សន្និសីទកាសែតរបស់ក្រុមបន្ទប់ស្ថានការណ៍ ដែលធ្វើនៅការិយាល័យអង្គការខុមហ្វ្រែល (COMFREL) នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧។ RFA/Van Vanndeth |
សមាជិកនៃបណ្ដុំអង្គការសង្គមស៊ីវិល បន្ទប់ស្ថានការណ៍ឆ្លើយតបថា អាចជាការយល់ច្រឡំចំពោះសកម្មភាពការងាររបស់ពួកគេ ដ្បិតការងារពួកគេចូលរួមសង្កេតការណ៍បោះឆ្នោត ដែលពុំមានចេតនា ឬផែនការអាក្រក់ចំពោះរដ្ឋាភិបាលឡើយ។
នៅក្នុងវេទិកាជាតិលើកទី២ ស្ដីពីការការពារ និងអភិរក្សធនធានធម្មជាតិ នៅព្រឹកថ្ងៃទី២២ ខែ
សីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ចំៗថា នឹងមិនអោយមានបន្ទប់ស្ថានការណ៍តទៅទៀត។
លោក ហ៊ុន សែន ថែមទាំងបានរិះគន់ចំពោះឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា លោក ហ្ស៊ច អេដហ្គា ( George EDGAR) ផងដែរថា ជាក្រុមដែលបានផ្ដល់ប្រាក់ទៅអោយបន្ទប់ ស្ថានការណ៍៖ «ខ្មែរទៅវាខ្មែរ ប៉ុន្តែបរទេសមួយចំនួនមកនៅទីនេះធ្វើអី? អ៊ីចឹងបានខ្ញុំអត់ចោលទេអាបន្ទប់ស្ថានការណ៍ អត់មានអោយកើតឡើងវិញទេ។ ឯកឧត្ដម អេដហ្គា (George EDGAR) ក្រុមពួកឯកឧត្ដមឯងហ្នឹងហើយ ក្រុមពួកផ្ដល់លុយអោយពួកបន្ទប់ស្ថានការណ៍។ អាបន្ទប់ស្ថានការណ៍មិនខុសពីទីបញ្ជាការសមរភូមិទេ។ រឿងអីអ្នកឯងត្រូវបង្កើតនៅកម្ពុជា? រដ្ឋមន្ត្រីមហាផ្ទៃ របស់ខ្ញុំ មិនអនុញ្ញាតអោយអ្នកឯងបង្កើតអាហ្នឹងនៅហ្នឹងទេ!»។
សំដៅទៅលើសកម្មភាពរបស់បន្ទប់ស្ថានការណ៍ លោក ហ៊ុន សែន ចាត់ទុកថា ជាក្រុមមានគោលដៅផ្ដួលរំលំរដ្ឋាភិបាល។ លោកបានព្រមានចំឈ្មោះគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ឬហៅថា ខុមហ្វ្រែល (COMFREL) និងប្រភពចំណូលរបស់អង្គការនេះ៖ «ឥឡូវខ្ញុំដឹងអ្នកណាទម្លាក់លុយអោយអាខុមហ្វ្រែ។ អ្នកណាទម្លាក់លុយអោយអ្នកណាខ្ញុំដឹង។ ប្រយ័ត្នណា៎! ច្បាប់ស្ដីពីបក្សនយោបាយអត់មានអោយអ្នកឯងមកពាក់ព័ន្ធ ហើយឥឡូវមានភស្តុតាងស្ដីអំពីផែនការផ្ដួលរំលំ ខ្ញុំសូមជម្រាប បើមិនជួយចូកជួយចែវ សុំទោស! កុំមកគំរាម ខ្លួនពួកអ្នកឯងមិនទាន់ស្អាតស្អំពេកនោះទេ ដើរវ៉ៃប្រហារគេ ដើរសម្លាប់គេ វាយប្រហារគេរួចហើយមកប្រដៅគេសិទ្ធិមនុស្សនៅកម្ពុជា»។
កាលពីថ្ងៃទី៤ កក្កដា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញលិខិតចាត់ទុកសកម្មភាពការងាររបស់បន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោតរបស់សង្គមស៊ីវិល នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ថាអនុវត្តផ្ទុយទៅនឹងបទប្បញ្ញត្តិនៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងបញ្ជាឲ្យក្រុមការងារនៃបន្ទប់ស្ថានការណ៍ បញ្ឈប់សកម្មភាពរបស់ខ្លួន។ ការប្រកាសនេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យលោក ស ខេង ពិនិត្យផ្លូវច្បាប់ចំពោះបន្ទប់ស្ថានការណ៍ ដែលលោក ហ៊ុន សែន ចាត់ទុកថា មាននិន្នាការគាំទ្របក្សប្រឆាំង ក្រោយពីបន្ទប់ស្ថានការណ៍វាយតម្លៃថា ការបោះឆ្នោតឃុំ-សង្កាត់ កាលពីពេលកន្លងទៅនៅមិនទាន់មានភាពសេរី និងត្រឹមត្រូវពេញលេញនៅឡើយ។
