Saturday, June 18, 2016

ស្វែងយល់ផ្នែកច្បាប់៖ ការបែងចែកនីតិ



គេបែងចែកនីតិជា២ផ្នែកគឺ នីតិជាតិ និង នីតិអន្តរជាតិ
I.នីតិជាតិ នីតិជាតិបែងចែកជាពីរផ្នែកគឹ នីតិសាធារណៈ និង នីតិឯកជន
១.នីតិសាធារណៈ
មានកម្មវត្ថុសម្រាប់គ្រប់គ្រង ការរៀបចំ និងការប្រព្រឹត្តទៅនៃអំណាចសាធារណៈ ព្រមទាំងទំនាក់ទំនងរវាងអំណាចសាធារណៈជាមួយប្រជារាស្រ្ត។
ឧទារហណ៍ៈ ច្បាប់រដ្ឋធម្មនុញ្ញ ជាច្បាប់គ្រឹះសម្រាប់កំណត់វិធានដែលពាក់ព័ន្ធ និងទម្រង់របស់រដ្ឋ ការបង្កើតរដ្ឋាភិបាល និងកំណត់អំពីអំណាចសាធារណៈ។
            ច្បាប់រដ្ឋបាលដែលជាវិធានពាក់ព័ន្ធទៅនិងការរៀបចំ ការគ្រប់គ្រងសមូហភាព​សាធារណៈ រដ្ឋបាលខេត្តក្រុង សេវាសាធារណៈ។ល។
            ប្រព័ន្ធច្បាប់ខ្លះ បានកំណត់យកច្បាប់ព្រហ្មទណ្ឌជាច្បាប់ដែលស្ថិតក្នុងនីតិសាធារណៈ ព្រោះគេយល់ថា កម្មវត្ថុនៃច្បាប់ព្រហ្មទណ្ឌគឹការពាររបៀបរៀបរយ និង សន្តិសុខសង្គម។
២.នីតិឯកជន
            ជាវិធានទាំងទ្បាយដែលគ្រប់គ្រងទំនាក់ទំនងរវាងបុគ្គលឯកជន ទាំងរូបវ័ន្តបុគ្គល និងនីតិ​បុគ្គល។       
            ច្បាប់ដែលចាត់ចូលក្នុងនីតិឯកជនមានដូចជា ច្បាប់រដ្ឋប្បវេណី ច្បាប់ការងារ ច្បាប់អាពាហ៍ ពីពាហ៍ ច្បាប់កិច្ចសន្យា។ល។
            ដោយទ្បែកច្បាប់ព្រហ្មទណ្ឌដែលជាវិធានទាក់ទងនិងទោស បទល្មើស ហើយសិទ្ធិផ្តន្ទា​ទោស គឺជាសិទ្ធិផ្តាច់មុខរបស់រដ្ឋ។ អង្គការចាត់តាំងរបស់រដ្ឋដែលមានសមត្ថកិច្ចត្រូវអនុវត្ត​ សិទ្ធិក្នុងនាមរបស់រដ្ឋ។ ច្បាប់បារាំងចាត់ទុកច្បាប់ព្រហ្មទណ្ឌឋិតក្នុងនីតិឯកជន ព្រោះច្បាប់ព្រហ្មទណ្ឌការពារបុគ្គល និងប្រឆាំងមិនឲ្យមានការប៉ះពាល់ដល់ជីវិត កិត្តិយស ទ្រព្យសម្បត្តិរបស់បុគ្គល។ ចំពោះច្បាប់ជប៉ុនវិញ ចាត់ទុកច្បាប់ព្រហ្មទណ្ឌស្ថិតក្នុងនីតិ​សាធារណៈ។ មតិខ្លះទៀតយល់ថា ច្បាប់ព្រហ្មទណ្ឌជាច្បាប់ចម្រុះ ដែលស្ថិតក្នុងនីតិសាធារណៈ​ផង នីតិឯកជនផង។
II.នីតិអន្តរជាតិ
          គឺជានីតិប្រើប្រាស់សម្រាប់ប្រភពអន្តរជាតិដែលចែងពីទំនាក់ទំនងរវាងរដ្ឋនឹងរដ្ឋ រវាងបុគ្គល នឹងបុគ្គល ដោយបែងចែកនីតិអន្តរជាតិសាធារណៈ និងអន្តរជាតិឯកជន។
១.នីតិអន្តរជាតិសាធារណៈ
ជានីតិដែលបែងចែកអំពីទំនាក់ទំនងរវាងរដ្ឋនឹងរដ្ឋ នឹងអង្គការអន្តរជាតិដូចជា សន្ធិសញ្ញា អនុសញ្ញា កិច្ចព្រមព្រៀង-ល-។
២.នីតិអន្តរជាតិឯកជន
ជាបទបញ្ញាត្តិដែលគ្រប់គ្រងសណ្តាប់ធ្នាប់អន្តរជាតិ ហើយដែលពាក់ព័ន្ធផ្ទាល់ទៅនឹងឯកជន រឺជាបទបញ្ញាត្តិដែលគ្រប់គ្រងទំនាក់ទំនងរវាងបុគ្គលឯកជននឹងបុគ្គលឯកជនជាអន្តរជាតិ ដូចជាច្បាប់ ស្តីពីសញ្ជាតិ រឺលក្ខខ័ណ្ឌន្តិកៈជនបរទេសជាដើម៕

No comments:

Post a Comment