រថក្រោះរបស់កងទាហានស្មោះនឹងនាយករដ្ឋមន្ត្រីទី២ លោក ហ៊ុន សែន ក្នុងព្រឹត្តិការណ៍បង្ហូរឈាមកណ្ដាលក្រុងភ្នំពេញ នាថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧។AFP Photo |
ព្រឹត្តិការណ៍កាលពីថ្ងៃទី៥-៦
ខែកក្កដា ឆ្នាំ១៩៩៧ បានទាញឲ្យអ្នកអ្នកនយោបាយបកស្រាយផ្ទុយគ្នា។
អង្គការមិនមែនរដ្ឋាភិបាល និងគណបក្សប្រឆាំង សុទ្ធតែយល់ឃើញថា
វាជាព្រឹត្តិការណ៍ដណ្ដើមអំណាចគ្នារវាងបក្សនយោបាយធំៗពីរកាលណោះ
គឺគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា។
បើទោះជាមានការចោទប្រកាន់បែបនេះពីមជ្ឈដ្ឋានទូទៅ
ទាំង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីក្រោមបង្គាប់របស់លោក ថ្លែងការពារថា វាពុំមែនជាព្រឹត្តិការណ៍រដ្ឋប្រហាររបស់គណបក្សប្រជាជនកម្ពុជា ទេ ប៉ុន្តែហេតុការណ៍ដែលកើតឡើងពេលនោះ គឺគ្រាន់តែជាហេតុការណ៍ទប់ទល់សភាពការណ៍ពីកម្លាំងស្មោះត្រង់របស់ ហ៊្វុនស៊ិនប៉ិច ប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីក្រោមបង្គាប់របស់លោក ថ្លែងការពារថា វាពុំមែនជាព្រឹត្តិការណ៍រដ្ឋប្រហាររបស់គណបក្សប្រជាជនកម្ពុជា ទេ ប៉ុន្តែហេតុការណ៍ដែលកើតឡើងពេលនោះ គឺគ្រាន់តែជាហេតុការណ៍ទប់ទល់សភាពការណ៍ពីកម្លាំងស្មោះត្រង់របស់ ហ៊្វុនស៊ិនប៉ិច ប៉ុណ្ណោះ។
កាលពី ១៩ឆ្នាំមុន ចំថ្ងៃទី៥-៦
ខែកក្កដា ព្រឹត្តិការណ៍ផ្ទុះអាវុធកណ្ដាលទីក្រុងភ្នំពេញ
បង្កការភ័យខ្លាច និងជ្រួលច្របល់
ធ្វើឲ្យអ្នករស់នៅក្នុងរាជធានីនឹកភ្នកដល់ព្រឹត្តិការណ៍ខ្មែរក្រហម
ចូលក្រុងភ្នំពេញកាលពីឆ្នាំ១៩៧៥។
នៅតាមដងវិថី និងនៅជាយទីក្រុងភ្នំពេញ
គេឮសូរតែសំឡេងគ្រាប់ផ្លោងដាក់គ្នារវាងយោធាតស៊ូដែលស្មោះត្រង់
នឹងព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្ត្រីទី១
ប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច និងកងទ័ពស្មោះស្ម័គ្រនឹងលោក
ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីទី២
និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នៅពេលនោះ។
ក្រោយរដ្ឋប្រហារដោយយោធានោះមក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ
បានសាចទឹកដាក់គ្នាទៅវិញទៅមក។ លោក ហ៊ុន សែន កាលណោះចោទប្រកាន់ថា
មូលហេតុដែលនាំឲ្យមានព្រឹត្តិការណ៍ដែលឈានទៅដល់ការផ្ទុះអាវុធ
កណ្ដោលទីក្រុងភ្នំពេញនេះឡើង ដោយសារគណបក្សហ៊្វុនស៊ិនប៉ិច
របស់សម្ដេចក្រុមព្រះមិនស្មោះ
