Friday, August 25, 2017

ក្រសួង​ការបរទេស​អាមេរិក​ពិចារណា​រឹត​បន្តឹង​លើ​ការ​ផ្ដល់​ទិដ្ឋាការ​ដល់​កម្ពុជា

បេក្ខភាព​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) មក​ពី​គណបក្ស​សាធារណរដ្ឋ ថ្លែង​ក្នុង​ពេល​ថ្ងៃ​បោះឆ្នោត​នា​ទីក្រុង​ញូវយ៉ក (New York) ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo AFP
បេក្ខភាព​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) មក​ពី​គណបក្ស​សាធារណរដ្ឋ ថ្លែង​ក្នុង​ពេល​ថ្ងៃ​បោះឆ្នោត​នា​ទីក្រុង​ញូវយ៉ក (New York) ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo AFP
 រដ្ឋបាល​អាមេរិក​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) កំពុង​ពិចារណា​ថ្លឹងថ្លែង​ដាក់​ទណ្ឌកម្ម ឬ​រឹតត្បិត​លើ​ការ​ផ្ដល់​ទិដ្ឋាការ​ធ្វើ​ដំណើរ​ដល់​កម្ពុជា។ ការ​ពិចារណា​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ក្រសួង​សន្តិសុខជាតិ ស្នើ​ឲ្យ​ក្រសួង​ការបរទេស​អាមេរិក ចាត់​វិធានការ​ដាក់​ទណ្ឌកម្ម​ដល់​ប្រទេស​កម្ពុជា និង​ប្រទេស​ចំនួន​បី​ផ្សេង​ទៀត​រួមមាន ប្រទេស​អេរីត្រេ (Eritrea) ប្រទេស​ហ្គីណេ (Guinea) និង​ប្រទេស​សេរ៉ាឡេអូន (Sera Leone) ដោយសារ​តែ​ប្រទេស​ទាំងនោះ​ «រឹង​ទទឹង» មិន​ព្រម​ទទួល​យក ឬ​ព្យាយាម​ពន្យារ​ពេល​ការ​ធ្វើ​មាតុភូមិ​និវត្ត​ពលរដ្ឋ​របស់​ខ្លួន​ដែល​ត្រូវ​សហរដ្ឋ​អាមេរិក​ចាប់​បញ្ជូន​មក​វិញ ដោយសារ​តែ​ពួកគេ​បាន​ប្រព្រឹត្តិ​ល្មើសច្បាប់។
បណ្ដាញ​សារព័ត៌មាន​អាមេរិក ស៊ីអិនអិន (CNN) ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ សីហា ថា បច្ចុប្បន្ន​ក្រសួង​ការបរទេស​អាមេរិក កំពុង​ពិភាក្សា​កំណត់​អំពី​គោលការណ៍ និង​វិសាលភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម​រឹតត្បិត​ការ​ផ្ដល់​ទិដ្ឋាការ​នេះ។ យ៉ាងណាក៏ដោយ គេ​នៅ​មិន​ទាន់​ដឹង​ប្រាកដ​នៅ​ឡើយ​ទេ​ថា តើ​គោលការណ៍​នៃ​ការ​រឹតត្បិត​នេះ នឹង​មាន​វិសាលភាព​កំណត់​លើ​ប្រភេទ​ទិដ្ឋាការ​ណាខ្លះ ឬ​សំដៅ​ជា​ពិសេស​ចំពោះ​មន្ត្រី​រដ្ឋាភិបាល ឬ​ពលរដ្ឋ​សាមញ្ញ​ទូទៅ​នោះ​នៅ​ឡើយ​ទេ។
ក្រោម​ច្បាប់​សហព័ន្ធ​អាមេរិក រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក អាច​សម្រេច​បញ្ឈប់​មិន​ចេញ​ទិដ្ឋាការ​គ្រប់​ប្រភេទ ឬ​ទិដ្ឋាការ​ជាក់លាក់​ណាមួយ​ដល់​ប្រទេស​ទាំងនោះភ្នាក់ងារ​សារព័ត៌មាន​អាមេរិក អេ.ភី (AP) ឲ្យ​ដឹង​កាល​ពីថ្ងៃទី២៤ សីហា ថា លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក ធីល្លឺសុន (Rex Tillerson) ទំនង​ជា​នឹង​មិន​ដាក់​បម្រាម​ដល់​គ្រប់​ប្រភេទ​ទិដ្ឋាការ​នោះ​ទេ តែ​ការ​ដាក់​ទណ្ឌកម្ម​នេះ អាច​សំដៅ​តែ​ចំពោះ​មន្ត្រី​រដ្ឋាភិបាល និង​ក្រុម​គ្រួសារ​របស់​មន្ត្រី​ទាំងនោះ​ប៉ុណ្ណោះ ដូច​ដែល​សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​អនុវត្ត​នា​ពេល​កន្លង​ទៅ។
