Thursday, December 7, 2017

តំណាងរាស្ត្រ​អូស្ត្រាលី​ស្នើ​រដ្ឋាភិបាល​ខ្លួន​ប្រើ​វិធានការ​ក្ដៅ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា

លោក កឹម សុខា និង​ភរិយា ក្នុង​ពិធី​សូត្រ​មន្ត​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស នា​សង្កាត់​ចាក់អង្រែលើ កាល​​ពី​ថ្ងៃ​​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev
លោក កឹម សុខា និង​ភរិយា ក្នុង​ពិធី​សូត្រ​មន្ត​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស នា​សង្កាត់​ចាក់អង្រែលើ កាល​​ពី​ថ្ងៃ​​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev
តំណាងរាស្ត្រ​របស់​ប្រទេស​អូស្ត្រាលី ទាមទារ​អោយ​រដ្ឋសភា​សហព័ន្ធ និង​រដ្ឋាភិបាល​អូស្ត្រាលី​ប្រើ​វិធានការ​ក្ដៅ​របស់​ខ្លួន ដើម្បី​ស្វែងរក​ការ​ដោះលែងលោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ ជាតិ និង​ធ្វើ​អោយ​ស្ថាន​ការណ៍​នៅ​កម្ពុជា វិល​មក​រក​ភាព​ប្រក្រតី​វិញ។
តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​ពលករ​របស់​ប្រទេស​អូស្ត្រាលី​ ដ៏​មាន​វោហារ​ក្នុង​ការ​ទាមទារ អោយ​មាន​ការ​គោរព​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ម៉ាក បាត់លើរ (Mark Butler) បាន​ថ្លែង​នៅ​ក្នុង​រដ្ឋសភា​សហព័ន្ធ​អូស្ត្រាលី កាលពី​ថ្ងៃ​ពុធ ​ទី​៦ ធ្នូ ជំរុញ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ប្រើ​វិធានការ​ម៉ឺងម៉ាត់​មួយ​ដើម្បី​ជំរុញ​ឲ្យ រដ្ឋាភិបាល​កម្ពុជា​ដោះលែង លោក កឹម សុខា ជាបន្ទាន់​ដោយឥត​លក្ខខណ្ឌ។

