នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ Photo: RFA |
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ចាត់ទុកការអនុម័តវិសោធនកម្មលើកទីពីរលើច្បាប់ស្ដីពីគណបក្សនយោបាយរបស់តំណាងរាស្ត្រគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន កាលពីដើមសប្ដាហ៍នេះ
ថាកំពុងសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា ហើយលោករំពឹងថា
សហគមន៍អន្តរជាតិនឹងមិនឈរឱបដៃមើលឲ្យលោក ហ៊ុន សែន
ធ្វើអ្វី
ស្រេចតែអំពើចិត្តបាននោះទេ។លោក មួង ណារ៉េត៖ លោកធ្លាប់មានប្រសាសន៍ថា បើច្បាប់ស្ដីពីគណបក្សនយោបាយនេះចូលជាធរមាន នោះប្រជាធិបតេយ្យនឹងឈានដល់ទីអវសាន។ តើលោកយល់យ៉ាងដូចម្តេចទៅវិញ ចំពោះការអនុម័តច្បាប់ដែលរឹតត្បិតសិទ្ធិសេរីភាពនៃជីវភាពនយោបាយរបស់មនុស្សដូច្នេះ?
លោក ប៊្រែដ អាដាម៖ គ្មានអ្វីដែលត្រូវភ្ញាក់ផ្អើលនោះទេ! សារជាតិភាពដឹកនាំរបៀបផ្ដាច់ការ គឺគេធ្វើតែអ៊ីចឹងឯង! គេនាំគ្នាប្រជុំតែគ្នាគេ រួចលើកដៃអនុម័តច្បាប់តាមតែអំពើចិត្តរបស់ពួកខ្លួន។ បំណងរបស់គេ គឺចង់កម្ចាត់គូប្រកួតចេញពីសង្វៀន។ លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ធ្លាប់ប៉ុនប៉ងធ្វើឃាតលោក សម រង្ស៊ី ធ្លាប់ប៉ុនប៉ងចាប់គាត់ដាក់គុក។ មន្ត្រីជាន់ខ្ពស់ដទៃទៀតរបស់គណបក្សសង្គ្រោះជាតិ មានលោក កឹម សុខ អ្នកស្រី មូរ សុខហួរ និងសកម្មជនផ្សេងទៀត សុទ្ធតែរងគ្រោះដោយការប៉ុនប៉ងចង់កម្ចាត់គណបក្សសង្គ្រោះជាតិ នេះ។
ផលវិបាកធំជាងគេ គឺផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។ ពេលមានទណ្ឌកម្មសេដ្ឋកិច្ច អ្នកមានធំៗដូចជាឧកញ៉ាដែលជួយគណបក្សប្រជាជនកម្ពុជា នឹងបាត់បង់មុខរបរជំនួញរបស់ខ្លួន។ នេះជាប្រសាសន៍របស់លោក ប៊្រែដ អាដាមលោក មួង ណារ៉េត៖ តើមានប្រទេសណាខ្លះនៅលើលោកយើងនេះ ដែលអនុម័តច្បាប់បែបនេះដែរឬទេ?
លោក ប៊្រែដ អាដាម៖ ក្រៅពីប្រទេសកូរ៉េខាងជើង មួយ ខ្ញុំជឿថាគ្មានប្រទេសណានៅលើលោកយើងនេះ ធ្វើច្បាប់ខុសគេខុសឯងបែបនេះទេ។ គ្មានប្រទេសណាធ្វើច្បាប់ផ្តាច់ជីវិតនយោបាយរបស់មនុស្សបែបនេះនោះទេ។ ច្បាប់នេះមានលក្ខណៈប្រមាថដល់សិទ្ធិសេរីភាពរបស់មនុស្ស។ តាមរយៈការធ្វើច្បាប់នេះ លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បង្ហាញឲ្យគេឯងឃើញអំពីភាពអស់សង្ឃឹម និងភ័យលស់ព្រលឹង ព្រោះដឹងថាលោក សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ នឹងឈ្នះការបោះឆ្នោតឆ្នាំ២០១៨។ លោក ហ៊ុន សែន ចង់កម្ចាត់លោក សម រង្ស៊ី ឲ្យខាងតែបាន។ ប៉ុន្តែធ្វើដូច្នេះ ច្បាស់ជាទៅមិនរួចទេ។
លោក មួង ណារ៉េត៖ ម៉េចបានជាលោកថាធ្វើទៅមិនរួច?
