Sunday, December 3, 2017

ក្រុមហ៊ុន​ចិន​ពីរ​សន្យា​ជាមួយ​លោក​ហ៊ុន សែន​ថា​ នឹង​ដាក់​​វិនិយោគ​បន្ថែម​ចំនួន​៧​ពាន់​លាន​ដុល្លារ

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
អ្នក​វិភាគ​មួយ​រូប​​បារម្ភ​ថា​​ ការ​ពឹង​ផ្អែក​តែ​លើ​មហាអំណាច​តែ​មួយ​​ជា​ប្រភព​វិនិយោគ​អាច​នាំ​ឲ្យ​ទំនាក់ទំនង​កម្ពុជា​ជាមួយ​ចិន​អាច​​មាន​លក្ខណៈ​ដូច ​«អាណានិគម‍»​ ទៅ​អនាគត។
ខណៈ​ដែល​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ កំពុង​ស្ថិត​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ ​ដើម្បី​ជជែក​សន្ទនា​ផ្នែក​នយោបាយជាន់ខ្ពស់​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​កុម្មុយនិស្ត​ចិន​ ​នៅ​ទីក្រុង​ប៉េកាំង ​លោក​បាន​ទទួល​ការ​សន្យាពី​សំណាក់​ក្រុមហ៊ុន​ចិន​ចំនួន​ពីរ​ថា​ នឹង​ដាក់​ទុន​វិនិយោគ​ក្នុង​ទំហំ​ទឹក​ប្រាក់​ ៧​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ក្នុង​គម្រោងយ៉ាង​ហោច​ណាស់​ចំនួន​បួន​នៅ​ប្រទេស​កម្ពុជា។​
​បណ្ដាញ​ផ្សព្វផ្សាយ​ផ្លូវការ​របស់​លោក​នាយករដ្ឋមន្ត្រី​ខ្មែរ​ ​ដែល​បាន​រាយការណ៍​បន្ត​តាម​ទំព័រ​
ហ្វេសប៊ុក​របស់​លោក​បាន​ឱ្យ​ដឹង​ថា​ ​គម្រោង​ទាំង​បួន​នោះ​រួម​មាន ​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ​ការ​កសាង​ទីក្រុង​រណប ​ការ​កសាង​មជ្ឈមណ្ឌល​ផ្ដល់​សេវា​ទេសចរណ៍ ​និង​ការ​វិនិយោគខ្នាត​ធំ​លើ​វិស័យ​ធនាគារ។​
​ការ​ប្រកាស​ឡើង​អំពី​ការ​សន្យា​វិនិយោគ​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក​ ហ៊ុន សែន​ និង​លោក​ Zhang​ Yuliang ​ប្រធាន​ក្រុមហ៊ុន​ Greenland ​Holding ​Group ​និង​ក្រោយ​មក​ជាមួយ​លោក​ Cheng​ Risheng ​ប្រធាន​ក្រុមហ៊ុន​ Henan ​Transport​ Investment ​Group ​នៅ​ឯ​ផ្ទះ​សំណាក់​រដ្ឋ​ចិន ​នា​ទីក្រុង​ប៉េកាំង​ ​ដែល​ប្រធាន​ក្រុមហ៊ុន​ទាំង​ពីរបាន​បញ្ជាក់​ថា ​ការ​វិនិយោគ​ខាង​លើ​ធ្វើ​ទៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​គំនិតផ្ដួច​ផ្ដើម​ផ្លូវ​មួយ​ខែ្ស​ក្រវ៉ាត់​មួយ ​(BRI) ​របស់​លោកប្រធានាធិបតី ​ស៊ី ​ជីនពីង (Xi Jinping) ​ដែល​កំពុង​ក្រសោប​អំណាច​មហាសាល​ក្លាយ​ជា​បុរស​ខ្លាំងនៅ​ប្រទេស​ចិន​កុម្មុយនិស្ត។​
​បណ្ដាញ​ផ្សព្វផ្សាយផ្លូវការរបស់​លោក​នាយករដ្ឋមន្ត្រី​បាន​ផ្សាយ​ថា៖
