Wednesday, December 6, 2017

រដ្ឋាភិបាល​ប្រកាស​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​មាន​ទោស​និង​រស់​នៅ​ខុស​ច្បាប់​ពី​អាមេរិក

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) ជួប​ពិភាក្សា​គ្នា​នៅ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of U.S. Embassy Phnom Penh's facebook page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) ជួប​ពិភាក្សា​គ្នា​នៅ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of U.S. Embassy Phnom Penh's facebook page
រដ្ឋាភិបាល​កម្ពុជា ​បាន​ប្រកាស​យល់ព្រម ទទួលយក​ពលរដ្ឋ​ខ្មែរដែល​ធ្លាប់​មានទោស និង​អ្នក​ទៅ​រស់នៅ​ខុសច្បាប់​ទាំងអស់​មក​កម្ពុជា​វិញ ក្រោយ​ពេល​អាមេរិក បាន​ផ្អាក​ចេញ​ទិដ្ឋាការ​ដល់​មន្ត្រីជាន់ខ្ពស់ និង​ក្រុម​គ្រួសារនៃ​ក្រសួង​ការបរទេស​កម្ពុជា ដើម្បី​ព្រមាន​ឲ្យ​កម្ពុជា​ ទទួល​យក​ពលរដ្ឋ​ខ្មែរ​មាន​ទោស​នៅ​អាមេរិក​មក​វិញ។
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​ទី​៦ ធ្នូ​ នេះ បាន​ប្រកាស​ថា កម្ពុជា​យល់ព្រម​ទទួល​យក​​ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​មាន​ទោស និង​អ្នក​ទៅ​រស់នៅ​សហរដ្ឋអាមេរិក ខុសច្បាប់​ក្រោយ​ឆ្នាំ​១៩៩៤ ត្រឡប់​មក​កម្ពុជា​វិញ។