លោក ប៊្រែដ អាដាម៖ ខ្ញុំថាធ្វើទៅមិនរួច គឺដោយសារគ្មាននរណាអាចឃាត់ឃាំងលោក សម រង្ស៊ី មិនឲ្យគាត់បញ្ចេញមតិលើហ្វេសប៊ុកបាននោះទេ។ គាត់នៅតែអាចកៀរគររកអ្នកគាំទ្រគាត់។ ទោះបីពលរដ្ឋខ្មែរបោះឆ្នោតរើសលោក សម រង្ស៊ី ឲ្យធ្វើជានាយករដ្ឋមន្ត្រីមិនបាននៅពេលនេះក្តី ប៉ុន្តែបើពួកគាត់បោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ ឲ្យជាប់ឆ្នោតឆ្នាំ២០១៨ ពេលនោះគណបក្សសង្គ្រោះជាតិ អាចលុបចោលច្បាប់នេះវិញ និងអាចឲ្យលោក សម រង្ស៊ី វិលត្រឡប់ទៅកាន់ប្រទេសកម្ពុជា វិញបានជាក់ជាមិនខាន។
លោក មួង ណារ៉េត៖ តើនេះជាជម្រើសល្អរបស់គណបក្សប្រជាជនកម្ពុជា ដែរឬទេ ដែលមិនដល់កន្លះឆ្នាំផង នាំគ្នាកែច្បាប់រឹតត្បិតគណបក្សសង្គ្រោះជាតិ រហូតដល់ទៅពីរដងយ៉ាងដូច្នេះ?
លោក ប៊្រែដ អាដាម៖ ជម្រើសនេះមិនមែនបង្ហាញពីភាពឆ្លាតវៃទេ តែបង្ហាញពីភាពល្ងីល្ងើរបស់គណបក្សប្រជាជនកម្ពុជា។ ច្បាប់នេះ គឺធ្វើដើម្បីសម្លាប់លទ្ធិប្រជាធិបតេយ្យ។ ពិភពលោកទាំងមូលនឹងសើចចំអកលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។
លោក មួង ណារ៉េត៖ សហគមន៍អន្តរជាតិក្រៅពីសើចចំអកលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា តើពួកគេអាចធ្វើបានអ្វីខ្លះដើម្បីទប់ស្កាត់ កុំឲ្យរឿងដូច្នេះចេះតែបន្តកើតមាន?
លោក ប៊្រែដ អាដាម៖ ខ្ញុំយល់ថា អ្វីដែលលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា កំពុងតែធ្វើនេះ គឺមិនមែនបង្ហាញពីភាពខ្លាំងទេ ប៉ុន្តែបង្ហាញពីភាពកម្សោយនៃរបបដឹកនាំរបស់លោក ហ៊ុន សែន។ ការធ្វើដូច្នេះ គឺបង្ហាញថា លោក ហ៊ុន សែន កំពុងស្ថិតក្នុងស្ថានភាពភ័យរអាខ្លាំង ព្រោះខ្លាចចាញ់ឆ្នោត។ ទង្វើបែបនេះនឹងធ្វើឲ្យសហគមន៍អន្តរជាតិងាយនឹងដាក់សម្ពាធលើរដ្ឋាភិបាលលោក ហ៊ុន សែន កាន់តែខ្លាំងជាងមុនទៅទៀត។ ខ្ញុំជឿថា សហគមន៍អន្តរជាតិនឹងបង្ហាញជំហររបស់ខ្លួន ហើយប្រាប់ទៅលោក ហ៊ុន សែន ថាបើលោកនៅតែបន្តធ្វើដូច្នេះ នោះការបោះឆ្នោតជាតិខាងមុខ នឹងក្លាយទៅជារឿងបាយឡុកបាយឡ។ ពួកយើងនឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះទេ ហើយមិនទទួលស្គាល់រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតបែបនេះ។
លោក មួង ណារ៉េត៖ តើកម្ពុជា នឹងរងផលវិបាកអ្វីខ្លះ បើសហគមន៍អន្តរជាតិធ្វើដូច្នេះមែន?
