Wednesday, July 6, 2016

គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​ធ្វើ​ពិធី​រំឭក​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦​កក្កដា​ឆ្នាំ​១៩៩៧

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ២០១៦ ៨៥៥
អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្ដាប់​មន្ត្រី​បក្ស​ថ្លែង​សារ​នា​ទីស្នាក់ការ​របស់​គណបក្ស​នៅ​សង្កាត់​ ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Leng Maly
គណបក្ស​នយោបាយ គ្រោង​ធ្វើ​ពិធី​រំឭក​ខួប ១៩​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ដើម្បី​រំឭក​ការ​ចងចាំ​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា។
អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ក្នុង​សង្កាត់​ ចាក់អង្រែលើ ខណ្ឌ​មានជ័យ ព្រឹក​ថ្ងៃ​ទី​៥ កក្កដា ថា ការ​ធ្វើ​ពិធី​រំឭក​
ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ នេះ នឹង​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​គណបក្ស​នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១៦។ លោក​ថា ឆ្លៀត​ក្នុង​ឱកាស​នោះ គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​អ្នក​នយោបាយ​ជំនាន់​ក្រោយ ត្រូវ​ជៀសវាង​ការ​យក​កម្លាំង ឬ​ការ​ប្រើ​អំពើ​ហិង្សា​មក​ប្រើប្រាស់​តតាំង​គ្នា​នាំ​ឲ្យ​ពលរដ្ឋ​រងគ្រោះ។
លោក យឹម សុវណ្ណ ថ្លែង​ថា «នៅ ​ថ្ងៃ​ទី​៦ ខែ​៧ គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​ធ្វើ​ពិធី​រំឭក​ខួប​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧។ ការ​រំឭក​ខួប​នេះ​ក្នុង​បំណង​ដើម្បី​ចងចាំ​ជានិច្ច​នូវ​ការ​ប្រព្រឹត្ត​ ហិង្សា​ក្នុង​ហិង្សា​នោះ។ សុំ​ឲ្យ​អ្នក​នយោបាយ​ជៀសវាង​ការ​ប្រើប្រាស់​អំពើ​ហិង្សា អំពើ​ឃោរឃៅ​ដ៏​ជូរ​ចត់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ត​ទៅ​ទៀត»
ទាក់ទង​នឹង​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​នេះ​ដែរ អតីត​មេទ័ព​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ គឺ​លោក ញឹក ប៊ុនឆៃ មាន​ប្រសាសន៍​ថា គណបក្ស​លោក​នឹង​ប្រារព្ធ​ពិធី​នេះ​នៅ​វត្ត​ចំបក់មាស ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​៦ កក្កដា ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧។ ពិធី​នេះ​នឹង​មាន​អ្នក​ចូលរួម​ភាគ​ច្រើន​ជា​ក្រុម​ចលនា​តស៊ូ​ដើម្បី​រួបរួម​ ជាតិ ដែល​ដឹក​នាំ​ដោយ​រូប​លោក​ផ្ទាល់។
ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា រាយការណ៍​ថា មនុស្ស​ប្រមាណ ៦០​នាក់ ត្រូវ​បាន​សម្លាប់​ក្រៅ​ច្បាប់​នៅ​ក្នុង​អំឡុង​ពេល​រដ្ឋ​ប្រហារ​គិត​ចាប់​ពី ​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​១៩៩៧ កាល​ពី ១៩​ឆ្នាំ​មុន។
អង្គការ​មិន​មែន​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង​យល់​ឃើញ​ថា វា​ជា​ព្រឹត្តិការណ៍​ដណ្ដើម​អំណាច​គ្នា​រវាង​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ នាយក​រដ្ឋមន្ត្រី​ទី​១ និង​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ទី​២ ដែល​បាន​ទម្លាក់​សម្ដេច​ក្រុម​ព្រះ​ពី​អំណាច ដោយ​ការ​បង្ហូរ​ឈាម​បាន​ជោគជ័យ។ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ការពារ​ថា វា​ពុំ​មែន​ជា​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​របស់​លោក​ទេ។
ទាក់ទង​នឹង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​នេះ លោក​អ្នក​នាង​នឹង​បាន​ស្ដាប់​សេចក្ដី​រាយការណ៍​ពិស្ដារ​អំពី​មូលហេតុ​ដែល​ នាំ​ឲ្យ​កើត​មាន​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ នៅ​ព្រឹក​ស្អែក៕
 2016-07-05 ដោយ ខែ សុណង

No comments:

Post a Comment