
ភាគច្រើនគឺជាយុវជន និងមានព្រះសង្ឃមួយចំនួនផង។
ចំណុចពិភាក្សាដ៏ផុសផុលក្នុងចំណោមវាគ្មិន និងអ្នកចូលរួម
គឺតម្លាភាពនៃការគ្រប់គ្រងចំណូលពីវិស័យរ៉ែ និងប្រេងកាត។
វេទិកានេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសឲ្យយុវជនបានរៀនសូត្រអំពីយុទ្ធសាស្ត្រ
និងគោលការណ៍អនុវត្តយុទ្ធសាស្ត្រក្នុងការប្រមូល
និងគ្រប់គ្រងចំណូលពីធនធានរ៉ែ
និងប្រេងកាតរបស់គណបក្សនយោបាយដែលទើបជាប់ឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ ព្រមទាំងការវិភាគពីឥទ្ធិពលនៃចំណូលពីវិស័យនេះទៅលើអនាគតសេដ្ឋកិច្ចកម្ពុជា។
វាគ្មិនសំខាន់ក្នុងកម្មវិធី
គឺអ្នកជំនាញសេដ្ឋកិច្ច និងតំណាងគណបក្សចំនួន៣
គឺគណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច
និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។
ដោយឡែកតំណាងគណបក្សប្រជាជនកម្ពុជា
ឬមន្ត្រីជំនាញរបស់រដ្ឋាភិបាល មិនបានអញ្ជើញចូលរួមនោះទេ
ដែលបញ្ហានេះបានធ្វើឲ្យអ្នកចូលរួមមួយចំនួនខកចិត្តជាខ្លាំង
ព្រោះពួកគេមានចម្ងល់ជាច្រើនចង់ឲ្យតំណាងគណបក្សប្រជាជនកម្ពុជា
ឬមន្ត្រីជំនាញរបស់រដ្ឋាភិបាល
បកស្រាយជុំវិញរឿងការគ្រប់គ្រងវិស័យរ៉ែនេះ។
ការជជែកពិភាក្សាគ្នាភាគច្រើន
គឺជុំវិញរឿងអាស្រូវនៃការបាត់លុយនាំចេញខ្សាច់ជាង ៧០០លានដុល្លារ
រឿងភាពទន់ខ្សោយនៃការគ្រប់គ្រងធនធានរ៉ែរបស់អាជ្ញាធរ
និងការទាញយកផលពីធនធានរ៉ែប្រេងកាតនៅពេលខាងមុខ។
តំណាងគណបក្សសង្គ្រោះជាតិ
ដែលបានចូលរួមក្នុងកម្មវិធីនេះ គឺលោក គឹម សុភា។ លោកថ្លែងថា កម្ពុជា
សម្បូរដោយភោគទ្រព្យរ៉ែ
ក៏ប៉ុន្តែការគ្រប់គ្រងវិស័យនេះនៅមានភាពបិទបាំងច្រើន
ពោលគឺព័ត៌មានស្ដីពីការរុករក និងការធ្វើអាជីវកម្មរ៉ែ
នៅមិនទាន់ផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅឡើយ៖ «ក្រសួងពាណិជ្ជកម្ម
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល
ពាក់ព័ន្ធគ្នា។ មុននឹងធ្វើអាជីវកម្ម
ត្រូវចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម។ ប្រមូលពន្ធ គឺក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ហើយក្រសួងនេះត្រូវសហការជាមួយក្រសួងរ៉ែ និងថាមពល
ដើម្បីកំណត់អត្រាពន្ធ។ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ
យើងគួរតែមានការពិភាក្សាជាមួយអង្គការសង្គមស៊ីវិល
ហើយស្វែងរកព័ត៌មានបន្ថែម។ រាល់ថ្ងៃនេះ
ព័ត៌មានដែលប្រជាពលរដ្ឋទទួលបាន គឺសឹងតែគ្មានតែម្តង»។
ចំណែកតំណាងគណបក្សហ៊្វុនស៊ិនប៉ិច
និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ វិញ
គន្លឹះសំខាន់នៃការគ្រប់គ្រងចំណូលធនធានរ៉ែ និងប្រេងកាត
គឺការបណ្តុះបណ្តាលធនធានមនុស្ស
និងការប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងវិស័យមួយនេះ។
កាលពីឆ្នាំ២០១៦ កន្លងទៅ ក្រសួងរ៉ែ និងថាមពល
