អ្នកខ្លះគិតថាទាល់តែមានលុយច្រើនរាប់រយទើបអាចដើរលេងថៃបាន តែតាមពិតមិនបាច់មានរាប់រយដុល្លារទេ គឺត្រឹមតែ ៤០ ម៉ឺនរៀល (១០០ដុល្លារ) អ្នកអាចផ្តល់ឱកាសឲ្យខ្លួនឯងស្គាល់ស្រុកគេបាន ម៉ាសប្បាយនិងសល់លុយទិញឥវ៉ាន់ខ្លះបានទៀត បើចេះប្រើលុយនោះ។
បើអ្នកមានត្រឹម ៤០ ម៉ឺនរៀល ហើយចង់ទៅលេងថៃមានគ្នា ៤នាក់ អ្នកគួរជ្រើសរើសការធ្វើដំណើរតាមឡាន VIP ធ្វើដំណើរត្រង់ (Direct) ពីភ្នំពេញទៅបាំងកកតែម្តង ដោយមិនបាច់ប្តូរឡានច្រើន ហើយចំណាយប្រហែល ២៣ដុល្លារ។ ដូច្នេះពេលទៅទិញសំបុត្រអ្នកគួរជ្រើសរើស ឡាន VIP បើក Direct ទៅបាំងកក។
ពេលត្រឡប់មកវិញ អ្នកអាចទៅរកទិញសំបុត្រឡាននៅក្បែរសណ្ឋាគារបាយ៉ុកស្កាយ (Baiyoke Sky Hotel) ម្តុំផ្សារ ប៉ាទូណាម ដោយមានជនជាតិខ្មែរនៅទីនោះច្រើន អាចនិយាយទាក់ទងជិះឡាន VIP ជិះត្រង់មកភ្នំពេញវិញ ដោយចំណាយប្រហែល ៨០០ បាត (ប្រហែល ២៣ ដុល្លារ)។ ដូច្នេះទាំងទៅទាំងមក អ្នកចំណាយអស់ ៤៦ដុល្លារ នៅសល់ ៥៤ ដុល្លារទៀត។
ថ្ងៃដំបូងពេលទៅដល់ថៃ៖
ក្រោយជិះឡាន VIP ត្រង់ពីភ្នំពេញមកដល់បាំងកក អ្នកត្រូវរកកន្លែងគេង។ សម្រាប់គ្នាអ្នក៤នាក់ ពិតជាងាយស្រួល សម្រាប់កន្លែងគេងនិងធូរថ្លៃ។ អ្នកអាចរកផ្ទះសំណាកមានបរិយាកាសល្អល្មម មានម៉ាស៊ីនត្រជាក់ គេងស្រួលបាននៅ ផ្ទះសំណាក់ DD House ដោយទីនោះ បុគ្គលិកចេះនិយាយខ្មែរយ៉ាងស្ទាត់ជំនាញ។
បន្ទប់គ្រែ ១ គេងបានបីទៅបួននាក់ ថ្លៃ ៩០០ បាទមួយយប់ ដូច្នេះបើអ្នកគេងពីរយប់អស់ថ្លៃ ១៨០០ បាត (ប្រហែល ៥២ ដុល្លារ)។ ដូច្នេះបើអ្នកយក ១៨០០ បាតចែកនឹង ៤នាក់ ក្នុងម្នាក់ត្រូវអស់ ៤៥០ បាត ដែលស្មើរនឹង ១៣ ដុល្លារ សម្រាប់ពីរយប់។ អ៊ីចឹងសរុបមកក្នុងម្នាក់ បានចាយអស់ ៥៩ ដុល្លារហើយអ្នកនៅសល់លុយ ៤១ ដុល្លារទៀតសម្រាប់ហូបចុក។
ដូរលុយដុល្លារយកលុយបាតបានច្រើន ដូរនៅឯណា?