មន្ត្រីផ្នែកអង្កេតនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោក កន សាវាង្ស លើកឡើងថា រដ្ឋាភិបាលអាចមានយល់ច្រឡំចំពោះសកម្មភាពរបស់បន្ទប់ស្ថានការណ៍ដែលពុំមានចេតនាមិនល្អណាមួយឡើយ។ លោកទទូចអោយមានការជួបជជែកគ្នារវាងអង្គការសង្គមស៊ីវិល និងតំណាងរដ្ឋាភិបាលពីបញ្ហានេះ។ លោកថា ប្រសិនបើសង្គមស៊ីវិលមិនត្រូវបានគេអនុញ្ញាតឲ្យប្រមូលផ្តុំគ្នាដើម្បីឃ្លាំមើលដំណើរការបោះឆ្នោតនៅឆ្នាំ២០១៨ ទេ នឹងបណ្ដាលឲ្យមានការលំបាកច្រើន ជាពិសេសនៅពេលមានបញ្ហាកើតឡើង គឺខ្វះសាក្សីដឹងឮ និងជួយបញ្ជាក់ប្រាប់ដល់សាធារណជន ដើម្បីបញ្ចៀសការទាញយកចំណេញរបស់អ្នកនយោបាយម្ខាងៗ។
លោក កន សាវាង្ស៖ «គណបក្សមួយគេថា គេឈ្នះ គណបក្សមួយទៀតគេថា គេឈ្នះ អ៊ីចឹងអ្វីដែលជាការចូលរួមក្នុងការមើល ក្នុងការបង្ហាញទៅសាធារណជន គឺជាសង្គមស៊ីវិលហ្នឹងហើយដែលជាការចូលរួម ជាការបង្ហាញ។ ក្នុងរបបប្រជាធិបតេយ្យគឺសង្គមស៊ីវិលហ្នឹងមិនអាចខ្វះខាតបានទេ គឺត្រូវតែមានការចូលរួម ដែលជាភ្នែកជាច្រមុះ ហើយបើសិនជារដ្ឋាភិបាលថា មិនគួរអោយមានហ្នឹងជាមុខមាត់របស់រដ្ឋាភិបាល ព្រោះសង្គមស៊ីវិល មិនមែនជាអាជ្ញាធរមានសមត្ថកិច្ចទេ សង្គមស៊ីវិលគ្រាន់តែជាកញ្ចក់មួយដែលបង្ហាញរដ្ឋាភិបាលថា ដំណើរការមួយវាដើរដល់ណាមានចំណុចខ្វះខាតយ៉ាងម៉េច»។
ចំណែកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក ហ្ស៊ច អេដហ្គា ឆ្លើយនឹងសំណួររបស់អាស៊ីសេរី តាមសារអេឡិចត្រូនិក (E-mail) ថា កន្លងទៅសហភាពអឺរ៉ុបមានគោលដៅផ្ដល់ការគាំទ្រទៅដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប ដើម្បីរៀបចំការបោះឆ្នោត ដែលនឹងឆ្ពោះទៅរកដំណើរការបោះឆ្នោតដែលពេញដោយទំនុកចិត្ត។ លោកថា ការសង្កេតការណ៍បោះឆ្នោតដោយឯករាជ្យ មានតួនាទីសំខាន់ក្នុងការចូលរួមកិច្ចការក្នុងបរិបទនេះ ដោយផ្ដល់នូវការធានាបន្ថែមទៀតពីគុណភាពនៃដំណើរការបោះឆ្នោត និងស្របតាមគោលការណ៍ប្រជាធិបតេយ្យ។
លោក ហ្ស៊ច អេដហ្គា៖ «នៅពេលណាដែលមានក្រុមអង្គការសង្គមស៊ីវិលជាច្រើនចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោត គឺវាមានន័យសម្រាប់ពួកគេ ដោយពួកគេសហការគ្នាដើម្បីបញ្ចៀសធ្វើកិច្ចការត្រួតគ្នា និងធានាថា អ្វីដែលពួកគេបានវាយតម្លៃ គឺចេញពីព័ត៌មានដែលមានភស្តុតាងគ្រប់គ្រាន់ពេញលេញ»។
ចំណែកអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានលើកឡើងនៅក្នុងរបាយការណ៍បញ្ចប់បេសកកម្មលើកទី៤ របស់អ្នកស្រីដោយស្វាគមន៍កិច្ចសហការរបស់បន្ទប់ស្ថានការណ៍ដែលសង្កេតការណ៍ដំណើរការបោះឆ្នោតក្នុងឆ្នាំ២០១៧។ អ្នកស្រីថា បន្ទប់ស្ថានការណ៍មិនមែនជាអង្គការមិនមែនរដ្ឋាភិបាលតែមួយនោះទេ ដែលមិនមានកាតព្វកិច្ចទៅតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលឡើយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ក៏ធ្លាប់ស្នើឲ្យរដ្ឋាភិបាលលុបចោលបទបញ្ជាបិទបន្ទប់ស្ថានការណ៍ ដោយអង្គការនេះថា ជាចេតនារបស់រដ្ឋាភិបាល ដើម្បីពង្រីកការរឹតត្បិតលើការងាររបស់សង្គមស៊ីវិល ដែលឃ្លាំមើលដំណើរការបោះឆ្នោត មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ មកដល់៕
ប្រភព៖ RFA Khmer
No comments:
Post a Comment