សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណៈលោក ថិត គ្រូស (Ted Cruz) ប្រចាំរដ្ឋ តិចសាស់ (Texas) Photo courtesy of cruz.senate.gov |
ការព្រមានដាក់ឱសានវាទនេះ ធ្វើឡើងតាមរយៈសារលិខិតមួយច្បាប់ របស់សមាជិកព្រឹទ្ធសភា
អាមេរិកមកពីគណបក្សសាធារណៈលោក ថិត គ្រូស (Ted Cruz) ដែលផ្ញើជូនទៅអគ្គរាជទូតខ្មែរប្រចាំសហរដ្ឋអាមេរិកលោក ជុំ ប៊ុនរ៉ុង។ នៅក្នុងសារលិខិតចុះថ្ងៃទី២៣ ខែតុលា លោក ថិត គ្រូស ទុកពេលឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន រហូតដល់ត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ដើម្បីដោះលែងលោក កឹម សុខា។ លោក ថិត គ្រូស ដែលមានដើមកំណើតកាណាដា ព្រមានបន្ថែមថា ទំនាក់ទំនងរបស់សហរដ្ឋអាមេរិក និងកម្ពុជានាពេលកន្លងមកប្រព្រឹត្តទៅបាន ក៏ដោយសារឈរលើស្មារតី នៃលទ្ធិប្រជាធិបេតយ្យ សេរី និងការបោះឆ្នោតដែលគួរឲ្យជឿទុកចិត្តមួយបាន។ ប៉ុន្តែ ការណ៍ដែលរដ្ឋាភិបាលកម្ពុជា បិទក្រុមឯករាជ្យ ដែលឃ្លាំមើលស្ថានការណ៍បោះឆ្នោត បិទអង្គការសិទ្ធិមនុស្ស បិទស្ថានីយវិទ្យុជាច្រើន និងចាប់លោក កឹម សុខា ដាក់ពន្ធនាគារដូច្នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រឹមតែ កំពុងតែបំផ្លាញទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ លោក ហ៊ុន សែន កំពុងតែបំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាផងដែរ។
លោក ថិត គ្រូស បញ្ជាក់បន្ថែមថា ប្រសិនបើលោក ហ៊ុន សែន មិនដោះលែងលោក កឹម សុខា ត្រឹមថ្ងៃទី៩ ខែវិច្ឆិកាខាងមុខនេះ លោកនឹងសមាជិកសភាអាមេរិកដទៃទៀត នៅក្នុងរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) នឹងចាត់វិធានការដាក់ទណ្ឌកម្មមន្ត្រីមួយចំនួន ក្នុងជួររដ្ឋាភិបាលកម្ពុជា ដែលជាប់ពាក់ព័ន្ធនឹងការធ្វើទុកបុកម្នេញសំឡេងប្រឆាំងនេះ ដោយហាមឃាត់ មិនឲ្យធ្វើដំណើរមកកាន់ទឹកដីសហរដ្ឋអាមេរិកបាន។
ឆ្លើយតបទៅនឹងលិខិតព្រមាននេះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា មិនចាប់អារម្មណ៍នោះឡើយ ដោយអះអាងថា ប្រជាជនកម្ពុជាមានសិទ្ធិសម្រេចជោគវាសនាប្រទេសខ្លួនដោយខ្លួនឯង ដោយមិនត្រូវឲ្យបរទេសមកជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាបាននោះទេ។ មន្ត្រីនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរី នៅថ្ងៃទី២៤ ខែតុលានេះ ថា រដ្ឋាភិបាលកម្ពុជា មិនចាត់ទុកការគំរាមដាក់ទណ្ឌកម្មនេះ ថាជាចំណុចអាទិភាពនោះឡើយ។ លោកបញ្ជាក់ថា ករណីលោក កឹម សុខា ទុកឲ្យតុលាការជាអ្នកចាត់ការតាមផ្លូវច្បាប់ ព្រោះលោកសម្អាងថា មានភស្តុតាងគ្រប់គ្រាន់ ដែលបញ្ជាក់ថា លោក កឹម សុខា ប្រព្រឹត្តអំពើក្បត់ជាតិ ដោយឃុបឃិតជាមួយបរទេស ដូចជាសហរដ្ឋអាមេរិកនេះឯង។ នៅពេលដែលអាស៊ីសេរីសួរថា បើរដ្ឋាភិបាលគោរពសមត្ថកិច្ច និង ឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ ហេតុអ្វីបានជាប្រមុខរដ្ឋាភិបាល ហ៊ានអាកាត់ និងសម្រេចទោសលោក កឹម សុខា ជាមុននឹងច្បាស់ ៩៩% ភាគរយថា គណបក្សសង្គ្រោះជាតិ នឹងត្រូវរំលាយឲ្យខាងតែបាន លោក ផៃ ស៊ីផាន ឆ្លើយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាសមាជិកសភាមួយរូបនឹងគេដែរ ដូច្នេះគាត់មានសិទ្ធិនិយាយ។
ទោះបីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ចាត់ទុកថា ការដាក់ទណ្ឌកម្មណាមួយ ពីរដ្ឋាភិបាលបរទេស គ្មានប្រសិទ្ធភាព ព្រោះវាជាការលូកលាន់ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលជារដ្ឋអធិបតេយ្យ យ៉ាងណាក្តី លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ផ្ទុយពីនេះ។ លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ថាចំណាត់ការដាក់ទណ្ឌកម្មនេះ មានឥទ្ធិពលដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ឲ្យងាកមកពិចារណាការប្រព្រឹត្តិរបស់ខ្លួនឯងវិញ៖ «ទណ្ឌកម្មនេះ នឹងមានប្រសិទ្ធភាព ព្រោះការបិទទិដ្ឋាការមន្ត្រីរដ្ឋាភិបាលកន្លងមក អាមេរិកធ្លាប់ធ្វើរួចហើយ»។
ប៉ុន្តែ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិឯណោះវិញ បើទោះបីជាចង់រកដំណោះស្រាយ ឲ្យស្ថានការណ៍នយោបាយបច្ចុប្បន្នវិលត្រឡប់ទៅរកភាពប្រក្រតីវិញឆាប់ៗយ៉ាងណាក្ដី ក៏លោកចង់ឲ្យរដ្ឋាភិបាលភ្ញាក់ខ្លួន និងកែខ្លួនដោយខ្លួនឯង ដោយមិនចាំបាច់មានការដាក់សម្ពាធពីអន្តរជាតិទេ។ អនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង ដែលកំពុងមានវត្តមាននៅក្រៅប្រទេសនៅឡើយ ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៤ ខែ តុលា នេះ ថា បើរដ្ឋាភិបាលកម្ពុជាអនុវត្តឲ្យបានត្រឹមត្រូវ តាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ម្ល៉េះសមនឹងគ្មានសម្ពាធនៃការដាក់ទណ្ឌកម្មដូច្នេះនោះទេ៖ «គណបក្សសង្គ្រោះជាតិ មិនចង់ឲ្យប្រទេសកម្ពុជា និងជនជាតិខ្មែរនៅក្នុងគណបក្សណាមួយ រងទណ្ឌកម្មពីបណ្ដាប្រទេសនានានោះទេ។ យើងចង់ឲ្យខ្មែរដោះស្រាយបញ្ហាតាមស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស»។
លោក ថិត គ្រូស ជាសមាជិកព្រឹទ្ធសភាទីបីហើយ ដែលបានព្រមានចាត់វិធានការ ដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា ដោយសារតែការធ្វើទុក្ខបុកម្នេញមកលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង។ កាលពីដើមខែតុលា សមាជិកសភាពីររូបទៀត គឺលោក ចន ម៉ាកខេន (John McCain) និងលោក ឌិក ឌើប៊ិន (Dick Durbin) បានស្នើសេចក្ដីសម្រេច ដើម្បីរកដំណោះស្រាយជុំវិញវិបត្តិនយោបាយនៅកម្ពុជានោះ ដោយស្នើឲ្យសភាអាមេរិក សម្រេចថ្កោលទោស រាល់ទម្រង់នៃការរំលោភបំពានផ្នែកនយោបាយ និងទាមទារឲ្យដោះលែងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ជាបន្ទាន់។ សេចក្ដីសម្រេចដែលមានកម្រាស់ ៨ទំព័រ ត្រូវបានសមាជិកព្រឹទ្ធសភាទាំងពីររូប ដាក់ជូនក្នុងកិច្ចប្រជុំសភាពេញអង្គលើកទី១១៥ កាលពីថ្ងៃទី៣ ខែ តុលា ដោយផ្ដោតសំខាន់លើ ៨ ចំណុច ដោយទាមទារឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិក សហការគ្នាជាមួយការិយាល័យត្រួតពិនិត្យទ្រព្យសម្បត្តិបរទេស នៃនាយកដ្ឋានរតនាគារ ពិចារណាដាក់មន្ត្រីរដ្ឋាភិបាលកម្ពុជា ទាំងឡាយណា ដែលជាប់ពាក់ព័ន្ធនឹងការរំលោភបំពានខាងលើ ឲ្យចូលទៅក្នុងបញ្ជីខ្មៅនៃជនដែលគ្រោះថ្នាក់ ត្រូវបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ចូលទឹកដីអាមេរិកនេះដែរ។
ចំណែកឯសមាជិកសភាអឺរ៉ុប និងជាអនុប្រធាន អនុគណៈកម្មាធិការសិទ្ធិមនុស្សសហភាពអឺរ៉ុប អ្នកស្រី បាបារ៉ា ឡុចប៊ីល័រ (Barbara Lochbihler) កាលពីថ្ងៃទី២០ តុលា កន្លងទៅនេះ លើកឡើងថាសហភាពអឺរ៉ុប កំពុងពិចារណាដាក់ទណ្ឌកម្មដោយផ្ទាល់ ឬអាចឈានដល់ការឈប់លើកលែងការអនុគ្រោះ សម្រាប់ការនាំទំនិញកម្ពុជា ចូលទីផ្សារដ៏ធំរបស់សហភាពអឺរ៉ុបទៀតផង។
ជាចុងក្រោយ លោក ថិត គ្រូស ក៏ព្រមានរដ្ឋាភិបាល អំពីប្រព័ន្ធអនុគ្រោះពន្ធ ដូចការអនុគ្រោះពន្ធនាំចេញសំលៀកបំពាក់ទៅក្រៅប្រទេស ដែលសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ជួយយ៉ាងច្រើនដល់កម្ពុជា ដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច មនុស្សធម៌ និងការបោះឆ្នោតដែលអាចទុកចិត្តបាននៅកម្ពុជា៕
ប្រភព៖ RFA Khmer
No comments:
Post a Comment