ភាគច្រើនពលរដ្ឋមិនសូវចាប់អារម្មណ៍រឿងដូរលុយ តែតាមពិតជាទូទៅ ដូរលុយដុល្លារយកលុយបាតតាមធនាគារនៅខ្មែរបានច្រើនជាងដូរនៅថៃ។ តែបើជ្រុលទៅដល់ថៃ គួរដូរនៅកន្លែងដូរលុយក្បែរផ្ទះសំណាក់ DD House ដែលបានប្រាប់ខាងលើ ព្រោះវាបានច្រើនជាងកន្លែងណាណាទាំងអស់នៅបាំងកក។ អាចរកមើលៗក្បែរ DD House បាន។
ការហូបចុកគ្នា៤នាក់៖
តាមពិត ទៅដើរលេងបាំងកកមិនបាច់អីចូលហាងធំៗនាំអស់លុយច្រើនទេ អ្នកអាចដើរញាំអាហារតាមផ្លូវដែលមានរសជាតិឆ្ងាញ់បាន ហើយចំណាយតិចទៀត។ ប៉ុន្តែបើគិតថាចង់ញាំអាហារឆ្ងាញ់ក្នុងហាង សម្រាប់បីពេល អ្នកត្រូវត្រៀមយ៉ាងហោច ១២០០ បាត សម្រាប់គ្នា ៤នាក់ តែជម្រើសល្អគឺទៅញាំនៅ China Town ព្រោះអាហារឆ្ងាញ់ហើយតម្លៃសមរម្យ តែនៅក្នុងផ្សារប៉ាទូណាមក៏មានហាងខ្មែរដូចគ្នា អាចរកមើលបាន។
ច្នេះ ៤នាក់ ក្នុងម្នាក់អស់ ៣០០ (៩ដុល្លារ) បាតថ្លៃញាំ៣ពេលក្នុងមួយថ្ងៃ ហើយពីរថ្ងៃអស់ ៦០០ បាត ដែលស្មើរនឹង ១២០០បាតក្នុងម្នាក់ (១៨ដុល្លារ)។ អ្នកនៅសល់លុយ ២៣ដុល្លារ (៧៨១បាត) ក្នុងហោបៅ សម្រាប់ទិញខោអាវល្អៗស្អាតៗនៅប៉ាទូណាម ដែលតម្លៃលក់ដុំថោកៗ (ឧ. អាវយឺត ១ ថ្លៃ ១៥០បាត តែទិញ ៣ ថ្លៃតែសរុបតែ ៣០០បាតប៉ុណ្ណោះ)។
ការធ្វើដំណើរ៖
សម្រាប់ការធ្វើដំណើរនៅបាំងកកអ្នក មិនចាំបាច់អី តិចជិះតាក់ស៊ី ជិះកង់បីនោះទេ អាចដើរមើលទីក្រុងស្រុកគេ ព្រោះមនុស្សច្រើនណាស់ធ្វើដំណើរដោយថ្មើរជើងនៅទីនោះ ហើយណាមួយមិនបាច់អស់លុយថ្លៃធ្វើដំណើរទៀតផង។
បើចង់ទៅទីឆ្ងាយៗ អ្នកគ្រាន់តែដើរទៅស្ថានីយ៍រថភ្លើងលើអាកាស BTS និងក្រោមដី MTS ដែលនៅក្បែរខ្លួន ហើយទិញសំបុត្រក្នុងម្នាក់អស់តែ ៨០បាតប៉ុណ្ណោះ។ រថភ្លើងលើអាកាសនិងក្រោមដីទាំងនោះ មានទីតាំងដែលវាត្រូវឈប់ពី ១ ដល់ ៣០ ទីតាំង ដូច្នេះអ្នកត្រូវប្រាកដថាចង់ចុះនៅទីតាំងណាមួយ។ រាល់ពេលដល់ទីតាំងខាងជំនួយការសំឡេងនឹងប្រកាសប្រាប់ ជាភាសាថៃ អង់គ្លេសនិងចិនជាដើម ដូច្នេះមិនបាច់ភ័យទេ។
ដូច្នេះ ១០០ ដុល្លារ ឬ ៤០ ម៉ឺនរៀលពិតជាមានន័យសម្រាប់អ្នក បើអ្នកចេះចាយវាបានល្អ។ នេះជាគន្លឹះខ្លះៗ ដែលក្រុមការងារអង្គរប៉ុស្តិ៍ធ្លាប់ធ្វើកន្លងមក ហើយសង្ឃឹមថាអ្នកអាចធ្វើបានតាមការណែនាំនេះ និងទៅដើរលេងថៃបានសប្បាយ៕
ប្រភព៖ Angkorpost
ប្រភព៖ Cambpos.blogspot.com
No comments:
Post a Comment