(ពីឆ្វេង) មន្ត្រីគណបក្សសង្គ្រោះជាតិ លោក ហុង សុខហួរ លោក មាជ សុវណ្ណារ៉ា និងលោក អ៊ុំ សំអាន។ |
តំណាងរាស្ត្រសហរដ្ឋអាមេរិក លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) កាលពីខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋកាលីហ្វ័រញ៉ា (California) បានសន្យាជាមួយពលរដ្ឋខ្មែរអាមេរិកាំង នៅក្នុងវេទិកាស្ដីពីទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក សម្រាប់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ថាលោកនឹងស្នើទៅគណៈកម្មការ ថម ឡាន់ធុស (Tom Lantos) ទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សដើម្បី
ឲ្យគណៈកម្មការនេះ ជំរុញឲ្យស្ថានទូតសហរដ្ឋអាមេរិក ប្រចាំក្នុងទីក្រុងភ្នំពេញ ដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងអ្នកទោសនយោបាយនៅទីនោះឲ្យមានសេរីភាពឡើងវិញ។
លោក អាឡាន់ ឡូវ៉ិនថល៖ «ខ្ញុំនឹងចាប់ផ្ដើមធ្វើកិច្ចការជាមួយនឹងគណៈកម្មការ ថម ឡាន់ធុស ដើម្បីជំរុញឲ្យមានការដោះលែងអ្នកដែលជាប់ទោសដោយអយុត្តិធម៌ ឬអ្នកទោសមនសិការតាមរយៈការស្នើឲ្យស្ថានទូតអាមេរិកនៅកម្ពុជា ព្យាយាមរកវិធីដោះលែងពួកគេមកវិញ។ វិធីដ៏ល្អបំផុតនោះ គឺតាមរយៈគណៈកម្មការ ថម ឡាន់ធុស»។
លោកបន្តថា លោកនឹងប្រាប់ដល់សហការីរបស់លោកទាំងអស់ឲ្យយកចិត្តទុកដាក់អំពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីឲ្យប្រាកដថា កម្ពុជាគ្មានការរំលោភសិទ្ធិមនុស្សខណៈការរំលោភសិទ្ធិមនុស្សនៅទីនោះកំពុងស្ថិតក្នុងចំណុចដ៏គួរឲ្យបារម្ភ។
យ៉ាងហោចណាស់មានអ្នកទោសមនសិការ ឬអ្នកទោសនយោបាយនៅកម្ពុជា ចំនួនជាង ២០រូប កំពុងស្ថិតក្នុងការឃុំឃាំង។ ក្នុងចំណោមអ្នកទាំងជាង ២០រូបនោះ មានពលរដ្ឋខ្មែរអាមេរិកាំង ពីររូប គឺលោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំង និងលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សប្រឆាំង។ ក្រៅពីនេះមានសកម្មជនគណបក្សប្រឆាំងជាង ១០រូប សកម្មជនដីធ្លី និងលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាពីខាងគណបក្សប្រឆាំងផងដែរ។
អាស៊ីសេរី នៅមិនទាន់អាចសុំប្រតិកម្មពីមន្ត្រីរដ្ឋាភិបាលកម្ពុជា បានទេ ជុំវិញការចោទប្រកាន់ថា កម្ពុជាកំពុងឃុំឃាំងអ្នកទោសនយោបាយជាច្រើននេះ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បដិសេធជាញយដងហើយថា កម្ពុជាគ្មានអ្នកទោសនយោបាយនោះទេ ប៉ុន្តែមានតែអ្នកទោសនយោបាយដែលជាប់ទោស៖ «ហើយខ្ញុំ ខ្ញុំប្រាប់ហើយថា កម្ពុជាអត់មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយជាប់ទោសព្រហ្មទណ្ឌ»។
មន្ត្រីផ្នែកស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា កម្ពុជាជាប្រទេសមួយដែលសន្យាជាមួយសហគមន៍អន្តរជាតិជាច្រើនថា ខ្លួនជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដូច្នេះកម្ពុជា ត្រូវគោរពការសន្យារបស់ខ្លួន៖ «កម្ពុជាយើងបានផ្ដល់សច្ចាប័នច្រើនជាងគេទៅលើបទដ្ឋានអន្តរជាតិ ដូចជាកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្ស និងបទដ្ឋានជាច្រើនទៀត»។