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ជាង ១​ម៉ឺន​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ធ្នូ លោក ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ថា កម្ពុជា និង​អាមេរិក​ នឹង​ឈាន​ដល់​កិច្ចព្រមព្រៀង​ថ្មី​មួយ ដើម្បី​ទទួល​ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ដោយ​ខុស​ច្បាប់​ក្រោយ ឆ្នាំ​១៩៩៤ ហើយ ស្នើ​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ឈប់​ប្រថុយប្រថានទៅ​រស់នៅ​សហរដ្ឋអាមេរិក៖ «ប៉ុន្តែ​ឥឡូវនេះ​ខាង​ភាគី​អាមេរិក ក៏បាន​ស្នើ​ឲ្យ​យើង​ទទួលយក​ជនជាតិ​កម្ពុជា ដែល​បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ក្រោយ ឆ្នាំ​១៩៩៤ ថែមទៀត។ បងប្អូន​ខ្មែរ​យើង​ដែល​ទៅ​រស់នៅ​អាមេរិក​ក្រោយ​ឆ្នាំ ១៩៩៤ ឥឡូវ​អាមេរិក គេ​ចង់​បញ្ជូន​ត្រឡប់​មក​វិញ ខ្ញុំ​បាន​ប្រាប់ សម្ដេច​ក្រឡាហោម ស ខេង ថា យើង​ត្រូវ​ពិចារណា​ហើយ​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​សហរដ្ឋអាមេរិក ដើម្បី​ទទួលយក​បងប្អូន​យើង​មក​កាន់​មាតុ​ប្រទេស​វិញ»
លោកនាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក​ ពិចារណា​លើ​ការ​ផ្ដល់​ថ្លៃ​សម្រាប់​ការ​ដឹកជញ្ជូន និង​ការ​រស់នៅ​ដំណាក់កាល​ដំបូងរបស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ត្រូវ​បាន​បញ្ជូន​មកវិញ​នោះ​ដើម្បី​ធានា​ដល់​ការរស់នៅ​របស់​ពួកគេ។
ទោះជា​យ៉ាងណាក៏ដោយ ​អ្នកវិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការទទួលយក​ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​មានទោស និង​អ្នក​រស់នៅ​ខុសច្បាប់នៅ​សហរដ្ឋអាមេរិក​នេះ​គឺ​ដោយសារ​អាមេរិក បាន​បិទ​ទិដ្ឋាការ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស​មិន​អោយ​ចូល​សហរដ្ឋអាមេរិក៖ «អត់​មានរឿង​ឆ្លាត​វៃ​អី​ទេ វា​ជា​រឿង​សំពាធ​របស់​សហរដ្ឋអាមេរិក។ ឃើញ​ជាក់ស្ដែង​គឺ​មិន​ចេញ​ទិដ្ឋាការ (Visa) ឬ​ទិដ្ឋាការ​អោយ​ចូល​សហរដ្ឋ អាមេរិក​ចំពោះ​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស​កម្ពុជា ហើយ​ក៏​សមស្រប​នឹង​គោលនយោបាយ​របស់​អាមេរិក​ក្នុង​ការ​បញ្ជូន​ទណ្ឌិត​បរទេស​ទៅ​ប្រទេស​រៀងៗ​ខ្លួន»
លោក​បញ្ជាក់​ថា គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​មាន​ការ​ផ្លាស់ប្ដូរ​ទៅតាម​អាណត្តិ​នៃ​ប្រធានាធិបតី​សហរដ្ឋអាមេរិក។ សម្រាប់​អាណត្តិ នេះ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បើក​យុទ្ធនាការ​បញ្ជូន​រាល់​ជាតិ​សាសន៍​ទាំងឡាយ​ណា​ដែល​ធ្លាប់​មាន​ទោស​អាមេរិក ឬ​រស់នៅ​ខុសច្បាប់​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួកគេ​វិញ។
កម្ពុជា-អាមេរិក មាន​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ក្នុង​ការ​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ទៅ​រស់នៅ​អាមេរិក​ក្នុង​អំឡុង ទសវត្សរ៍​ឆ្នាំ​៧០-៨០ ហើយ​បាន​ប្រព្រឹត្ត​ទោស​នៅ​ទីនោះ ប៉ុន្តែ​កាល​ពី​ពេល​ថ្មីៗ​នេះ​កម្ពុជា និង​អាមេរិក​បាន​កែប្រែ​លក្ខខណ្ឌ​នៃ​ការ​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ទាំងឡាយ​ណា​ដែល​ទៅ​រស់នៅ​សហរដ្ឋអាមេរិក ​ក្រោយ​ឆ្នាំ​១៩៩៤​ ថែមទៀត។
រហូត​មក​ទល់​ពេលនេះ ក្រុម​មន្ត្រី​ខ្មែរ​កំពុង​សម្ភាសន៍​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ដែល​ត្រូវ​បញ្ជូន​ត្រឡប់​មក​វិញ ខណៈ​មនុស្ស​មួយ​ចំនួន​កំពុង​សម្រាក​ព្យាបាល​ជំងឺ​សិន។
អាមេរិក​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ៦០០​នាក់​ហើយ មក​កាន់​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ ២០០២ ក្រោយ​ពី​ប្រទេស​ទាំងពីរ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា។ កន្លង​មក រដ្ឋាភិបាល​កម្ពុជា ធ្លាប់ បាន​ស្នើ​អាមេរិក​ធ្វើការ​កែប្រែ​លើ​លក្ខន្តិកៈ មួយ​ចំនួន​លើ​កិច្ច​ព្រមព្រៀង ស្ដីពី​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ​ការ​ស្នើ​នេះ គ្មាន​ប្រសិទ្ធភាព​នោះ​ឡើយ។
រហូត​មក​ទល់​ពេលនេះ យ៉ាងហោចណាស់​មាន​ពលរដ្ឋ​ខ្មែរ​ប្រហែល ៧០​នាក់​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង​របស់​ភ្នាក់ងារ​អន្តោប្រវេសន៍ និង​គយ​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​រង់ចាំ​ការ​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ។
ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ភ្នាក់ងារ​អន្តោប្រវេសន៍ និង​គយ​របស់​អាមេរិក​បាន​ឃុំខ្លួន​ពលរដ្ឋ​ខ្មែរ​ជាង ១​រយ​នាក់ ខណៈ​ភ្នាក់ងារ​នេះ​កំពុង​រៀបចំ​លិខិត​ស្នាម​ពី​កម្ពុជា​ដើម្បី​បញ្ជូន​ពួកគេ​ពី សហរដ្ឋអាមេរិក៕
ប្រភព៖ RFA Khmer

No comments:

Post a Comment