និងហ៊ានលួចយកកម្លាំងខ្មែរក្រហមដាក់អមខ្លួន។ លោកបន្តថា «យើងចោទសួរ រណឫទ្ធិ យកកម្លាំងខ្មែរក្រហម និងកម្លាំងអង្គភាពនានាដើម្បីអ្វី? យើងចោទសួរថា រណឫទ្ធិ យកអាវុធខុសច្បាប់ និងបង្កើនកម្លាំងប្រដាប់អាវុធមកភ្នំពេញធ្វើអ្វី? រណឫទ្ធិ
ឬអ្នកណាមិនដឹងទេបានបញ្ជាឲ្យឯកឧត្ដម ទា ចំរាត់
វាយយកឃ្លាំងគេហៅថា ឃ្លាំងកា៤
របស់ស្នងការបច្ចេកទេសក្រសួងការពារជាតិ»។
ផ្ទុយពីការចោទប្រកាន់នេះ
សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ មានបន្ទូលក្រោយព្រឹត្តិការណ៍ថា លោក
ហ៊ុន សែន
ទៅវិញទេដែលចង់ធ្វើរដ្ឋប្រហារផ្ដួលរំលំព្រះអង្គចេញពីអំណាច
ក្នុងឋានៈជានាយករដ្ឋមន្ត្រីទី១។
បើទោះជាបែបណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
នៅតែចាត់ទុកថា ព្រឹត្តិការណ៍យោធានៅពេលនោះ
គឺពុំមែនផ្ដើមចេញពីរូបលោកឡើយ ប៉ុន្តែហេតុការណ៍នេះ
គឺព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ
គឺជាអ្នកពាក់ព័ន្ធក្នុងសំណុំរឿងដ៏ហិង្សាមួយនេះ។ លោកបន្តថា «ខ្ញុំ
សូមច្បាប់ រណឫទ្ធិ ៥ថ្ងៃ។ ខ្ញុំចេញដំណើរនៅថ្ងៃទី១
ហើយខ្ញុំគ្រោងត្រឡប់នៅថ្ងៃទី៦។
អ៊ីចឹងតាមទម្លាប់ធម្មតានាយករដ្ឋមន្ត្រីទាំងពីរ
បើនាយករដ្ឋមន្ត្រីមួយទៅ នាយករដ្ឋមន្ត្រីមួយត្រូវចាត់ការទាំងអស់។
អ៊ីចឹងពេលហ្នឹងសិទ្ធិអំណាចស្ថិតនៅក្នុងដៃ រណឫទ្ធិ ទាំងអស់
ទាំងផ្នែករដ្ឋ និងផ្នែកកងទ័ព»។
បើទោះជាមានការចោទប្រកាន់បែបនេះពីលោក ហ៊ុន
សែន ក៏ដោយចុះ គេសង្កេតឃើញថា ក្នុងពេល
និងក្រោយព្រឹត្តិការណ៍បានផ្ទុះឡើង
មានមន្ត្រីយោធានៃគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច រាប់សិបនាក់
ត្រូវបានប្រហារជីវិតក្រៅច្បាប់។
មន្ត្រីសិទ្ធិមនុស្សនៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ
ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានឲ្យដឹងថា
ភាគច្រើននៃសាកសពជនរងគ្រោះដែលបានរកឃើញនៅតំបន់ពេជ្រនិល
នៅក្នុងខេត្តកំពង់ស្ពឺ នៅតាមដងផ្លូវជាតិលេខ៥
និងជុំវិញទីក្រុងភ្នំពេញ ស្លាប់ក្នុងដៃជាប់ចំណង
ដែលបញ្ជាក់អំពីការរងទារុណកម្មមុននឹងត្រូវប្រហារជីវិត។ បញ្ហានេះ
អង្គការសហប្រជាជាតិ ចាត់ទុកថា
វាគឺជាទម្រង់នៃអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
អតីតមន្ត្រីខុទ្ទកាល័យសម្ដេចក្រុមព្រះនរោត្តម
រណឫទ្ធិ ទទួលបន្ទុកផ្នែកព័ត៌មាន លោក គឹម សុខ រកឃើញថា
ព្រឹត្តិការណ៍បង្ហូរឈាមកាលពី ១៩ឆ្នាំមុន
គឺជារដ្ឋប្រហារយោធារបស់គណបក្សប្រជាជនកម្ពុជា។ លោកបន្តថា
មូលហេតុដែលនាំឲ្យកើតមានព្រឹត្តិការណ៍នេះឡើង ក្រោមហេតុផលមួយចំនួន
ដូចជាលោក ហ៊ុន សែន បារម្ភខ្លាចការចាញ់ឆ្នោតនៅឆ្នាំ១៩៩៨