សំណើ​របស់​លោក ម៉ាក បាត់លើរ ធ្វើឡើង​ក្រោយ​ពេល​សហគមន៍​ខ្មែរ ក្នុង​ប្រទេស​អូស្ត្រាលី ៥​០០នាក់ កាលពី​ថ្ងៃ​ទី៥ ខែ​ធ្នូ កន្លង​ទៅ រួម​ទាំង​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ផង​នោះ​ បាន​ជំរុញ​អោយ​រដ្ឋាភិបាល​អូស្ត្រាលី​អន្តរាគមន៍អោយ​មាន​ការ​បោះឆ្នោតដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា។
នៅ​ក្នុង​សារ​ជា​វីដេអូ​អំពី​ការ​ថ្លែង​របស់​លោក ម៉ាក បាត់លើរ នៅ​ក្នុង​រដ្ឋសភាអូស្ត្រាលី ​កាលពី​ថ្ងៃ​ពុធ លោក​បាន​ប្រាប់​សភា​អូស្ត្រាលី​ថា សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​ផ្សេងទៀត​កំពុង​ដាក់​សម្ពាធ​ខ្លាំង​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន អោយ​បង្វែរ​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា ​វិល​មក​រក​ភាព​ប្រក្រតី​វិញ។
ដូច្នេះ​លោក​នឹង​សរសេរ​លិខិត​មួយទៀត​ទៅកាន់​អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishop) ដើម្បី​អោយ​រដ្ឋាភិបាល​អូស្ត្រាលី​ប្រើ​វិធានការ​ដ៏​ម៉ឺងម៉ាត់​មួយ ដើម្បី​គាំទ្រ​អោយ​មាន​លទ្ធិប្រជាធិបតេយ្យ និងការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។
នៅ​ក្នុង​ជំនួប​មួយ​រវាង​អ្នកស្រី មូរ សុខហួរ តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះជាតិ និង​អ្នកស្រី ជូលី ប៊ីហ្សប រដ្ឋមន្ត្រី​ក្រសួងការបរទេស​អូស្ត្រាលី កាលពី​ថ្ងៃ​ទី​៥ ធ្នូ អ្នកស្រី មូរ សុខហួរ បញ្ជាក់​ថា​ រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី នៅតែ​គាំទ្រ​កិច្ច​ព្រមព្រៀង សន្តិភាព​ក្រុង​ប៉ារីស​ថា នៅ​មិន​សុពលភាព​នៅឡើយ។ ជាង​នេះ​ទៅទៀត អ្នកស្រី​រដ្ឋមន្ត្រីការបរទេស​រូប​នេះ បាន​ជំរុញ​ឲ្យ​អោយ​គណបក្ស​ប្រឆាំងស្វែងរក​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ ដើម្បី​អោយ​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​នេះ កោះ​ប្រជុំ​ប្រទេស​ហត្ថលេខី​ទាំងអស់​ឡើងវិញ ក្នុង​ការ​ពិនិត្យ​មើល​អំពី​ការ​រំលោភ​បំពាន​លើ​កិច្ច ព្រមព្រៀង​នេះ។
អ្នកស្រី ប៊ីហ្សប ក៏បាន​បញ្ជាក់​ប្រាប់​ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ថា ប្រទេស​អូស្ត្រាលី​ នឹង​មិន​ទទួលស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា​ឡើយ បើ​មិន​មាន​ការចូលរួម​របស់​គណបក្ស​សង្គ្រោះជាតិ។
នៅ​ឯ​សហរដ្ឋអាមេរិក​ឯណេះ​វិញ អនុគណៈកម្មការ​សភា ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​នៃ​គណៈកម្មការ​ការបរទេស​របស់​សភា​អាមេរិក គ្រោង​បើកសវនាការ​សួរដេញដោល​អំពី​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៧ ​ខាងមុខ។
ក្រុម​វាគ្មិន​ដែល​នឹង​ចូលរួម មាន​លោកស្រី អូលីវ្យោ អ៊េននុស (Oliva Enos) អ្នកវិភាគ​ផ្នែក​គោល​នយោបាយ​របស់​អង្គការ​កេរ្តិ៍​ដំណែល​ពិភពលោក (Heritage Foundation) កញ្ញា កឹម មនោវិទ្យា កូនស្រី​ច្បង​របស់ លោក កឹម សុខា និង លោក ឃែននែត វ័រឡាក់ (Kenneth Wollack) នាយក​អង្គការ​វិទ្យាស្ថានជាតិ​សម្រាប់​ប្រជាធិបតេយ្យ (NDI)
សវនាការ​នេះ​ធ្វើឡើង បន្ទាប់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតុន កាត់​ជំនួយ​បោះឆ្នោត បិទ​ទិដ្ឋាការ​មិន​អោយ​មន្ត្រី​ជាន់ខ្ពស់​នៃ​របប​លោក ហ៊ុន សែន ចូល​ដី​សហរដ្ឋអាមេរិក ព្រមាន​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា និង​ការព្រមាន​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំចេញ សំលៀកបំពាក់​មក​លក់​នៅ​សហរដ្ឋអាមេរិក​ដោយ​សារ​ការ​បំផ្លាញ សមិទ្ធផល​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។
ទោះជា​យ៉ាងណា​ក៏ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី៦ ធ្នូ បាន​ប្រកាស​ជា​សាធារណៈ​ថា ទោះ​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះជាតិ​ក៏ដោយ ក៏​កម្ពុជា​នៅតែ​បន្ត​ដំណើរការ​បោះឆ្នោត នៅ​ពេល​ខាងមុខ​ទៅ​តាម​ការ​គ្រោងទុក​ដោយ​គ្មាន​ការប្រែប្រួល ហើយ​ព្រមាន​ថា បរទេស​មិន​ត្រូវ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​នោះ​ឡើយ៕
ប្រភព៖ RFA Khmer

No comments:

Post a Comment