Tuesday, December 5, 2017

“អាមេរិក​នឹង​សហការ​ជាមួយ​អឺរ៉ុប​និង​ជប៉ុន​ដើម្បី​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​កម្ពុជា"

(ស្ដាំ) លោក អាឡាន់ ឡូវែនថល (Alan Lowenthal) តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ​២០១៧។
(ស្ដាំ) លោក អាឡាន់ ឡូវែនថល (Alan Lowenthal) តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ​២០១៧។
RFA
តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ព្រមាន​ថា សហរដ្ឋអាមេរិក​នឹង​សហការ​ជាមួយ​សហគមន៍​អឺរ៉ុប និង​ជប៉ុន ដើម្បី​ស្វែង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​កម្ពុជា តាម​រយៈ​ការ​បិទ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ផលិតផល​សំលៀកបំពាក់​របស់​កម្ពុជា ទៅ​លក់​នៅ​បរទេស។
​ការ​ប៉ុនប៉ង​ដាក់​សម្ពាធ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតុន ធ្វើ​ឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល លោក ហ៊ុន សែន បំផ្លាញ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ខ្លួន​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង និង​ធ្វើ​ទុក្ខបុកម្នេញ​ក្រុម​សង្គម​ស៊ីវិល យ៉ាង​ធ្ងន់ធ្ងរ។

