នៅក្នុងនាទីយល់ដឹងពីច្បាប់ នៅថ្ងៃនេះ សេង ឌីណា
សូមធ្វើការពន្យល់ អំពីលក្ខខណ្ឌក្នុងការទទួលបានសញ្ជាតិខ្មែរ។
ការកំណត់អំពីសញ្ជាតិខ្មែរ មានចែងនៅក្នុងច្បាប់ ស្តីពីសញ្ជាតិ ឆ្នាំ១៩៩៦។
យោងតាមច្បាប់
ស្តីពីសញ្ជាតិ ឆ្នាំ១៩៩៦ ការទទួលបានសញ្ជាតិខ្មែរ អាចកើតឡើង នៅក្នុងករណី ៣
ធំៗ៖
- ការទទួលសញ្ជាតិខ្មែរពីកំណើត
- ការទទួលសញ្ជាតិខ្មែរតាមរយៈអាពាហ៍ពិពាហ៍
- ការទទួលសញ្ជាតិខ្មែរតាមរយៈការសុំចូលសញ្ជាតិ (សញ្ជាតូបនីយកម្ម)
សញ្ជាតិខ្មែរពីកំណើត
ច្បាប់ខ្មែរ ក៏ដូចជា ច្បាប់នៅតាមប្រទេសភាគច្រើនផ្សេងទៀត នៅលើពិភពលោក ជាពិសេស ប្រទេសដែលមានប្រព័ន្ធច្បាប់ Romano-Germanique ការកំណត់សញ្ជាតិខ្មែរពីកំណើត គឺត្រូវយកសិទ្ធិដែលជាប់នឹងខ្សែលោហិតជាធំ។ មានន័យថា កូនដែលកើតពីឪពុក ឬម្តាយមានសញ្ជាតិខ្មែរ ត្រូវទទួលបានសញ្ជាតិខ្មែរពីកំណើត ទោះបីជាកើតនៅទីណាក៏ដោយ (កើតនៅក្នុងទឹកដីកម្ពុជាក៏ដោយ ឬក៏កើតនៅបរទេសក៏ដោយ)។
គួរបញ្ជាក់បន្ថែមថា មិនចាំបាច់ទាល់តែទាំងសងខាង (ទាំងឪពុក ទាំងម្តាយ) មានសញ្ជាតិខ្មែរ ទើបកូនមានសិទ្ធិទទួលសញ្ជាតិខ្មែរពីកំណើតទេ។ ឲ្យតែមានម្ខាងណាមួយមានសញ្ជាតិខ្មែរ (ឪពុកបរទេស ម្តាយខ្មែរ ឬឪពុកខ្មែរ ម្តាយបរទេស) ក៏កូនអាចទទួលសញ្ជាតិខ្មែរពីកំណើតបានដែរ។
ម្យ៉ាងទៀត កូនឥតខាន់ស្លា (កូនដែលកើតក្រៅចំណងអាពាហ៍ពិពាហ៍ស្របច្បាប់) ដែលម្តាយ ឬឪពុកមានសញ្ជាតិខ្មែរ ក៏អាចទទួលបានសញ្ជាតិខ្មែរពីកំណើតបានដែរ ឲ្យតែឪពុក ឬម្តាយ ដែលមានសញ្ជាតិខ្មែរ ទទួលស្គាល់កូននេះថាជាកូនរបស់ខ្លួន។
ឧទាហរណ៍៖ កូនកើតក្រៅចំណងអាពាហ៍ពិពាហ៍ ពីម្តាយជាជនបរទេស ហើយឪពុកមានសញ្ជាតិខ្មែរ។ បើសិនជាឪពុកដែលមានសញ្ជាតិខ្មែរនេះ ទទួលស្គាល់តាមផ្លូវច្បាប់ថា កូននេះ គឺជាកូនរបស់ខ្លួន កូននេះត្រូវមានសិទ្ធិទទួលបានសញ្ជាតិខ្មែរពីកំណើត។ ផ្ទុយទៅវិញ បើមានតែម្តាយ ដែលទទួលស្គាល់កូន ចំណែកឪពុកមិនទទួលស្គាល់ កូននេះមិនអាចទទួលបានសញ្ជាតិខ្មែរពីកំណើតបានទេ ព្រោះម្តាយមិនមានសញ្ជាតិខ្មែរ។
ក្នុងករណីកូន ដែលឪពុកម្តាយមិនទទួលស្គាល់ ប៉ុន្តែ តុលាការចេញសាលក្រមកំណត់ថា កូននេះពិតជាកើតពីឪពុក ឬម្តាយ ដែលមានសញ្ជាតិខ្មែរ កូននេះក៏ត្រូវទទួលបានសញ្ជាតិខ្មែរពីកំណើតដែរ។
និយាយពីកូនបរទេស ដែលកើតនៅលើទឹកដីកម្ពុជាវិញ។ ច្បាប់ខ្មែរមិនដូចជាច្បាប់ នៅប្រទេសមួយចំនួន ដូចជា អាមេរិក កាណាដា ឬក៏អូស្រ្តាលីទេ។ កូន ដែលកើតនៅលើទឹកដីខ្មែរ ក៏ប៉ុន្តែ មានទាំងឪពុក និងទាំងម្តាយជាជនបរទេស មិនអាចទទួលសញ្ជាតិខ្មែរពីកំណើតបានទេ លើកលែងតែឪពុកនិងម្តាយជាជនបរទេសនោះ កើតនៅក្នុងប្រទេសកម្ពុជាដែរ ហើយរស់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជា ទើបកូនរបស់គាត់អាចទទួលសញ្ជាតិខ្មែរពីកំណើតបាន។