លោក ប៊្រែដ អាដាម៖ ផលវិបាកមានច្រើន។ ផលវិបាកធំជាងគេ គឺផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។ ពេលមានទណ្ឌកម្មសេដ្ឋកិច្ច អ្នកមានធំៗដូចជាឧកញ៉ាដែលជួយគណបក្សប្រជាជនកម្ពុជា នឹងបាត់បង់មុខរបរជំនួញរបស់ខ្លួន។ មិនតែប៉ុណ្ណោះ សហគមន៍អន្តរជាតិនឹងបិទទិដ្ឋាការ ឬវីសា (Visa) ដោយហាមមិនឲ្យអ្នកទាំងនោះធ្វើដំណើរចូលប្រទេសពួកគេថែមទៀតផង។ សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ (Donald Trump) ដែលជាមនុស្សមិនសូវចូលចិត្តផ្នែកការទូតស្រាប់ផង គាត់ច្បាស់ជាប្រើធម៌ក្តៅប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន ជាក់ជាមិនខាន។ ចំណែកសហគមន៍អឺរ៉ុប វិញ ខ្ញុំបានពិភាក្សាជាមួយរដ្ឋាភិបាលទាំងនោះរួចហើយ។ ឥឡូវនេះ ពួកគេចាត់ទុកលោក ហ៊ុន សែន ថាជាមេដឹកនាំផ្ដាច់ការ ដោយគ្មានមន្ទិលអ្វីទៀតទេ។ សហគមន៍អន្តរជាតិកំពុងរិះរកវិធានការចាត់ការលោក ហ៊ុន សែន ក្នុងរឿងនេះ។ សរុបសេចក្តីមក អ្វីដែលលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា កំពុងធ្វើនេះ គឺជាការយកសាំងចាក់ដុតខ្លួនឯង ព្រោះធ្វើហ្នឹង គឺបំផ្លាញលទ្ធិប្រជាធិបតេយ្យ។
លោក មួង ណារ៉េត៖ ការអនុម័តវិសោធនកម្មច្បាប់បន្ថែមនេះ រឹតត្បិតសិទ្ធិសេរីភាពរបស់លោក សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ ដែលអាចឈានទៅរំលាយគណបក្សនេះចោលបានទៀតផង ប្រសិនបើគណបក្សប្រជាជនកម្ពុជា ចង់ធ្វើ។ តើស្ថានភាពបែបនេះប៉ះពាល់អ្វីខ្លះដល់ការបោះឆ្នោតជាតិខាងមុខ? តើលោកគិតថាការបោះឆ្នោត អាចនឹងត្រូវអាក់ខានដែរឬទេ?តើគាត់ (លោក ហ៊ុន សែន) ចង់បន្សល់ទុកនូវកេរដំណែលអាក្រក់មួយក្នុងប្រវត្តិសាស្ត្រ ទុកឲ្យមនុស្សជំនាន់ក្រោយដៀលជេរគាត់ថាជាជនផ្ដាច់ការ ជាអ្នកបំផ្លាញប្រជាធិបតេយ្យ ឬយ៉ាងម៉េច? នេះជាប្រសាសន៍របស់លោក ប៊្រែដ អាដាម