​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក លោក អាឡាន់ ឡូវែនថល (Alan Lowenthal)  បាន​ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​អាទិត្យ ទី​៣ ខែ​ធ្នូ ថា ក្រៅ​ពី​ការ​ស្វែង​រក​លទ្ធភាព​ក្នុង​ការ​បិទ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​វាយនភណ្ឌ​របស់​កម្ពុជា នោះ​សហរដ្ឋអាមេរិក នឹង​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ទេ ប្រសិនបើ​កម្ពុជា មិន​ដោះលែង​អ្នក​ទោស​នយោបាយ ហើយ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ការ​បោះឆ្នោត​នោះ។
លោក អាឡាន់ ឡូវែនថល៖ «ជំហាន​ដំបូង​យើង​កំពុង​ធ្វើ​កិច្ចការ​ជាមួយ​សមាជិកសភា​របស់​អាស៊ាន សមាជិក​សភា​អឺរ៉ុប និង​ជប៉ុន ដើម្បី​ធ្វើការ​រួមគ្នា​ស្វែង​រក​វិធានការ​សមរម្យ​ក្នុង​ការ​បិទ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​កម្ពុជា មក​លក់​នៅ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប។ វា​ជា​កិច្ចការ​លំបាក​បន្តិច​មែន ប៉ុន្តែ​ប្រសិនបើ​យើង​ធ្វើ​ការ​រួម​គ្នា យើង​នឹង​ជួយ​ជីវិត​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​ឡើង​វិញ»
​ការ​អះអាង​របស់​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​រូប​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​វេទិកា​សាធារណៈ​មួយ​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ​អាមេរិកាំង ក្នុង​រដ្ឋ​វឺជីនៀ (Virginia) កាល​ពី​ថ្ងៃ​អាទិត្យ ដែល​មាន​ពលរដ្ឋ​ខ្មែរ​ចូលរួម​ជាង ២០០​នាក់ មក​ពី​តាម​បណ្ដា​រដ្ឋ​ជា​ច្រើន​ក្នុង​សហរដ្ឋអាមេរិក។
​លោក លោក អាឡាន់ ឡូវែនថល បន្ត​ថា ប្រសិន​ស្ថានការណ៍​នៅ​កម្ពុជា មិន​ព្រម​វិល​មក​រក​ភាព​ប្រក្រតី​ទៀត នោះ​ក្រុម​តំណាងរាស្ត្រ​របស់​សហរដ្ឋអាមេរិក ស្វែង​រក​ការ​ដាក់​បញ្ចូល​ឈ្មោះ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​កម្ពុជា ដែល​រំលោភ​សិទ្ធិ​មនុស្ស​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ច្បាប់ គ្លបល មែកនីកស្គី (Global  Magnitsky Act) ថែម​ទៀត។
​ច្បាប់ គ្លបល មែកនីកស្គី (Global Magnitsky) ត្រូវ​បាន​សភា​ពេញអង្គ​របស់​សហរដ្ឋអាមេរិក អនុម័ត​កាល​ពី​​ខែ​ធ្នូ ឆ្នាំ​២០១៦។ ច្បាប់​នេះ​មាន​ឥទ្ធិពល​ដាក់​ទណ្ឌកម្ម​បុគ្គល​ណា​ក៏ដោយ ជាតិ​សាសន៍​ណា​ក៏ដោយ​ដែល​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ គឺ​បិទ​ទិដ្ឋាការ​មិន​អោយ​ចូល​សហរដ្ឋអាមេរិក ហើយ​ទី​ពីរ​គឺ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​បុគ្គល​នោះ​ដែល​ដាក់​តម្កល់​នៅ​បរទេស។
​រហូត​មក​ដល់​ពេល​នេះ កម្ពុជា​កំពុង​រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ រួម​មាន​សហគមន៍​អឺរ៉ុប  អូស្ត្រាលី និង​សហរដ្ឋអាមេរិក ដែល​សុទ្ធ​តែ​ជា​ប្រទេស​ម្ចាស់​ជំនួយ​ដ៏​ធំ​របស់​កម្ពុជា។ កាល​ពី​ចុង​ខែ​វិច្ឆិកា  គណៈប្រតិភូ​សភា​អឺរ៉ុប ក៏​បាន​ព្រមាន​រដ្ឋាភិបាល​កម្ពុជា​ថា អឺរ៉ុប​អាច​នឹង​ចាត់​វិធានការ​ជុំវិញ​ជំនួយ​ផ្នែក​អភិវឌ្ឍន៍ និង​ការ​អនុគ្រោះ​ពន្ធ ប្រសិនបើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​តែ​មាន​ភាព​ដុនដាប​ខ្លាំង ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។
អ្នកស្រី អូលីវ្យោ អ៊ែននុស (Olivio Enos) ដែល​ជា​អ្នក​វិភាគ​ផ្នែក​គោលនយោបាយ​របស់​អង្គការ​មូលនិធិ​កេរដំណែល​សហរដ្ឋអាមេរិក បាន​ផ្ដល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ថា ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​ច្បាស់លាស់​មួយ​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់​ខ្ពស់​ដែល​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បទល្មើស​សម្លាប់​ឆន្ទៈ​ប្រជាធិបតេយ្យ​របស់​ពលរដ្ឋ​ខ្មែរ៖ «សហរដ្ឋអាមេរិក​ទាម​ទារ​អោយ​ក្រុម ឬ​បុគ្គល​ទាំង​ឡាយ​ណា​ក្នុង​ប្រទេស​កម្ពុជា ទទួល​ខុសត្រូវ​ចំពោះ​អំពើ​ល្មើសច្បាប់​របស់​ពួកគេ​ដែល​បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ដូច្នេះ​ការ​ទណ្ឌកម្ម​ជា​វិធី​ល្អ​មួយ​ដូចជា​ការ​បិទ​ទិដ្ឋាការ ឬ​បង្កក​ទ្រព្យ​អី​ជា​ដើម​ហ្នឹង ប៉ុន្តែ​យុទ្ធសាស្ត្រ​ធំ​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ទាមទារ​អោយ​មាន​ការ​កៀរគរ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ក្នុង​តំបន់​អោយ​ជួយ​ផង​ដែរ។ ជាង​នេះ​ទៅ​ទៀត សហរដ្ឋអាមេរិក​គួរ​បង្កើត​ក្រុម​ទំនាក់ទំនង​កម្ពុជា ដើម្បី​ជា​ឆ្លើយតប​ទៅ​នឹង​កាតព្វកិច្ច​ដែល​សហរដ្ឋអាមេរិក មាន​គឺ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ត្រូវ​ទាមទារ​ឲ្យ​កម្ពុជា ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​បំផ្លាញ​ដំណើរ​ការ​ប្រជាធិបតេយ្យ»
​ទោះជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ប្រតិកម្ម​ថា កម្ពុជា និង​សហរដ្ឋអាមេរិក នៅ​តែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា ហើយ​សង្ឃឹម​ថា រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) នឹង​មាន​ការ​ពិចារណា​ខ្ពស់​ចំពោះ​ដែន​អធិបតេយ្យ​នៃ​ប្រទេស​ទាំង​ពីរ។
​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា គ្មាន​ហេតុផល​ណា​មួយ​ដែល​សហរដ្ឋអាមេរិក ត្រូវ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​កម្ពុជា នោះ​ឡើយ៖ «ភាសា​ការ​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា មិន​អាច​ទៅ​រួច​ទេ ពីព្រោះ​កម្ពុជា កំពុង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក ហើយ​យើង​មិន​ទាន់​ធ្វើ​អ្វី​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​ផលប្រយោជន៍​សហរដ្ឋអាមេរិក​នោះ​ទេ»
​ទោះ​ជា​យ៉ាង​ណា​ក៏​សេតវិមាន​របស់​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា បាន​ចាត់​ទុក​ការ​រំលាយ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ថា​ជា​វិធានការ​ធ្ងន់ធ្ងរ​មួយ​ដែល​នាំ​ដំណើរ​ការវិវឌ្ឍន៍​នៃ​លទ្ធិប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ ហើយ​អាច​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ជួប​ហានិភ័យ។
សេត​វិមាន​ប្រធានាធិបតី​សហរដ្ឋអាមេរិក ក៏​បាន​ព្រមាន​ថា អាមេរិក​នឹង​ចាត់​វិធានការ​ជាក់លាក់​ឆ្លើយ​តប​ទៅ​ដល់​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ វិធានការ​ទី​មួយ​របស់​សហរដ្ឋអាមេរិក គឺ​បញ្ចប់​ការ​គាំទ្រ​ខាង​ផ្នែក​កិច្ចការ​រដ្ឋាភិបាល​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ។ វិធានការ​ទី​ពីរ គឺ​សហរដ្ឋអាមេរិក នឹង​មិន​ទទួល​ស្គាល់​ជាដាច់ខាត​នូវ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ​នេះ៕
ប្រភព៖ RFA Khmer

No comments:

Post a Comment