សរុបមកវិញ កូនដែលកើតនៅលើទឹកដីកម្ពុជា ពីឪពុកម្តាយជាជនបរទេស ហើយឪពុកម្តាយបរទេសនេះ មិនបានកើតនៅក្នុងប្រទេសកម្ពុជាទេ កូននេះ មិនអាចទទួលសញ្ជាតិខ្មែរពីកំណើតបានទេ។ ក៏ប៉ុន្តែ បើសិនជាកូននេះកើតមក ធំដឹងក្តី បន្តរស់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជា ហើយក្រោយមក មានកូនកើតនៅក្នុងប្រទេសកម្ពុជា កូនរបស់គាត់ ដែលជាកូនបរទេសជំនាន់ទី២នេះ ត្រូវមានសិទ្ធិទទួលសញ្ជាតិខ្មែរពីកំណើត។
សញ្ជាតិខ្មែរតាមអាពាហ៍ពិពាហ៍
ស្រ្តី ឬបុរសបរទេស ដែលយកប្តី ឬប្រពន្ធខ្មែរ ដោយបានរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់ អាចទាមទារសញ្ជាតិខ្មែរបាន លុះត្រាតែប្តីប្រពន្ធទាំងពីររស់នៅជាមួយគ្នា រយៈពេលយ៉ាងតិច ៣ឆ្នាំ ក្រោយពេលចុះសំបុត្រអាពាហ៍ពិពាហ៍។
ការផ្តល់សញ្ជាតិខ្មែរដល់ជនបរទេស ដែលរៀបការជាមួយជនជាតិខ្មែរ ត្រូវសម្រេចដោយព្រះរាជក្រឹត្យ។
សញ្ជាតូបនីយកម្ម (ការសុំចូលសញ្ជាតិខ្មែរ)
ក្រៅពីការទទួលបានសញ្ជាតិខ្មែរពីកំណើត និងតាមរយៈការរៀបអាពាហ៍ពិពាហ៍ជាមួយជនជាតិខ្មែរ ជនបរទេសអាចទទួលបានសញ្ជាតិខ្មែរតាមរយៈសញ្ជាតូបនីយកម្ម (ការសុំសញ្ជាតិខ្មែរ)។
ដើម្បីទទួលបានសញ្ជាតិខ្មែរ តាមសញ្ជាតូបនីយកម្មនេះ ជនបរទេសត្រូវបំពេញលក្ខខណ្ឌមួយចំនួនជាចាំបាច់៖
- ត្រូវមានលិខិតបញ្ជាក់ថា ជននោះមានទីលំនៅនៅក្នុងប្រទេសកម្ពុជា, បានស្នាក់នៅជាប់ជាប្រចាំដោយស្របច្បាប់ ក្នុងរយៈពេលយ៉ាងតិច ៧ឆ្នាំ ហើយកំពុងបន្តមានទីលំនៅក្នុងប្រទេសកម្ពុជា នៅក្នុងពេលដាក់ពាក្យសុំសញ្ជាតិ។
- ត្រូវមានលិខិតបញ្ជាក់ថាជននោះមានគំនិតមារយាទ និងសីលធម៌ល្អ ដែលចេញដោយមេឃុំ ឬចៅសង្កាត់ នៃទីលំនៅរបស់ខ្លួន
- ត្រូវមានលិខិតថ្កោលទោស ដែលបញ្ជាក់ថា ពុំដែលមានទោសពីបទព្រហ្មទណ្ឌណាមួយ
- ត្រូវចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ដឹងប្រវត្តិសាស្រ្តខ្មែរខ្លះៗ ហើយបង្ហាញភស្តុតាងថា ខ្លួនអាចរស់នៅក្នុងសង្គមខ្មែរបានដោយសុខដុម ព្រមទាំងទទួលយកនូវទំនៀមទម្លាប់ និងប្រពៃណីល្អរបស់ខ្មែរ
- ត្រូវមានបញ្ញា និងកាយសម្បទាល្អ ដែលមិននាំឲ្យមានគ្រោះថ្នាក់ ឬនាំជាបន្ទុកដល់ជាតិ។
លក្ខខណ្ឌទាំងប៉ុន្មានខាងលើនេះ
គឺជាលក្ខខណ្ឌទូទៅ ដែលអាចមានករណីលើកលែងមួយចំនួន ជាពិសេស ទាក់ទងនឹងរយៈពេលរស់នៅក្នុងប្រទេសកម្ពុជា។