ដែលជាអាណត្តិទី២។ បន្ថែមពីលើនេះ
មានមន្ត្រីជាន់ខ្ពស់ដែលស្និទ្ធនឹងព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ
មួយចំនួន ក្បត់នឹងព្រះអង្គ។ លោក គឹម សុខ យល់ឃើញថា
ស្ថិតក្រោមហេតុផលនេះហើយ
ដែលជំរុញនាំឲ្យមានព្រឹត្តិការណ៍រដ្ឋប្រហារយោធាកាលពីឆ្នាំ១៩៩៧
កើតឡើង។ លោកបន្តថា «មូលហេតុសំខាន់
គឺគណបក្សប្រជាជនកម្ពុជា
ហ្នឹងខ្លាចបាត់បង់អំណាចទាំងស្រុងនៅក្រោយការបោះឆ្នោតឆ្នាំ១៩៩៨។
ប្រសិនបើមិនបង្កើតព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ទេ អ្នកណាក៏ដឹងដែរការបោះឆ្នោតឆ្នាំ១៩៩៨ អាណត្តិទី២ ហ្នឹង ច្បាស់ជាគណបក្សហ៊្វុនស៊ិនប៉ិច ឈ្នះហើយ»។
គេហទំព័ររបស់ការិយាល័យឧត្ដមស្នងការអង្គការ
សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា រាយការណ៍ថា
មនុស្សប្រមាណ ៦០នាក់
ត្រូវបានសម្លាប់ក្រៅច្បាប់នៅក្នុងអំឡុងពេលរដ្ឋប្រហារ
គិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៩៧ កាលពី
១៩ឆ្នាំមុន។
ភាគច្រើននៃជនរងគ្រោះជាទាហាន មន្ត្រីយោធា
និងប៉ូលិសរបស់គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច។
ចំនួននេះមិនរាប់បញ្ចូលជីវិតជនស៊ីវិល
និងទាហានដែលបានស្លាប់ក្នុងការប្រយុទ្ធគ្នារវាងកងទ័ពស្មោះត្រង់
នឹងសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១
និងកងទ័ពស្មោះត្រង់នឹងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ នោះទេ។
សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ
ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី១ ខែកក្កដា នេះ
ព្រះអង្គបដិសេធក្នុងការផ្ដល់បទសម្ភាសន៍អំពីការទទួលខុសត្រូវ
ព្រឹត្តិការណ៍កាលពី ១៩ឆ្នាំមុន។
ព្រះអង្គមានបន្ទូលនៅពេលនេះតាមរយៈមន្ត្រីដែលស្និទ្ធនឹងព្រះអង្គ
ថា រឿងកន្លងផុតទៅអស់ពេលជាយូរឆ្នាំណាស់មកហើយ
ព្រះអង្គមិនចង់រំឭក ឬគាស់កកាយវាឡើងវិញទេ។
របាយការណ៍បន្តថា
ក្រៅពីមន្ត្រីដែលពុំមានឋានៈបុណ្យស័ក្ដិត្រូវសម្លាប់ហើយ
ក្នុងនោះក៏នៅមានមន្ត្រីជាន់ខ្ពស់របស់ហ៊្វុនស៊ិនប៉ិច
មួយចំនួនទៀតដូចជា លោកឧត្ដមសេនីយ៍ ចៅ សម្បត្តិ លោកឧត្ដមសេនីយ៍ ក្រូច
យឿម និងលោក ហូ សុខ ជាដើម។ លោក ហូ សុខ
ដែលមានតួនាទីជារដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ
និងជាមេបញ្ជាការក្រុមអង្គរក្សរបស់សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ
នាយករដ្ឋមន្ត្រីទី១ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៧ កក្កដា