«សម្ដេច​តេជោ ​ហ៊ុន ​សែន ​បាន​រីករាយ​ស្វាគមន៍​ដល់​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ទាំង​ពីរ​ ចំពោះ​ប្រទេស​កម្ពុជា។ ​ចំពោះ​ការ​បើក​ធនាគារ​ គឺ​សម្ដេច​តេជោ ​ហ៊ុន ​សែន ​នឹង​ផ្ដល់​អាជ្ញាប័ណ្ណ​ធនាគារ​ដល់​ក្រុមហ៊ុន ​ហើយ​សម្ដេច​បាន​បញ្ជាក់​សារ​ជាថ្មី​អំពី​ភាព​អនុគ្រោះ​របស់​ប្រទេស​កម្ពុជា ​ពោល​គឺ​ក្រុមហ៊ុន​បរទេស​អាច​ប្រើ​ប្រាស់​ទុន​ខ្លួនឯង​១០០% ​ដោយ​មិន​ចាំបាច់មាន​ដៃគូ​វិនិយោគ​នៅ​ក្នុង​ស្រុក​ឡើយ»។
បណ្ដាញ​ផ្សព្វ​ផ្សាយ​ផ្លូវការ​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ​នឹង​មាន​ការចុះ​អនុស្សរណៈ​យោគ​យល់​គ្នា ​ដើម្បី​បើក​ផ្លូវ​ និង​សម្រួល​ផ្លូវ​ច្បាប់​ដល់​ការ​ចាក់​បញ្ចូល​ទឹក​ប្រាក់​វិនិយោគ​ខាង​លើ ​ឱ្យ​បាន​រួច​រាល់​នៅ​ត្រឹម​ខែ​មករា ​ឆ្នាំ​២០១៨​ ពេល​ដែលលោក​នាយករដ្ឋមន្ត្រី​ចិន​ Li ​Keqiang ​មក​បំពេញ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា។ លោក​នាយករដ្ឋមន្ត្រី​កម្ពុជា ​បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា ​គម្រោង​ទាំង​ពីរ​ខាង​លើ​នឹង​បង្កើត​ការងារ​ជាង ​២​ម៉ឺន​កន្លែង​ជូន​ប្រជាជន​កម្ពុជា។​
ការ​ទទួល​បាន​ការ​វិនិយោគ​ទំហំ​ ៧​ពាន់​លាន​ដុល្លារ​នេះ ​មាន​ឡើង​ខណៈ​ដែល​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន ​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​កំពុង​ស្ថិត​ក្នុង​អំណាច ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​ស្ដី​អំពី​ការ​សន្ទនា​កម្រិតខ្ពស់​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​គណបក្ស​នយោបាយមក​ពី​ទូទាំង​សាកលលោក ​ដែល​រៀប​ចំ​ធ្វើ​ឡើង​ដោយគណបក្សកុម្មុយនិស្ត​ចិន​នៅ​ទី​ក្រុង​ប៉េកាំង។​
​ទី​ភ្នាក់ងារ​កាសែត​ផ្លូវការ ​People’s​ Daily ​របស់​រដ្ឋ​ចិន​បាន​រាយ​ការណ៍​ថា ​ទាំង​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន ​នៃ​ប្រទេស​កម្ពុជា ​និង​ទាំង​អ្នកស្រី​ទីប្រឹក្សា​រដ្ឋ ​អ៊ុងសាន ​ស៊ូជី (Aung San Suu Kyi ) ​នៃ​ប្រទេស​មីយ៉ាន់ម៉ា ​សុទ្ធ​តែ​បាន​ពោល​សរសើរ​វាយ​តម្លៃខ្ពស់មក​លើ​ការ​រៀបចំ​កិច្ច​សន្ទនា​កម្រិត​ខ្ពស់​នេះ ​ថា​ បាន​នាំ​គណបក្ស​នយោបាយ​របស់​ខ្លួន​ទាញ​ភ្ជាប់​ការ​ប្រាស្រ័យ​ទាក់ទងកាន់តែ​ជិត​ស្និទ្ធ​ជាមួយ​នឹង​គណបក្ស​កុម្មុយនិស្ត​ចិន។​