ជនបរទេស ដែលកើតក្នុងប្រទេសកម្ពុជា លក្ខខណ្ឌតម្រូវឲ្យស្នាក់នៅជាប់ៗគ្នា ក្នុងប្រទេសកម្ពុជា ចំនួន ៧ឆ្នាំ ត្រូវកាត់បន្ថយឲ្យមកនៅត្រឹម ៣ឆ្នាំវិញ។ ដូចដែលបានលើកឡើងខាងលើរួចហើយថា ជនបរទេស ដែលកើតនៅក្នុងទឹកដីកម្ពុជាមិនមានសិទ្ធិទទួលសញ្ជាតិខ្មែរពីកំណើត ទេ។ ក៏ប៉ុន្តែ បើសិនជាគាត់ចង់បានសញ្ជាតិខ្មែរ គាត់អាចដាក់ពាក្យសុំសញ្ជាតូបនីយកម្មបាន ដោយច្បាប់ដាក់លក្ខខណ្ឌធូរជាងជនបរទេស ដែលមិនកើតក្នុងប្រទេសកម្ពុជា។
ចំពោះជនបរទេសណា ដែលបានធ្វើការវិនិយោគក្នុងប្រទេសកម្ពុជា ក្នុងទឹកប្រាក់ចាប់ពី ១ពាន់ ២រយ ៥០លានរៀលឡើងទៅ (ប្រហែលជាជាង ៣០ម៉ឺនដុល្លារ) ដែលជាគម្រោងវិនិយោគជាក់ស្តែង ទទួលបានការអនុញ្ញាតត្រឹមត្រូវតាមច្បាប់ ក៏ប៉ុន្តែ មិនមានលិខិតអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លក្ខខណ្ឌស្នាក់នៅជាប់គ្នាក្នុងប្រទេសកម្ពុជា ក៏ត្រូវកាត់បន្ថយ ពី ៧ឆ្នាំ មក ៣ឆ្នាំវិញ ដូចករណីជនបរទេសកើតក្នុងប្រទេសកម្ពុជាដែរ។
បើសិនជាការវិនិយោគនេះធ្វើឡើង ក្នុងទំហំទឹកប្រាក់ដូចគ្នា ក៏ប៉ុន្តែ មានលិខិតអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លក្ខខណ្ឌទាក់ទងនឹងរយៈពេលស្នាក់នៅក្នុងប្រទេសកម្ពុជាត្រូវលើកលែង ទាំងស្រុងតែម្តង។ មានន័យថា ទោះបីជនបរទេសនោះ ទើបនឹងរស់នៅក្នុងប្រទេសកម្ពុជាបាន ១ឆ្នាំ កន្លះឆ្នាំ ឬ១ខែ ក៏អាចដាក់ពាក្យសុំសញ្ជាតិខ្មែរបានដែរ។
ដូចគ្នាដែរចំពោះជនបរទេសណា ដែលបានធ្វើអំណោយជាលុយដល់ថវិកាជាតិ ចាប់ពី ១ពាន់លានរៀលឡើងទៅ (ប្រហែលជា ២៥ម៉ឺនដុល្លារ) សម្រាប់ជាផលប្រយោជន៍ដល់ការស្តារ និងកសាងសេដ្ឋកិច្ចរបស់កម្ពុជា។ ឬជនបរទេសណា ដែលបានបង្ហាញនូវភស្តុតាងបញ្ជាក់ថា ខ្លួនបានផ្តល់គុណសម្បត្តិពិសេស ឬថ្វីដៃពិសេសអ្វីមួយ ដែលជាប្រយោជន៍ដល់ប្រទេសកម្ពុជា។
ក៏ប៉ុន្តែ បើទោះជាក្នុងករណីណាមួយក៏ដោយ ច្បាប់ស្តីពីសញ្ជាតិចែងថា ការសុំសញ្ជាតិតាមរយៈសញ្ជាតូបនីយកម្ម មិនមែនជាសិទ្ធិរបស់អ្នកសុំទេ។ ប៉ុន្តែ វាជាការអនុគ្រោះរបស់កម្ពុជា។ ដូច្នេះ បើទោះបីជាអ្នកសុំបានបំពេញគ្រប់លក្ខខណ្ឌ ដែលកំណត់ដោយច្បាប់ក៏ដោយ ក៏ពាក្យសុំនេះអាចត្រូវបដិសេធចោលបានដែរ ហើយការបដិសេធពាក្យសុំសញ្ជាតូបនីយកម្មនេះ អាចធ្វើឡើង ទៅតាមអំណាចឆន្ទានុសិទ្ធិ មានន័យថា កម្ពុជាមិនចាំបាច់ត្រូវបកស្រាយពន្យល់ថា ហេតុអ្វីបានជាខ្លួនបដិសេធពាក្យសុំសញ្ជាតិនេះទេ។
ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតូបនីយកម្ម ក៏ដូចជា ការផ្តល់សញ្ជាតិតាមរយៈអាពាហ៍ពិពាហ៍ដែរ គឺត្រូវធ្វើឡើង ដោយព្រះរាជក្រឹត្យ មានន័យថា ត្រូវឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ៕

No comments:
Post a Comment