ដោយកម្លាំងរបស់លោកនាយករដ្ឋមន្ត្រីទី២ ហ៊ុន សែន។ ការចាប់ខ្លួននេះ
នៅពេលលោកកំពុងដើរចេញពីផ្ទះរបស់ឯកអគ្គរដ្ឋទូតសិង្ហបុរី
ក្នុងក្រុងភ្នំពេញ។ ក្នុងថ្ងៃតែមួយ ពេលល្ងាច លោក ហូ សុខ
ត្រូវបានផ្ដាច់ជីវិតនឹងគ្រាប់កាំភ្លើង
ខណៈកំពុងជាប់ឃុំក្នុងបន្ទប់មួយក្នុងក្រសួងមហាផ្ទៃ។
ព្រឹត្តិការណ៍រដ្ឋប្រហារដែលបានអូសបន្លាយជិត
២០ឆ្នាំមកនេះ អ្នកស្លាប់ក្រៅប្រព័ន្ធច្បាប់រាប់ទាំងជនស៊ីវិល
និងយោធាផង ពុំមានអ្នកណាចេញមុខទទួលខុសត្រូវ
ឬរកយុត្តិធម៌ឲ្យនៅឡើយទេ។ សាច់ញាតិរបស់លោក ហូ សុខ
ម្នាក់ក្នុងចំណោមអ្នករងគ្រោះដទៃទៀតយល់ឃើញថា រហូតមកដល់ពេលនេះ
ថ្វីបើស្ថានការណ៍បានវិវឌ្ឍន៍កន្លងផុតទៅយូរឆ្នាំហើយក្ដី
ហេតុការណ៍កាលណោះនៅតែស្ថិតក្នុងចិត្តក្រុមគ្រួសារជនរងគ្រោះដូច
ហាក់នៅថ្មីៗនៅឡើយ។
ប៉ុន្តែគ្រួសារនៃអតីតមេបញ្ជាការក្រុមអង្គរក្សរបស់សម្ដេចក្រុម
ព្រះរូបនេះ យល់ឃើញថា ពួកគេមិនចង់រំឭកវាទៀតទេ
ព្រោះយុត្តិធម៌ដែលបានកប់ទៅជាយូរហើយនេះ មិនរំពឹងថានឹងបានឡើយ។
លោកស្រី ហូ គឹមសែ ដែលត្រូវជាប្អូនស្រីទី៨
ក្នុងចំណោមបងប្អូន ៩នាក់
បង្ហាញការសោកស្ដាយចំពោះការបាត់បង់ជីវិតរបស់លោក ហូ សុខ។
លោកស្រីមិនរំពឹងថានឹងទទួលបានយុត្តិធម៌ចំពោះឃាតកម្មលើបងប្រុស
លោកស្រីទេ។ ប៉ុន្តែអ្វីដែលក្រុមគ្រួសាររបស់លោក ហូ សុខ ទទូច
និងទាមទារចង់បានយុត្តិធម៌ពីរដ្ឋាភិបាលនោះ
គឺអ្នកនៅរស់សព្វថ្ងៃនេះវិញ។ បន្ថែមពីលើនេះ លោកស្រី ហូ គឹមសែ
បញ្ជាក់ថា ចាប់ពីបងប្រុស គឺលោក ហូ សុខ ត្រូវគេបាញ់សម្លាប់
ដីមួយកន្លែងនៅស្រុកស្អាង ខេត្តកណ្ដាល
ត្រូវបានមន្ត្រីរដ្ឋាភិបាលសហការជាប្រព័ន្ធ បានចូលកាន់កាប់
និងរំលោភធ្វើជាកម្មសិទ្ធិទល់សព្វថ្ងៃ។ លោកស្រីបន្តថា «ចង់
បានយុត្តិធម៌រឿងដីធ្លីរបស់គាត់ដែលគេបានយកហ្នឹង
ព្រោះដីហ្នឹងគាត់បានទិញដោយលុយរបស់គាត់ផ្ទាល់។ ដូច្នេះ
ប្រពន្ធកូនគាត់ចង់មកទាមទារសម្ដេចនាយកជួយ»។
ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំ
នៅកម្ពុជា
បានផ្ញើរបាយការណ៍ស្ដីពីលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួនចុះថ្ងៃ
ទី២១ ខែសីហា ឆ្នាំ១៩៩៩ ដាក់ទៅរដ្ឋាភិបាល។
នៅក្នុងរបាយការណ៍ពិស្ដារនោះ កំណត់ហេតុសង្ខេបមួយដែលមានចំណងជើងថា
ភស្តុតាងបញ្ជាក់អំពីការប្រហារជីវិតក្រៅច្បាប់ ការធ្វើទារុណកម្ម
និងការបាត់ខ្លួនពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៩៧
បានបរិយាយថា នៅចន្លោះថ្ងៃទី៥ ដល់ថ្ងៃទី៩ កក្កដា
សាកសពមនុស្សចំនួន ៤៦នាក់ ត្រូវបានទាហានរបស់គណបក្សប្រជាជនកម្ពុជា
