លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត នាកោះពេជ្រ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។ RFA/Brach Chev |
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន សរសេរក្នុងហ្វេសប៊ុក (Facebook) របស់ខ្លួន នៅព្រឹកថ្ងៃទី៨ កក្កដា ថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកនេះ លោក ហ៊ុន សែន បានប្រកាសឲ្យទាត់ចោលនូវសេចក្ដីណែនាំរបស់ក្រសួងព័ត៌មាន ស្ដីពីការប្រើប្រាស់គោរមងារ "សម្ដេច" ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦។
ជាការបញ្ជាក់លើបទបញ្ជាឲ្យលុបចោលការណែនាំរបស់ក្រសួង ព័ត៌មាន លោក ហ៊ុន សែន ក៏សរសេរក្នុងហ្វេសប៊ុក របស់លោកថា រដ្ឋាភិបាលគ្មានការចាំបាច់តម្រូវឲ្យត្រូវតែសរសេរដាក់ឲ្យចំ គោរមងារទេ ប្រសិនបើអ្នកសារព័ត៌មានមិនចង់ប្រើ។ ប៉ុន្តែលោកស្នើដល់អ្នកសារព័ត៌មាន ឲ្យគោរពក្រមសីលធម៌ និងមានប្រភពព័ត៌មានច្បាស់លាស់ ចៀសវាងចែកចាយព័ត៌មានមិនពិត។
សេចក្ដីណែនាំរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី៦ ខែកក្កដា គឺជាការព្រមានចុងក្រោយ ដើម្បីចាប់បង្ខំឲ្យស្ថាប័នសារព័ត៌មានដែលមិនព្រមហៅគោរមងារ តាមការណែនាំរបស់ខ្លួន។ បន្ថែមពីនេះ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង ក៏ព្រមានពីលើថា ក្រសួងព័ត៌មាន នឹងបិទកម្មវិធីផ្សាយរបស់អង្គភាពសារព័ត៌មានណាដែលមិនប្រើគោរម ងារ "សម្ដេច" ក្នុងខែកក្កដា នេះផង។
កន្លងមកក្រសួងព័ត៌មានផ្ដល់ហេតុផលថា ការតម្រូវឲ្យហៅគោរមងារ "សម្ដេច" នេះ គឺធ្វើតាមសេចក្ដីស្នើសុំរបស់គណៈរដ្ឋមន្ត្រី ដើម្បីអនុវត្តតាមព្រះរាជក្រឹត្យតែងតាំងគោរមងាររបស់ព្រះមហាក្សត្រ។
ទោះបីជាមានការណែនាំរបស់ក្រសួងព័ត៌មាន កាលពីខែឧសភា ឲ្យហៅគោរមងារនេះក្ដី ក៏ស្ថាប័នសារព័ត៌មានមួយចំនួននៅមិនព្រមហៅតាមការណែនាំឡើយ ដែលក្នុងនោះរួមមានវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុបារាំងអន្តរជាតិ (RFI) វិទ្យុអាស៊ីសេរី (RFA) កាសែតភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post) កាសែតខ្មែរ ថែមស៍ (Khmer Times) និងព្រឹត្តិបត្រ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ជាដើម៕
2016-07-08 ដោយ អ៊ុង សេរីវុទ្ធ
No comments:
Post a Comment