ការ​រឹត​បន្តឹង​លើ​ការ​ផ្ដល់​ទិដ្ឋាការ​ដោយ​សហរដ្ឋអាមេរិក​នេះ ធ្វើ​ឡើង​ភ្លាមៗ​តែ​ប៉ុន្មាន​ថ្ងៃ ក្រោយ​ពេល​ដែល​មាន​ព័ត៌មាន​ថា អាជ្ញាធរ​ខ្មែរ​បាន​សម្រេច​បញ្ឈប់​មិន​ផ្ដល់​ឯកសារ​ធ្វើ​ដំណើរ​ដល់​ពលរដ្ឋ​កម្ពុជា ដែល​ត្រូវ​សហរដ្ឋអាមេរិក​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ។ សហរដ្ឋអាមេរិក​នឹង​មិន​អាច​ចាប់​បញ្ជូន​ជនអន្តោប្រវេសន៍​ដើម​កំណើត​ខ្មែរ ដែល​បាន​ប្រព្រឹត្តិ​ខុស​ច្បាប់​ទាំង​នោះ​មក​កម្ពុជា​វិញ​បាន​ទេ ប្រសិន​បើ​ពុំ​មាន​កិច្ច​ព្រមព្រៀង​មាតុភូមិ​និវត្ត ឬ​កិច្ចសហការ​ពី​អាជ្ញាធរ​ខ្មែរ​ក្នុង​ការ​ចេញ​ឯកសារ​ធ្វើ​ដំណើរ​ដល់​ពលរដ្ឋ​ទាំងនោះ ឬ​ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា ចេញ​មុខ​បដិសេធ​មិន​ទទួល​យក ឬ​ទទួល​ស្គាល់​ជនអន្តោប្រវេសន៍​ដើម​កំណើត​ខ្មែរ​ទាំង​នោះ។
កាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ស្នើសុំ​រដ្ឋាភិបាល​អាមេរិក​ធ្វើ​វិសោធនកម្ម​លើ​កិច្ចព្រមព្រៀង​បញ្ជូន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ ដែល​ជាប់​ទោស​នៅ​អាមេរិក​ត្រឡប់​មក​កម្ពុជា​នេះ។ បច្ចុប្បន្ន​ភាគី​ទាំងពីរ​កំពុង​ពិភាក្សា​គ្នា​អំពី​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​ត្រូវ​កែ​សម្រួល។
ក្រោម​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​សហរដ្ឋអាមេរិក ស្ដីពី​ការ​ធ្វើ​មាតុ​ភូមិនិវត្តន៍​ពលរដ្ឋ​ខ្មែរ​ពី​សហរដ្ឋអាមេរិកមក​កម្ពុជា​វិញ ដែល​បាន​អនុវត្ត​អស់​រយៈពេល​ជិត ១៥​ឆ្នាំ​មក​នេះ មាន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​មិន​តិច​ជាង ៥៥០​នាក់​ទេ ​ដែល​បាន​ប្រព្រឹត្តិ​ល្មើស​នៅ​សហរដ្ឋអាមេរិក ត្រូវ​រដ្ឋាភិបាល​សហរដ្ឋអាមេរិកចាប់​បញ្ជូន​មក​កម្ពុជា​វិញ។ ស្ថិតិ​ចេញ​ផ្សាយ​ដោយ​ភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​គយ (ICE) នៃ​ក្រសួង​សន្តិសុខជាតិ​អាមេរិក​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ២០១៦ កន្លង​ទៅ មាន​ជនជាតិ​ខ្មែរ​ចំនួន ៧៤​រូប ត្រូវ​បាន​ចាប់​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ៕
ប្រភព៖ RFA Khmer

No comments:

Post a Comment