អង្គការការពារសិទ្ធិមនុស្ស រកឃើញថា ចាប់តាំងពីខែឧសភា ឆ្នាំ២០១៥ មករដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមវាយប្រហារជាទ្រង់ទ្រាយធំទៅលើក្រុមអ្នកហ៊ានរិះគន់របស់ខ្លួន។ ចាប់តាំងពីពេលនោះមកចំនួនអ្នកទោសនយោបាយនៅកម្ពុជា បានកើនឡើងយ៉ាងខ្លាំង ខណៈអាជ្ញាធរបានបង្កើតការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌទៅលើពួកគេ។ អ្នកទាំងនោះរួមមានព្រះសង្ឃសកម្មជនបរិស្ថានមន្ត្រីបក្សប្រឆាំងសកម្មជនដីធ្លី សមាជិករដ្ឋសភា និងសមាជិកព្រឹទ្ធសភាជាដើម។
កាលពីខែមេសា ឆ្នាំ២០១៧ អង្គការឃ្លាំមើលសេរីភាពពិភពលោក ហ្វ្រ៊ីដឹម ហៅស៍ (Freedom House) ដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក បានឲ្យចំណាត់ថ្នាក់កម្ពុជា ថាជាប្រទេសគ្មានសេរីភាពក្នុងចំណោមប្រទេសចំនួន ៤០ប្រទេសនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនេះ។
អង្គការអន្តរជាតិមួយនេះរកឃើញថា ពិន្ទុសេរីភាពរបស់កម្ពុជា បានធ្លាក់ចុះដូច្នេះ ដោយសារកម្ពុជា បន្តការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ និងការគំរាមកំហែងមិនឈប់ឈរទៅលើយកព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។
ក្រៅពីមានការរកឃើញថា កម្ពុជា មានការរំលោភសិទ្ធិមនុស្សតាមរយៈការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិនេះ កម្ពុជាក៏ទទួលនូវការចោទប្រកាន់ធ្ងន់ធ្ងរដែរថា កំពុងរំលោភយ៉ាងខ្លាំងទៅលើគោលការណ៍ប្រជាធិបតេយ្យ តាមរយៈការធ្វើទុក្ខបុកម្នេញខាងសេរីភាពផ្នែកនយោបាយ។
កាលពីថ្ងៃច័ន្ទ ទី១០ ខែកក្កដា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ចំនួន ៦៦រូប បានធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយជាលើកទីពីរ មិនឲ្យទណ្ឌិតមានសិទ្ធិពាក់ព័ន្ធនឹងកិច្ចការនយោបាយ។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានប្រតិកម្មភ្លាមៗក្រោយច្បាប់នេះត្រូវបានអនុម័ត។ លោក សម រង្ស៊ី បានជំរុញឲ្យលោក ហ៊ុន សែន កុំខ្ជះខ្ជាយពេលវេលាព្យាយាមសម្លាប់ជីវិតនយោបាយរបស់លោកតាមរយៈការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយដូច្នេះ។
លោក សម រង្ស៊ី បានស្នើឲ្យលោក ហ៊ុន សែន គួរប្រើប្រាស់ថាមពលរបស់លោកដើម្បីជំរុញឲ្យមានការបង្កើតច្បាប់ មានប្រយោជន៍ផ្សេងៗដើម្បីតម្រង់ដឹកនាំរបស់ប្រទេសកុំឲ្យមានការក្រឡាប់ចាក់ទៅវិញប្រសើរជាង។ លោកបន្តថា លោក ហ៊ុន សែន គួរបង្ហាញទស្សនវិស័យទំនើបក្នុងការអភិវឌ្ឍន៍សម្រាប់កម្ពុជា ជាជាងការបន្តចរិតកោងកាចដូចមេបញ្ជាការខ្មែរក្រហមដែលលោកធ្លាប់ដឹកនាំនោះ៕
ប្រភព៖ RFA Khmer
No comments:
Post a Comment