លោក ប៊្រែដ អាដាម៖ ទោះអត់មានគណបក្សប្រឆាំងចូលរួម ក៏គណបក្សប្រជាជនកម្ពុជា នឹងរៀបចំឲ្យមានការបោះឆ្នោតមួយដែរ គឺធ្វើដូចនៅប្រទេសកូរ៉េខាងជើង ចិន និងវៀតណាម អ៊ីចឹង។ ប៉ុន្តែការបោះឆ្នោតបែបនេះជាការបោះឆ្នោតក្លែងក្លាយ ជាការបោះឆ្នោតធ្វើឲ្យតែគ្រប់កិច្ច។ ប៉ុន្តែខ្ញុំយល់ថា ពលរដ្ឋខ្មែរមិនល្ងង់ទេ។ ទោះបីគណបក្សសង្គ្រោះជាតិ គ្មានលោក សម រង្ស៊ី ក៏ម្ចាស់ឆ្នោតយល់ដឹងរឿងនេះអស់ហើយ។ ពួកគាត់នឹងមិនផ្លាស់ប្ដូរការគាំទ្រចំពោះគណបក្សប្រឆាំងនោះទេ។ ប្រសិនបើអត់មានគណបក្សសង្គ្រោះជាតិ ចូលរួមប្រកួតក្នុងការបោះឆ្នោត ប្រជាពលរដ្ឋនឹងធ្វើពហិការមិនទៅបោះឆ្នោត។ អាចមានអ្នកទៅបោះឆ្នោតខ្លះដែរ ប៉ុន្តែទៅមិនច្រើនទេ ព្រោះពួកគេមិនពេញចិត្ត។
លោក មួង ណារ៉េត៖ តើលោកគិតថា ហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជា ជ្រើសរើសយកវិធីព្យាបាទបែបនេះ?
លោក ប៊្រែដ អាដាម៖ រដ្ឋាភិបាលផ្ដាច់ការនៅលើពិភពលោក តែងតែជ្រើសរើសវិធីបែបនេះ ប៉ុន្តែជាទូទៅ គឺមិនដែលជោគជ័យទេ។ ពេលដែលរដ្ឋាភិបាលប្រព្រឹត្តបែបនេះ គឺជាសញ្ញាណបញ្ជាក់ថារបបផ្ដាច់ការជិតដាច់ខ្យល់ហើយ។ រឿងនេះធ្វើឲ្យខូចប្រយោជន៍គណបក្សប្រជាជនកម្ពុជា ខ្លួនឯងយ៉ាងដំណំ។ តាមរបាយការណ៍បញ្ជាក់ថា លោក ហ៊ុន សែន កំពុងមានជំងឺ។ បើដឹងថាខ្លួនគាត់ធ្លាក់ខ្លួនឈឺធ្ងន់ ហើយនៅតែប្រព្រឹត្តបែបនេះ តើនេះឬជាអ្វីដែលលោក ហ៊ុន សែន ចង់ឃើញជាកេរដំណែលរបស់គាត់? តើគាត់ចង់បន្សល់ទុកនូវកេរដំណែលអាក្រក់មួយក្នុងប្រវត្តិសាស្ត្រ ទុកឲ្យមនុស្សជំនាន់ក្រោយដៀលជេរគាត់ថាជាជនផ្ដាច់ការ ជាអ្នកបំផ្លាញប្រជាធិបតេយ្យ ឬយ៉ាងម៉េច? ខ្ញុំបន់កុំឲ្យគាត់បន្សល់កេរដំណែលអាក្រក់ដូច្នេះ។ ខ្ញុំសង្ឃឹមថាគាត់នឹងគិតឡើងវិញ។
លោក មួង ណារ៉េត៖ កាលណាលទ្ធិប្រជាធិបតេយ្យរងការបំផ្លាញ អំណាចផ្ដាច់ការនឹងនៅតែញាំញីប្រព័ន្ធនីតិរដ្ឋ ប្រជាពលរដ្ឋនឹងនៅតែជាជនរងគ្រោះ។ គណបក្សប្រឆាំងដែលជាតួអង្គមួយក្នុងការទប់ស្កាត់កុំឲ្យរដ្ឋាភិបាលជិះសេះលែងដៃ កំពុងរងការធ្វើទុក្ខបុកម្នេញកាន់តែខ្លាំង។ តើលោកយល់ថាសហគមន៍អន្តរជាតិ មានឥទ្ធិពលអ្វីក្នុងរឿងនេះដែរឬទេ?