ដឹកជញ្ជូនទាំងថ្ងៃទាំងយប់យកទៅទម្លាក់នៅក្នុងវត្តមួយក្នុង
ទីក្រុងភ្នំពេញ។
ក្រោយសភាពការណ៍បានវិលទៅរកប្រក្រតី
នាយករដ្ឋមន្ត្រីទី២ លោក ហ៊ុន សែន
បានទម្លាក់កំហុសឲ្យសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ដោយចោទថា
ព្រះអង្គបានដឹកអាវុធចូលខុសច្បាប់
និងនាំកម្លាំងខ្មែរក្រហមចូលទីក្រុងភ្នំពេញ ហើយកងកម្លាំងរបស់លោក
គ្រាន់តែជាអ្នកការពារខ្លួនប៉ុណ្ណោះ។ លោកបន្តថា «រណឫទ្ធិ
បានប្រកាសថា
ខ្ញុំធ្វើរដ្ឋប្រហារមុនពេលខ្ញុំចេញសេចក្ដីប្រកាសជាង ១២ម៉ោង។
ឥឡូវនេះ គឺខ្ញុំសូមជម្រាបថា
យើងខ្ញុំគ្មានការធ្វើរដ្ឋប្រហារអីណា។
បញ្ហាសំខាន់ដែលយើងខ្ញុំត្រូវដោះ គឺដោះស្រាយបញ្ហាអនាធិបតេយ្យ»។
ទោះបីជាយ៉ាងណា
មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ឲ្យដឹងថា
បើទោះជាមានរបាយការណ៍ថា នៅមុនពេលរដ្ឋប្រហារ គណបក្សហ៊្វុនស៊ិនប៉ិច
មានការចរចាជាមួយខ្មែរក្រហមក្តី ដូចគ្នានឹងគណបក្សប្រជាជនកម្ពុជា
ដែរនោះ មិនមានភស្តុតាងជាដុំកំភួនណាមួយបញ្ជាក់ថា
កងទ័ពខ្មែរក្រហមបានចូលមកជួយកងទ័ពរបស់សម្ដេចក្រុមព្រះនរោត្តម
រណឫទ្ធិ នៅអំឡុងពេលរដ្ឋប្រហារនោះទេ។ ផ្ទុយទៅវិញ
គេឃើញកងទ័ពខ្មែរក្រហមបានចូលមកជួយកងទ័ពដែលស្មោះត្រង់នឹងលោក
នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ឧទាហរណ៍ មានក្រុមខ្មែរក្រហមលោក ភុន ភាព
ជាដើម។
ចំណែកអតីតមន្ត្រីខុទ្ទកាល័យសម្ដេចក្រុមព្រះ
គឺលោក គឹម សុខ អះអាងថា
មូលហេតុដែលនាំឲ្យកើតមានព្រឹត្តិការណ៍រដ្ឋប្រហារដោយយោធា
គឺដោយសារលោក ហ៊ុន សែន ដែលពេលនោះជានាយករដ្ឋមន្ត្រីទី២
និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា
បារម្ភខ្លាចចាញ់ឆ្នោតក្នុងអាណត្តិទី២ ឆ្នាំ១៩៩៨។
តាមការស្រាវជ្រាវរបស់ការិយាល័យសិទ្ធិមនុស្ស
អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ទាហាន
និងមន្ត្រីនៃគណបក្សហ៊្វុនស៊ិនប៉ិច ដែលបានទម្លាក់អាវុធ
និងត្រូវបានចាប់ខ្លួន មិនត្រូវបានគេចាត់ទុកជាឈ្លើយសឹកឡើយ។
នៅអំឡុងពេលរដ្ឋប្រហារនោះ ឈ្លើយសឹករាប់សិបនាក់
ត្រូវបានសម្លាប់ដោយទាហានស្មោះត្រង់នឹងលោក ហ៊ុន សែន។
មន្ត្រីសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ
បញ្ជាក់ថា ទង្វើនេះជាឧក្រិដ្ឋកម្មសង្គ្រាម ដែលជនដៃដល់
និងអ្នកបញ្ជាត្រូវប្រឈមចំពោះមុខច្បាប់។ ទោះជាយ៉ាងណា ជិត
២០ឆ្នាំក្រោយរដ្ឋប្រហារដ៏បង្ហូរឈាមនេះ
ជនរងគ្រោះទាំងនោះនៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ៕
2016-07-05 ដោយ ម៉ម មុនីរតន៍
No comments:
Post a Comment