ប្រមូលចំណូលពីវិស័យរ៉ែបានចំនួន ១៣លានដុល្លារ ហើយនៅឆ្នាំ២០១៧ នេះ
ក្រសួងគ្រោងប្រមូលចំណូលឲ្យបាន ២០លានដុល្លារ។
ចំណូលធនធានរ៉ែនេះបានមកពីរ៉ែខ្សាច់ ថ្មសំណង់ សេវាកម្មសាធារណៈ
ឧស្សាហកម្មអាជីវកម្មរ៉ែ ដូចជារ៉ែលោហៈ និងរ៉ែមាស ជាដើម
និងការផ្តល់អាជ្ញាប័ណ្ណចំពោះអាជីវកម្មរ៉ែតូចៗ។
ដោយឡែកទាក់ទងនឹងរ៉ែប្រេងកាតវិញ
កាលពីថ្ងៃទី២៣ សីហា កន្លងទៅថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា
ទើបនឹងបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន គ្រីសអេនើជី (Krisenergy) របស់សិង្ហបុរី សម្រាប់ការអភិវឌ្ឍអណ្តូងប្រេងកាតនៅប្លុក A នៃដែនសមុទ្រកម្ពុជា។
ក្រោមកិច្ចព្រមព្រៀងសម្រាប់ការអភិវឌ្ឍប្រេងនៅប្លុក A នេះ ក្រុមហ៊ុន គ្រីសអេនើជី (KrisEnergy) កាន់កាប់ភាគហ៊ុន ៩៥ភាគរយ ចំណែក ៥ភាគរយទៀត គឺជាភាគហ៊ុនរបស់រដ្ឋាភិបាលកម្ពុជា។
បន្ទាប់ពីការចុះហត្ថលេខានេះ ក្រុមហ៊ុន គ្រីសអេនើជី (KrisEnergy) មានរយៈពេល
៦០ថ្ងៃ ដើម្បីធ្វើការសម្រេចចិត្តចុងក្រោយលើការវិនិយោគបន្ត
ហើយបើសិនជាក្រុមហ៊ុននេះសម្រេចចិត្តវិនិយោគបន្តមែននោះ
តំណក់ប្រេងដំបូងរបស់កម្ពុជា នឹងលេចចេញជារូបរាងនៅឆ្នាំ២០១៩
ខាងមុខ។
ធនធានប្រេងកាតនៅក្នុងប្លុក A ដែលក្រុមហ៊ុន គ្រីសអេនើជី (KrisEnergy) ត្រូវធ្វើផលិតកម្មជំហានដំបូង គឺជំហាន 1 A និង 1 B នោះ មានរយៈពេលផលិតកម្ម ៩ឆ្នាំ និងមានសក្ដានុពលអាចផលិតប្រេងឆៅលើសពី ៣០លានបារ៉ែល។
នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ លោក ច័ន្ទ សុផល
ថ្លែងថា
ដើម្បីឲ្យចំណូលពីរ៉ែប្រេងកាតនេះអាចជួយជំរុញកំណើនសេដ្ឋកិច្ច
និងការអភិវឌ្ឍសង្គមកម្ពុជា បានលឿនរហ័សនោះ
រដ្ឋត្រូវតែធានាអំពីផែនការគ្រប់គ្រងចំណូលនេះឲ្យបានច្បាស់លាស់៖ «ធនធានបានមកច្រើនអាចថាធ្វើឲ្យមានការពឹងពាក់លើវិស័យរ៉ែច្រើនខ្លាំងពេក
ធ្វើឲ្យវិស័យផ្សេងៗមិនសូវខ្លាំង។ នេះជាហានិភ័យមួយ
ហើយមួយទៀតបើសិនជាយើងចាយថវិកាដែលបានមកពីធនធានរ៉ែដ៏ច្រើនលើសលប់នេះដោយខ្ជះខ្ជាយ
មិនមានការគ្រប់គ្រងច្បាស់លាស់
ក៏វាអាចបង្កជាបញ្ហាផ្សេងៗនៅក្នុងសង្គមសេដ្ឋកិច្ចដែរ។
គេចង់ឲ្យយើងមានការគ្រប់គ្រង និងផែនការអភិវឌ្ឍន៍ច្បាស់លាស់
ដឹងពីចំណុចអាទិភាពដែលត្រូវវិនិយោគក្នុងវិស័យសេដ្ឋកិច្ច
និងសង្គមកិច្ច»។
ចំណែកខាងអង្គការសង្គមស៊ីវិលវិញ
ពួកគេចង់ឲ្យមានតម្លាភាពចំពោះគ្រប់គម្រោងរុករក
និងធ្វើអាជីវកម្មរ៉ែ និងប្រេងនៅកម្ពុជា។ តម្លាភាពនេះ
គឺត្រូវមានទាំងរដ្ឋាភិបាល
និងក្រុមហ៊ុនឯកជនដែលទទួលបានសិទ្ធិវិនិយោគពីរដ្ឋ។ ពួកគេជឿជាក់ថា
តាមរយៈតម្លាភាពនេះចំណូលពីវិស័យរ៉ែ និងប្រេងកាត
នឹងអាចជួយបង្កើនប្រាក់ចំណូលជាតិយ៉ាងសម្បើម
ដើម្បីទ្រទ្រង់ការផ្តល់សេវាសាធារណៈ
និងអត្ថប្រយោជន៍ផ្សេងៗជូនពលរដ្ឋ៕
ប្រភព៖ RFA Khmer
No comments:
Post a Comment