លោក ប៊្រែដ អាដាម៖ ខ្ញុំតាមដានស្រុកខ្មែរយូរក្រែលល្មមដែលអាចដឹងច្បាស់ថា លោក ហ៊ុន សែន ចុះចាញ់សម្ពាធអន្តរជាតិ ដូចជាការព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ជាដើម។ យើងដឹងហើយថា លោក ហ៊ុន សែន មានលុយ និងអាវុធ។ លុយ និងអាវុធនេះ ធ្វើឲ្យលោក ហ៊ុន សែន អាចធ្វើព្យុះធ្វើភ្លៀង និងគំរាមមានសង្គ្រាមជាហូរហែតរៀងមក។ ប៉ុន្តែម្តងនេះ ពលរដ្ឋខ្មែរលែងល្ងង់ចាញ់សម្លុតគាត់ទៀតហើយ។ សារគំរាមបែបនេះលែងមានប្រសិទ្ធភាពទៀតហើយ។ ម្យ៉ាងទៀត មនុស្សច្រើនណាស់នៅស្រុកខ្មែរ សូម្បីតែឧកញ៉ាក្នុងជួរគណបក្សប្រជាជនកម្ពុជា ផង ក៏ពួកគេចាប់ផ្ដើមគិតពីអនាគតរបស់ពួកគេ មិនមែនអនាគតរបស់លោក ហ៊ុន សែន នោះទេ។ ដូច្នេះបើពួកគេនៅតែគាំទ្រលោក ហ៊ុន សែន ពួកគេប្រឈមនឹងបាត់បង់អ្វីៗគ្រប់យ៉ាង។
ពួកគេត្រូវចាំថា បើមានរដ្ឋាភិបាលថ្មីដែលស្អាតស្អំ ពេលនោះ អ្នកពុករលួយនឹងមិនរួចខ្លួនទេ រួមទាំងអ្នកដែលនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ផង។ ម្យ៉ាងទៀត លោក ហ៊ុន សែន ជាជនផ្ដាច់ការ ជាអ្នករំលោភសិទ្ធិមនុស្ស និងជាប់ពាក់ព័ន្ធអំពើឃាតកម្ម ដូច្នេះគាត់ត្រូវដឹងថា គាត់មិនអាចលេងល្បែងដដែលៗនេះបានទៀតទេ។ លោក ហ៊ុន សែន ត្រូវដឹងដែរថា គាត់មិនអាចនៅបន្តកាន់អំណាចរហូតអស់មួយជីវិតបាននោះទេ ហើយអ្នកមានធំៗ ក៏មិនតាមគាំទ្រគាត់រហូតនោះដែរ។ ប្រសិនបើលោក ហ៊ុន សែន ចង់ដុតបំផ្លាញស្រុកខ្មែរឲ្យរលាយដោយសារគាត់ចង់បន្តក្រាញអំណាចយូរតទៅទៀត ខ្ញុំជឿថា នឹងមានមនុស្សច្រើនណាស់នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ដែលកំពុងជួយលុយដល់គណបក្សនេះ ក៏នឹងមិនព្រមតាមគាត់នោះដែរ។
លោក មួង ណារ៉េត៖ ការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង គឺធ្វើឲ្យប្រជាពលរដ្ឋដែលគាំទ្រគណបក្សនេះចងកំហឹង ដែលអាចឈានទៅរកការតវ៉ា។ ពេលនោះរដ្ឋាភិបាលនឹងបង្ក្រាបពួកគាត់ ដោយយកលេសថារក្សាសន្តិភាព។ ការបង្ក្រាប គឺដើម្បីរក្សាអំណាចរបស់លោក ហ៊ុន សែន។ តើមានវិធីអ្វីដែលប្រសើរ និងអហិង្សាដើម្បីអាចចៀសរួចពីបញ្ហាទាំងអស់នេះបាន?