​ការ​ទទួល​ការ​សន្យា​អំពី​ការ​វិនិយោគ​ក្នុង​ទឹក​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ និង​ការ​សន្ទនា​នយោបាយ​កម្រិត​ខ្ពស់​នេះ ​ធ្វើឡើង​នៅ​ចំ​ពេល​ដែល​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន ​កំពុង​ស្ថិត​ក្នុង​យុទ្ធនាការ​បង្ក្រាប​ក្រុម​ជំទាស់​នៅ​ក្នុង​ផ្ទះជាមួយ​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គូ​ប្រជែង​ដ៏​មាន​ថាមភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជារបស់​លោក ​និង​ការ​បាញ់​រះ​ដោយ​ប្រើ​សំណាញ់​ច្បាប់​លើ​បណ្ដា​អង្គការ​សង្គម​ស៊ីវិល ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មិន​ចំណុះ​ឥស្សរជន​នយោបាយ​ក្នុង​អំណាច។
​ខណៈ​ដែល​ការ​បង្ក្រាប​ផ្នែក​នយោបាយ​ខាងលើ​កំពុង​ទទួល​ការ​ថ្កោល​ទោស​ និង​ការ​កាត់​ជំនួញ​ហិរញ្ញវត្ថុ​ជា​បណ្ដើរៗពី​បណ្ដា​រដ្ឋាភិបាល​លោក​ខាងលិច​ រួម​មាន​សហរដ្ឋ​អាមេរិក​ ​និង​ប្រទេស​សមាជិក​មួយ​ចំនួន​នៃ​សហភាព​អឺរ៉ុប​ ​ប្រទេស​ចិនបាន​ប្រកាស​អំពី​ការ​គាំទ្រ​ឥត​ងាក​រេ​ចំពោះ​ទីក្រុង​ភ្នំពេញ ​ជា​សម្ព័ន្ធ​មិត្ត​ចាក់​ទឹក​មិន​លិច​របស់​ខ្លួន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍តាម​រយៈ​ការ​សន្យា​ផ្ដល់​ការ​គាំទ្រ​ផ្នែក​នយោបាយ​ ​និង​ហិរញ្ញប្បទាន​ក្នុង​រូបភាព​ជា​កម្ចី ​និង​ការ​អភិវឌ្ឍ​ជា​ច្រើន​ឥត​ដាច់។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​មាន​ពេល​មួយ​នោះ​ ​សារព័ត៌មាន​រដ្ឋ​ចិន​បាន​ព្រមាន​ពី​ហានិភ័យ​ផ្នែក​សេដ្ឋកិច្ច​ដែល​រង​ឥទ្ធិពល​ពី​កលយុគ​នយោបាយ​នៅ​កម្ពុជា​ផង​ដែរ។​
​ប្រទេស​ចិន​បាន​ក្លាយ​ជា​ប្រភព​វិនិយោគ​ទាំង​ផ្នែក​សាធារណៈ​និង​ផ្នែក​ឯកជន​ធំ​ជាង​គេ​នៅ​កម្ពុជា ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។​ ជាក់​ស្ដែង​ ​បើ​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(CDC)​ ​ឲ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ​២០១៦​ ប្រទេស​ចិន​មាន​ចំណែក​វិនិយោគ​ដល់​ទៅ​ប្រមាណ​៣០%​នៃ​មូលធន​វិនិយោគសរុប​ពេញ​មួយ​ឆ្នាំ​នៅ​កម្ពុជា​ ​ដែល​មាន​តម្លៃ​ ​៣.៦​ពាន់​លាន​ដុល្លារ។​
ការណ៍​នេះ​នាំ​ឱ្យ​អ្នក​វិភាគ​មួយ​ចំនួន​បង្ហាញ​ក្ដី​បារម្ភ​ថា ការពឹង​ផ្អែក​លើ​ច្រក​ចូល​វិនិយោគ​ពី​ចិន​ខ្លាំង​ពេក​ បង្ក​ឱ្យ​មាន​ការ​គំរាម​កំហែង​ដល់​ឯករាជ្យភាព​ផ្នែក​សេដ្ឋកិច្ច ​និង​នយោបាយ។​
​អ្នក​វិភាគ​នយោបាយ​ ​លោក​បណ្ឌិត​ ​ឡៅ ​ម៉ុងហៃ​ ​ក្នុង​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​VOA​ ​បាន​ហៅ​ព័ត៌មាន​នៃ​ការដាក់​ទុនវិនិយោគ​ថ្មី​របស់​ចិន​នៅ​កម្ពុជា​នេះ​ថាជា​«ដំណឹងល្អ» ​តែ​លោក​បាន​លើក​ឡើង​នូវ​ក្ដី​បារម្ភ​អំពី​ការ​ពឹង​ផ្អែក​ទៅ​លើប្រភព​តែមួយ​នៃ​ការ​គាំទ្រ​ទាំង​ផ្នែក​សេដ្ឋកិច្ច​ ​និង​នយោបាយ​ពី​សំណាក់​ប្រទេស​ចិន​ ​មក​លើ​ប្រទេស​កម្ពុជា។​ លោក​បញ្ជាក់​ថា៖