លោក ប៊្រែដ អាដាម៖ ពេលលោក ហ៊ុន សែន គំរាមថាមានសង្គ្រាម គេឯងនាំគ្នាអស់សំណើចគ្រប់គ្នា ព្រោះសង្គ្រាមអាចកើតឡើងបាន ទាល់តែមានទ័ពពីរបក្ស។ ប៉ុន្តែស្រុកខ្មែរ បក្សម្ខាងទៀតមានទ័ពមកពីណា? ទ័ពមានតែខាងបក្សលោក ហ៊ុន សែន ប៉ុណ្ណោះឯង។ ដូច្នេះ គាត់កំពុងតែស្រមើស្រមៃស្មានថាយុគសម័យនេះ ដូចសម័យរដ្ឋកម្ពុជា ហើយមើលទៅ។
លោក មួង ណារ៉េត៖ ប៉ុន្តែលោក ហ៊ុន សែន ព្រមានថា សង្គ្រាមមិនចាំបាច់តែមានអាវុធ ឬទ័ពឯណា គ្រាន់តែវាចាក៏អាចផ្ទុះសង្គ្រាមបានដែរ! តើលោកយល់យ៉ាងម៉េចទៅវិញក្នុងរឿងនេះ?
លោក ប៊្រែដ អាដាម៖ ការលើកឡើងបែបនេះ គឺអត់ទំនងទាល់តែសោះ។ ប្រជាធិបតេយ្យមិនអាចខ្ទប់មាត់គេមិនឲ្យនិយាយស្តីបាននោះទេ។ ពាក្យសម្ដីឯណាដែលកើតសង្គ្រាមបាននោះ! សិទ្ធិសេរីភាពក្នុងការនិយាយស្តី ជាផ្នែកមួយនៃជីវភាពនយោបាយ។ សម្ដី និងសង្គ្រាម គឺដូចទឹក និងប្រេង។ វាមិនត្រូវធាតុគ្នាទេ។ ប្រសិនបើលោក ហ៊ុន សែន ហ៊ានប្រើកម្លាំងប្រដាប់អាវុធឲ្យសម្លាប់អ្នកតវ៉ា គាត់នឹងក្លាយជាមេឃាតក។ ពេលនោះគេនឹងអូសកគាត់ទៅកាត់ទោស។ គណបក្សប្រឆាំងដូចជាមិនដែលធ្លាប់មានប្រវត្តិបង្កសង្គ្រាមនោះទេ។ ពួកគេប្រកាន់តែជំហរអហិង្សា ហើយតវ៉ាដោយសន្តិវិធីរាល់តែដងហ្នឹង។ ដូច្នេះ ពេលលោក ហ៊ុន សែន គំរាមថាមានសង្គ្រាមដើម្បីដោះស្រាយបញ្ហា ខ្ញុំជឿថាសូម្បីតែមន្ត្រីជាន់ខ្ពស់ជាច្រើនក្នុងជួររដ្ឋាភិបាលក៏មិនជឿ និងមិនយល់ស្របតាមគាត់នោះដែរ។ លោក ហ៊ុន សែន កំពុងស្ថិតក្នុងភាពឯកោខ្លាំងហើយនៅពេលនេះ។
លោក មួង ណារ៉េត៖ សូមអរគុណលោក ប៊្រែដ អាដាម ដែលបានចំណាយពេលវេលាឲ្យខ្ញុំសម្ភាស!
លោក ប៊្រែដ អាដាម៖ អរគុណច្រើន មិនអីទេ!
ប្រភព៖ RFA Khmer
No comments:
Post a Comment