​«ខ្ញុំ​ព្រួយ​បារម្ភ​អ៊ី​ចេះ​ទេ ​បើ​សិន​យើង​ពឹង​ផ្អែក​លើ​មហា​អំណាច​តែ​មួយ ​ទៅ​លើ​ប្រភព​នៃ​[លំហូរ]​អ្នក​រកស៊ី​តែ​មួយ​ យូរៗទៅ​ប្រទេស​ហ្នឹងនឹង​ក្លាយ​ជា​អាណានិគម​របស់​គេ​ទៅ​ណា»។
លោក​ ឡៅ ម៉ុងហៃ​ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ​បើ​ជ្រុល​តែ​ជា​ប្រទេស​ធំ​ជាង​គេ​ផ្នែក​ជំនួយ ​និង​វិនិយោគ​សេដ្ឋកិច្ច​នៅកម្ពុជា​ទៅ​ហើយ ​ប្រទេស​ចិន​ដែល​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ហត្ថលេខី​កិច្ច​ព្រមព្រៀង​សន្តិភាព​នៅ​កម្ពុជាកាលពីឆ្នាំ១៩៩១ ​ក៏គួរតែ​ជំរុញ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ ឱ្យ​ធានា​នូវ​ប្រព័ន្ធ​អភិបាលកិច្ច​ល្អ ​និង​ប្រព័ន្ធ​យុត្តិធម៌ដែលប្រសើរជាងមុន​ លៃ​យ៉ាងណាជួយធានានូវស្ថិរភាព​យូរ​អង្វែង​ប្រយោជន៍​ដើម្បី​ទីធ្លា​ដ៏​ស្ងប់​សុខ​នៅ​កម្ពុជា ​សម្រាប់​វិនិយោគិន​ចិនមកប្រកបរបរ​ទទួលទាន។​
ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម ​លោក ​ស៊ាង ថៃ ​បាន​លើក​ឡើង​ថា​ ទីផ្សារ​កម្ពុជា​ទទួល​វិនិយោគិន​ដោយ​សេរី​ និង​គ្មាន​ការ​រើស​អើង​ ហើយ​កន្លង​មក​វិនិយោគិន​មក​ពី​ប្រទេស​ចិន ​និង​ក៏​មាន​ជប៉ុន​ផង​ដែរ ​ឃើញ​ភាព​ទាក់ទាញ​របស់​កម្ពុជា​ ជាង​ការ​មើល​ឃើញរបស់​វិនិយោគិន​មក​ពី​តំបន់​ដទៃ ​ម្ល៉ោះ​ហើយ​ទើប​នាំ​ឱ្យ​ការ​វិនិយោគ​ពី​ចិន​មាន​ចំណែក​ធំ។​
​«យើង​អត់​អាច​ថា ​ប្រទេស​នេះ​គួរ​តែ​មក​ប៉ុណ្ណេះ​ ​មក​ប៉ុណ្ណោះ​ទេ​ គឺ​ថា ​អ្នក​មើល​ឃើញ​ទី​ផ្សារ​ប្រទេស​យើង​ល្អ ​មក ​គឺ​យើង​ទទួល​ទាំង​អស់​ហ្នឹង ​អ្នក​ណា​ក៏យើង​ទទួល​ដែរ ​មិន​មាន​ការ​រើស​អើង​ទេ ​ផ្នែក​ពាណិជ្ជកម្ម ​សេដ្ឋកិច្ច ​វិនិយោគ ដែលគេ​ចង់​មក​រក​ស៊ី​នៅ​កម្ពុជា​យើង»។
លោក​ ស៊ាង ថៃ​ បាន​បន្ថែម​ថា​ ​ការ​វិនិយោគ​ក្នុង​ទឹក​ប្រាក់​ដ៏​ធំ​មហាសាលមកលើខាងលើ​ឆ្លើយ​តប​នឹង​តម្រូវការ​គន្លឹះៗ​ ​នៃ​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​កម្ពុជា​ដើម្បី​ជំរុញ​កំណើន​ជា​បន្ត ​តួយ៉ាងដូច​ជា​ ការកសាងផ្លូវល្បឿនលឿនដែលអាចកាត់បន្ថយថ្លៃ​ដើម​ផលិតកម្ម​ទៅ​លើ​ផ្នែក​ដឹក​ជញ្ជូន​ឱ្យ​ទាប​ជាង​មុន ​និង​ក៏​ដូចជាការ​វិនិយោគ​លើ​វិស័យ​ធនាគារដែលអាចជួយ​សម្រួល​លំហូរ​សាច់​ប្រាក់​រវាង​ប្រទេស​ចិន ​និង​ប្រទេស​កម្ពុជា ​ទាំងលើការទូទាត់ទំនិញ​តូច​ធំ​នានា ​និង​ការ​វិនិយោគ​នៅគ្រប់​កម្រិត៕​
ប្រភព៖ VOA Khmer

No comments:

Post a Comment